ខេត្តសៀមរាប កាលពីថ្ងៃទី១៦ខែមិនាឆ្នាំ២០១៦នេះលោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប និងជាប្រធានគណៈកម្មការរដ្ឋបាល អញ្ជើញជាអធិបតីភាពក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃ ការវិនិច្ឆ័យ ស្ថិតនៅក្នុងភូមិពោធិបុស្ស ភូមិស្វាយព្រៃ ភូមិគោកក្រសាំង និង ភូមិកន្ត្រក ក្នុង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួម ពីសំណាក់ឯ.ឧ លោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ អង្គភាព ដែលមានការពាក់ព័ន្ធ និង បងប្អូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដីយ៉ាងអញ្ជើញចូលផងដែរ។ លោក សូរ ប្លាតុង អភិបាលនៃគណៈអភិបាលក្រុងសៀមរាប បានមានប្រសាសន៍ថា ការបិទផ្សាយជាសាធារណៈនូវ ឯកសារនៃការវិនិច្ឆ័យដែលរួមមានប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដីនាពេលនេះគឺមានចំនួន៤,៤៦៤ ក្បាលដីគឺជាលទ្ធផលនិងជាសក្ខីភាពដែលបានបញ្ជាក់ប្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាថា ការចុះ បញ្ជីដីមានលក្ខណៈជាប្រព័ន្ធគឺដើម្បីកាត់បន្ថយទំនាស់និងភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
លោកបាន បញ្ជាក់ថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រប័ន្ធនេះគឺឈានទៅដល់ការផ្ដល់ប័ណ្ណកម្មសិទ្ធិដែលត្រូវបានការពារ ដោយច្បាប់និងធានាដោយរដ្ឋ ដោយគ្មានជនណាម្នាក់ត្រូវបានគេដកហូតកម្មសិទ្ធិនេះបានឡើយ ។ ក្នុងនោះដែរលោក ប៉ូយ ស៊ីឡាំង អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាបបានមានប្រសាសន៍បញ្ជាក់ថាក្បាលដីចំនួន៤ភូមិដែលស្ថិតនៅក្នុងសង្កាត់ ស្វាយដង្គំដែលនឹងត្រូវបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ(ប្លង់សូរិយោដី និងបញ្ជីឈ្មោះ ម្ចាស់ដី) គឺដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋពិនិត្យ ផ្ទៀងផ្ទាត់ និងបញ្ជាក់ពីភាពត្រឹមត្រូវ ឬខុសឆ្គង ដែលត្រូវកែតម្រូវឬជំទាស់នាពេលនេះគឺមានភូមិពោធិបុស្សមានចំនួន៦៨៧ក្បាលដី.ភូមិស្វាយព្រៃ មាន ចំនួន១,០៣២ក្បាលដី .ភូមិគោកក្រសាំង មានចំនួន៨៨៤ក្បាលដី និងភូមិកន្ត្រក មានចំនួន១,៨៦១ ក្បាលដី ដែលសរុបក្បាលដីទាំងអស់មានចំនួន៤,៤៦៤ក្បាលដី ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះផងដែរ លោក លី សំរិទ្ធ អភិបាលរងខេត្ត សៀមរាបនិងជាប្រធានគណៈកម្មការរដ្ឋបាលបានមានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីមានលក្ខណៈ ជាប្រព័ន្ធគឺធ្វើឡើងដើម្បីផ្ដល់ប័ណ្ណកម្មសិទ្ធិជូនទៅឲ្យបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី ឬអ្នកកាន់កាប់ដី ក្នុងកំឡុងពេលបិទផ្សាយនេះ ម្ចាស់ដី ឬ អ្នកកាន់កាប់ដីអាចធ្វើការកែតម្រូវ ឬដាក់ពាក្យបណ្តឹងជំទាស់ តវ៉ាបានប្រសិនបើពិនិត្យទៅឃើញថា មានកំហុសឆ្គងដោយត្រូវដាក់ពាក្យស្នើសុំ ឬជំទាស់តវ៉ាចូលមក គណៈកម្មការរដ្ឋបាលទៅអោយមន្ត្រីដែលប្រចាំការនៅកន្លែងបិទផ្សាយ ហើយចំពោះរាល់ចំងល់ផ្សេងៗ ឬក្នុងករណីដែលបងប្អូនមិនចេះអក្សរ ឬមើលមិនច្បាស់ មន្ត្រីប្រចាំការនឹងធ្វើការពន្យល់បកស្រាយ រាល់ការមន្ទិលសង្ស័យ ឬចំងល់ផ្សេងៗ និងទទួលនូវពាក្យបណ្តឹងតវ៉ា ហើយធ្វើការសំរុះសំរួលតាមការ ព្រមព្រៀងដោយគណៈកម្មការរដ្ឋបាល ។ ក្នុងនោះដែរ លោក លី សំរិទ្ធ ក៍បានសម្ដែងការអបអរសាទរនិងកោតសរសើរ ដល់មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និង សុរិយោដីខេត្តសសៀមរាបដែលបានខិតខំប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកប័ណ្ណកម្មសិទ្ធិជូនដល់ ប្រជាពលរដ្ឋ តាមបណ្ដាសង្កាត់នានា ក្នុងក្រុងសៀមរាបផងដែរ ។
លោក លី សំរិទ្ធ ក៍បានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតដល់បងប្អូនប្រជាពលរដ្ឋថា ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ ជូនប្រជាពលរដ្ឋ ដែលជាម្ចាស់ដី ឬអ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធ អញ្ជើញចូលរួមពិនិត្យ ផ្ទៀងផ្ទាត់មើលឲ្យបានគ្រប់គ្នា ក្នុងរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៦ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦ ដោយគិតទាំងថ្ងៃបុណ្យ និងថ្ងៃឈប់សំរាក នៅក្នុងបរិវេណវត្តចក ៕ ដោយគឿនវេត ![02935.MTS_snapshot_00.05_[2016.03.17_07.31.24]](https://i0.wp.com/khemaradaily.com/wp-content/uploads/2016/03/02935.MTS_snapshot_00.05_2016.03.17_07.31.24.jpg?resize=448%2C336&ssl=1)



































