ភ្នំពេញ ៖ រថយន្ត២គ្រឿងបុកគ្នាពេញទំហឹងនៅចំណុចផ្លូវបែកជាបួនបណ្ដាលអោយរថយន្តទាំងពីររងការខូចខាតទាំងសងខាង សំណាងគ្មានមនុស្សរងរបួស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីវេលាម៉ោង១១ និង១០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ២០១៤នៅចំណុចផ្លូវព្រះសីហនុ កែងនិងផ្លូវ១០៥ ស្ថិតនៅក្នុងសង្កាត់ បឹងកេងកង២ ខណ្ឌចំការមន។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តកាមរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2K-3714 បើកដោយបុរសម្នាក់រួមដំណើរជាមួយនារីម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ផ្លូវកែងលេខ១០៥ ក៏បានវ៉ាក់អឺជាមួយនិងរថយន្តមួយគ្រឿងម៉ាកតូយូតាព្រូស ពណ៌ស្ករ ពាក់
ស្លាកលេខ ភ្នំពេញ2Y-1593ដែលបើកដោយបុរសម្នាក់ បានធ្វើដំណើរតាមផ្លូវ១០៥ ក្នុងទិសដៅត្បូងទៅជើងបណ្តាលឱ្យរថយន្តតូយូតាព្រូសជ្រុលទៅបុកនិងរថយន្តកាមរីឆ្លាមចំពាក់កណ្តាលយ៉ាងពេញទំហឹងបណ្តាលរងការខូចខាតយ៉ាងដំណំហើយចំណែករថយន្តតូយូតាព្រូសរងការខូចខាតខ្ទិចមួយកំណាត់មុខផងដែរ ។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ ហើយម្ចាស់រថយន្តទាំងពីរបានធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿងនៅកន្លែងកើតហេតុ៕