ខេត្តបន្ទាយមានជ័យនៅវេលាម៉ោង១២រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៦ នេះកំលាំងកងរាជអាវុធហត្ថស្នាក់ការ៥៦៨និងកំលាំងអាវុធហត្ថក្រុងប៉ោយប៉ែតមួយក្រុមបានធ្វើការចុះល្បាតក្នុងភូមិសាស្ត្រទីប្រជុំជនក្រុងប៉ោយប៉ែតស្រាប់តែប្រទះឃើញជនសង្ស័យម្នាក់កំពុងជួញដូរគ្រឿងញៀនមានឈ្មោះ ខ្នុយ ស្នាក់នៅក្រុងប៉ោយប៉ែតអាវុធហត្ថឆែកក្នុងខ្លួនជនសង្ស័យបានរកឃើញគ្រឿងញៀនប្រភេទខេទឹកកកមួយកូនថង់តូច។ ក្រោយពីធ្វើការសាកសួរឈ្មោះ ខ្នុយ រួចមកឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់បន្ថែមទៀត ១/ឈ្មោះ ទី ប៉ោ និង២/ឈ្មោះ ឃឹម សៅលិញ ទាំង២នាក់នេះរស់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អ្នកទាំង២នាក់ត្រូវអាវុធហត្ថឆែកឆេរក្នុងខ្លួនបានរកឃើញថ្នាំញៀនប្រភេទខេទឹកកក៤កូនថង់តូចទៀត សរុបប្រភេទថ្នាំមេតំហ្វេតាមីន៦ថង់តូចស្មើនិង៧.៧ក្រាមនិងកេតតាមីន (ខេហិត)២កូនថង់តូចស្មើនិង១.៧៥ក្រាម និងថ្នាំក្រវី១គ្រាប់ ជនសង្ស័យទាំង៣នាក់ក្រោយពីអាវុធធ្វើការឃាត់ខ្លួនហើយនោះត្រូវបានបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការសាកសួរ។
លោកវរះសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលបន្ទុកផ្នែកគ្រឿងញៀនបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់បានឆ្លើយសារភាពនៅមុខអាវុធហត្ថថា ពួកខ្លួនទាំង៣នាក់ពិតជាបានទិញគ្រឿងញៀនទាំងអស់នោះយកមកទុកក្នុងបន្ទប់ទុកសំរាប់លក់ឲ្យភ្ញៀវដែលរកទិញ។ លោកវរ:សេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ទៀតថាក្រោយពីបានចំលើយសារភាពពីជនសង្ស័យទាំង៣នាក់នោះរួចមកត្រូវបានកំលាំងអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕



































