ភ្នំពេញ៖ បុរស២នាក់បានរងរបួសធ្ងន់ស្រាលខណៈកំពុងជិះមកដល់ចំណុចស្ដុបផ្លូវបែកជាបួនក៏ត្រូវរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបុកចំពេញទំហឹង កាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី១៧ខែឧសភាឆ្នាំ២០១៤ តាមបណ្ដោយផ្លូវម៉ៅសេទុងកែងផ្លូវលេខ២០៥ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុមានបុរស២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BT-8909
តាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីកើតទៅលិច ខណៈមកចំណុចស្ដុបផ្លូវបែកជាបួនក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាក ពណ៌បើកតាមបណ្ដោយផ្លូវលេខ២០៥ ទិសដៅជើងទៅត្បូងក្នុងល្បឿនលឿនបានបុកម៉ូតូជនរងគ្រោះចំពេញទំហឹងបណ្ដាលប៉ើងទាំងមនុស្សទាំងម៉ូតូជាង១០ម៉ែត្រដួលបោកនិងថ្នល់រងរបួសធ្ងន់ស្រាល ចំណែករថយន្តបង្កបន្ទាប់ពីបង្កហេតុបានបន្ថែម
ល្បឿនបើករត់គេចបាត់ស្រមោល។ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសាមុយរបស់មន្ទីរពេទ្យឯកជនដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំបងប្អូនជនរងគ្រោះមកទទួលយកត្រឡប់ទៅវិញ៕