ខេត្តសៀមរាប៖ ផ្លូវមួយខ្សែ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានផ្តល់ជូន ដល់ ប្រជាពលរដ្ឋនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប ដែលមានប្រវែង ១ពាន់៦២០ម៉ែត្រ ក្រោយពេលធ្វើការសិក្សារាល់ផលប៉ះពាល់របស់មន្ទីរជំនាញមក
ត្រូវបានឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្ត រួមទាំងអស់លោក លោកស្រីជានាយករដ្ឋបាលខេត្ត នាយកទីចាត់ការហិរញ្ញវត្ថុ ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ចៅសង្កាត់ មេភូមិ ចុះធ្វើការពិនិត្យ និងរៀបចំបើកការដ្ឋាន កាលពីរសៀលថ្ងៃទី១៩មីនា ឆ្នាំ២០១៦។តាមសេចក្តីរាយការណ៍របស់លោក កង ចន័្ទត្រា អនុប្រធានមន្ទីរសាធារណការនឹងដឹកជញ្ជូនខេត្ត បានឲ្យដឹងថា ផ្លូវមួយខែ្សប្រវៃង ១ពាន់៦២០ម៉ែត្រនេះ ក្នុងការចុះសិក្សាពីផលប៉ះពាល់ ដើមី្បបើកផ្លូវមួយខ្សែនេះ ធ្វើ ទៅតាមស្ថានភាពផ្លូវដែលអាចបើកបាន មាន៣ទំហំ ក្នុងនោះផ្លូវប្រវែង ១៨០ម៉ែត្រ ដែលមានទទឹង៨ម៉ែត្រ ត្រូវធ្វើការចាក់ផ្លូវប្រភេទបេតុង មានទទឹង០៧ម៉ែត្រ និង ផ្លូវប្រវែង ១ពាន់២៣០ម៉ែត្រ មានទទឹង ១៥ម៉ែត្រ ធ្វើការចាក់ផ្លូវកៅស៊ូ ប្រភេទ DBSTមានទទឹង ១១ម៉ែត្រ និង ផ្លូវប្រវែង ២១០ម៉ែត្រមានទទឹង ១០ម៉ែត្រ ធ្វើការចាក់ផ្លូវប្រភេទបេតុងមានទទឹង៨ម៉ែត្រ ហើយកំណាត់ផ្លូវបឹងដូនប៉ានេះចេញពីផ្លូវក្រោយវត្តព្រះឥន្ធកោសីយ៍មកភ្ជាប់នឹងផ្លូវ៦០ម៉ែត្រ ហើយត្រូវបានក្រុមជំនាញបច្ចេកទេសបានធ្វើការវាស់វែងកំណត់អ័ក្សបានរួចរាល់ព្រមទាំង រៀបចំបើកការដ្ឋានស្ថាបនាតែប៉ុណ្ណោះ ។ក្នុងនោះដែរលោកបណ្ឌិតឃឹម ប៊ុនសុងក៏បានគូសបញ្ជាក់ថា ផ្លូវមួយខែ្សនេះគឺជាអំណោយរបស់សម្តេច នាយករដ្ឋមន្ត្រី បានជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិបឹងដូនប៉ាក្នុងឱកាសដែលសម្តេចអញ្ជើញចុះត្រួតពិនិត្យ និង កាត់ឆ្វៀលដីនៅក្នុងតំបន់បុរីវប្បធម៌ទេសចរណ៍នាឆ្នាំ២០១៥ ។ ការយឺតយ៉ាវនេះក៏ដោយការសិក្សារបស់ ក្រុមជំនាញបច្ចេកទេស ក្នុងកំណត់ទំហំផ្លូវដែលមានលក្ខណៈខុសគ្នា ហើយដើមី្បជៀសវាងនូវរាល់ការប៉ះពាល់ ដល់លំនៅដ្ឋានរបស់បងប្អូនគណៈកម្មការបច្ចេកទេសក៏បានសម្រេចយកទៅតាមទំហំផ្លូវជាក់ស្តែងដែលមាន។ លោកបណ្ឌិតឃឹមប៊ុនសុងក៏បានធ្វើការក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន ត្រូវតែបន្តធ្វើការសម្របសម្រួលជាមួយប្រជាពលរដ្ឋដែលមានដីលំនៅដ្ឋានជាប់នឹងដងផ្លូវនេះ ដើមី្បងាយស្រួលដល់ក្រុមកងវិស្វកម្មនៃមន្ទីរសាធារណការ ក្នុងការស្ថាបនាផ្លូវឲ្យបានហើយមុនរដូវវស្សាចូលមកដល់ខាងមុខនេះ។ម៉្យាងទៀតនៅពេលយើងបាន ផ្លូវមួយខ្សែនេះ ក៏ជាការជួយសម្រួលបញ្ជៀសនូវការកកស្ទះចរាចរណ៍នៅក្នុងក្រុងហើយក៏ជាសរសៃឈាមនៃវិស័យទេសចរណ៍សម្រាប់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដើរទស្សនាកម្សាន្ត នៅតាមភូមិដ្ឋានរបស់ប្រជាពលរដ្ឋយើងទៀតផង ។ក្នុងនោះឯកឧត្តមបណ្ឌិតក៏បានឲ្យដឹងផងដែរថាតម្រូវការបញ្ហាផ្លូវនៅក្នុងក្រុងសៀមរាប ក្រោយការបើកការដ្ឋានផ្លូវនេះហើយអាជ្ញាធរខេត្តនឹងបន្តបើកការដ្ឋានផ្លូវមួយចំនួនទៀតក្នុងក្រុងសៀមរាបហើយបានកំពុងបន្តការពង្រីកកំណាត់ផ្លូវជាតិលេខ៦ ក្នុងជំហានទី២ទៀតផង ៕




































