ខេត្តសៀមរាប៖ សិស្សានុសិស្សប្រមាណជា ៧ ០០០នាក់ នៃបណ្តាសាលារដ្ឋចំនួន៥ក្នុងក្រុងសៀមរាប បានជួបនិងទទួលបាននូវការអប់រំសុខភាពមាត់ធ្មេញ ពីក្រុមការងារសមាគមទន្តពេទ្យកម្ពុជា ក្នុងឱកាសអបរអរសាទរចំពោះទិវាសុខភាពមាត់ធ្មេញពិភពលោក(២០មិនា) ក្រោម
ប្រធានបទ សុខភាពមាត់ធ្មេញល្អ រាងកាយមាំមួន ។រយៈពេល២ថ្ងៃ (ថ្ងៃទី១៨ និង ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៦) ជាមួយនឹងឱកាសអបអរសាទរ ទិវាសុខភាពមាត់ធ្មេញពិភពលោក(២០មិនា) ក្រោមប្រធានបទ(សុខភាពមាត់ធ្មេញល្អ រាងកាយមាំមួន) ក្រុមការងាររបស់សមាគមទន្តពេទ្យកម្ពុជាប្រមាណជាជាង៤០នាក់ បានចុះធ្វើសកម្មភាពអប់រំជូនដល់ក្មួយៗសិស្សានុសិស្សនៅតាមបណ្តាគ្រឹះស្ថានសិក្សារបស់រដ្ឋនានាក្នុងក្រុងសៀមរាប ក្នុងនោះរួមមានសាលាបឋមសិក្សានិងអនុវិទ្យាល័យចំនួន៥ ។បើតាមការផ្តល់បទសម្ភាសន៍ជាមួយភ្នាក់ងារបណ្តាញទូរទស្សន៍បាយ័នព័ត៌មាន(BTV) កញ្ញាទន្តបណ្ឌិត យ៉ាំ សូលីតា ប្រធានសមាគមទន្តពេទ្យកម្ពុជា បានបញ្ជាក់ប្រាប់ថា ៖ រយៈពេល២ថ្ងៃ នៃការចុះជួបអប់រំផ្សព្វផ្សាយអំពីការថែទាំសុខភាពមាត់ធ្មេញ និងចែកជូនថ្នាំដុសធ្មេញ-ច្រាសដុះធ្មេញផងនោះ គឺមានសិស្សកុមារនិងសិស្សវ័យជំទង់ទាំង២ភេទប្រមាណជាជាង ៧០០០នាក់ បានទទួលនូវការអប់រំនេះ ។ កញ្ញាទន្តបណ្ឌិត យ៉ាំ សូលីតា បញ្ជាក់ឲ្យដឹងថា ៖ ការប្រារព្ធទិវាសុខភាពមាត់ធ្មេញពិភពលោកឆ្នាំ២០១៦នេះ គឺជាឆ្នាំទី២ ដែលបានធ្វើឡើងនៅប្រទេសកម្ពុជា ដែលជាក់ស្តែងនៃការធ្វើឡើងនៅខេត្តសៀមរាប គឺត្រូវបានស្ថិតក្នុងកិច្ចសហការរវាងសហព័ន្ធទន្តពេទ្យពិភពលោក( fdi ) សមាគមទន្តពេទ្យកម្ពុជា , ក្រុមហ៊ុន Unilever Signal និង មន្ទីរសុខាភិបាលខេត្តសៀមរាប ។
កញ្ញាទន្តបណ្ឌិតប្រធានក្រុមការងារធ្វើសកម្មភាពអបអរទិវាសុខភាពមាត់ធ្មេញពិភពលោក បានបញ្ជាក់បន្ថែមថា ៖ នៅលើពិភពលោក គេប្រារព្ធពិធីនេះតាំងតែពីឆ្នាំ២០០៧ ។ សកម្មភាពនេះត្រូវបានផ្តល់ការអប់រំជូនដល់សាធារណជនទូទៅ ដែលជាពិសេសនោះគឺសំដៅទៅលើកុមារ ពីព្រោះការថែទាំសុខភាពមាត់ធ្មេញគឺត្រូវយកចិត្តទុកដាក់ដោយចាប់ផ្តើមពីវ័យកុមារ ។ កញ្ញាទន្តបណ្ឌិតរូបនេះ បានពន្យល់ថា ៖ ការជ្រើសរើសយកថ្ងៃទី២០ ដើម្បីប្រារព្ធទិវានេះ គឺលេខ២០ តំណាងចំនួនធ្មេញព្រៃឬធ្មេញទឹកដោះរបស់កុមារ (ខាងលើ១០ និងខាងក្រោម១០) ។
កញ្ញាបានពន្យល់បន្ថែមថា៖ ការកំណត់យកថ្ងៃទី២០ខែមិនា ដើម្បីប្រារព្ធទិវានេះ ក៏មានមួយផ្សេងទៀតផងដែរ ។ ជាអន្តរជាតិគឺគេនិយាយថា ៖ ខែមិនាឬខែ៣ ថ្ងៃទី២០ គឺជាទិវាសុខភាពមាត់ធ្មេញពិភពលោក ។ ដូច្នេះ បើគេសរសរលេខ ខែ-ថ្ងៃនោះ គឺស្មើនឹងលេខ ៣២០ ។ លេខ៣២ខាងដើម គឺស្មើនឹងចំនួនធ្មេញរបស់មនុស្សពេញវ័យ (ខាងលើ១៦ ខាងក្រោម១៦ ) ចំណែកឯលេខសូន្យ(០) គឺមានន័យថា ធ្មេញពុំមានជម្ងឺពុកធ្មេញ ធ្មេញគ្មានជម្ងឺដង្កូវស៊ី គឺធ្មេញដែលមានសុខភាពល្អ ដែលនាំឲ្យរាងកាយរឹងមាំ បំពេញសម្រស់នៃស្នាមញញញឹមរបស់មនុស្សគ្រប់រូប ៕




































