ខេត្តសៀមរាប៖ ក្នុងដំណើរចុះបំពេញបេសកកម្មរបស់លោកបណ្ឌិតឃឹមប៊ុនសុងអភិបាលនៃគណៈអភិបាលខេត្តនៅក្នុង ទឹកដីភូមិសាស្ត្រស្រុកជីក្រែងខេត្តសៀមរាបបានដឹកនាំប្រតិភូខេត្ត អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសំណង់ទ្វារទឹកទំនប់ម្កាក់ ស្ថិតនៅក្នុងភូមិម្កាក់ ឃុំគោកធ្លកលើ ស្រុកជីក្រែង ដែល
បានស្ថាបនាឡើងដោយក្រុមហ៊ុនចិនក្រោម ជំនួយ របស់សាធារណរដ្ឋប្រជាមានិតចិនកាលពីថ្ងៃទី១៩ ខែ មីនា ឆ្នាំ២០១៦នាចុងសប្តាហ៍មកនេះ ។តាមការបញ្ជាក់បង្ហាញរបស់ក្រុមហ៊ុនចិន ក៏ដូចលោកប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តសៀមរាបបានឲ្យដឹងថាការដ្ឋានសំណង់ទ្វារទឹកនិង ទំនប់ម្កាក់នេះបានបើកការដ្ឋានសាងសង់និងជួសជុលចាប់ពីថ្ងៃទី១៦ខែកុម្ភះ ឆ្នាំ២០១៥ហើយគម្រោងសាងសង់ទំនប់ទ្វារទឹកនេះមានរយៈពេល ៤០ខែ ក្នុងនោះបានធ្វើ ប្រឡាយមេ និង ស្រោចស្រពមានប្រវែង ១២៨,៩៥គ.ម មកដល់ពេលនេះគម្រោងត្រូវអនុវត្តបានប្រវែង៩៦គ.ម ស្មើ ៧០% ដែលជាប្រឡាយទឹកស្រោចស្រព ។ចំពោះសំណង់សិល្បះការ ដែលមានស្ពាន ទ្វារទឹក ទំនប់បង្ហៀរ និង សំណង់ធំៗ មាន១៩១កន្លែងនិង បានបញ្ចប់គម្រោង ចំនួន ៩៩កន្លែង ស្មើ ៥១% ព្រមទាំង បានបន្តធ្វើខ្សែ ប្រឡាយធំៗ ចំនួន០៤ខ្សែថែមទៀតផង។ លោកបានបន្តឲ្យដឹងផងដែរ អំពីទំហំផ្ទៃដីអាង ដែល លិចទឹកមាន ៦០៧ហិកតា ហើយផ្ទៃអាងផ្ទុកទឹកនៅក្នុងរដូវវស្សាបាន ៩លានម៉ែត្រគូបហើយក្នុងមួយឆ្នាំ ទាំងទឹកស្រោចស្រព និង ទឹកស្តុបនៅក្នុងអាងមានទៅដល់២០០លានម៉ែត្រគូប ដែលមានសក្តានុពលក្នុងការស្រោចស្រពទៅលើ១០ឃុំក្នុងស្រុកជីក្រែង មានផ្ទៃដីស្រែចំនួន ២៨ពាន់៨៥០ហិកតា ទាំងប្រាំងនិងវស្សា។ក្នុងងពេលបច្ចុប្បន្ននេះដីស្រែដែលបានធ្វើមានតែ២០ពាន់១៥៥ហិកតា ក្នុងនោះស្រែប្រាំងមានចំនួន ៦ពាន់ហិកតាផងដែរ ។
មានប្រសាសន៍នោះដែរលោកបណ្ឌិតឃឹម ប៊ុនសុងក្នុងនាមអាជ្ញាធរខេត្ត ក៏ដូចប្រជាជនខេត្តសៀមរាប ក៏ បានធ្វើការថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលបានផ្តល់ជំនួយ ក្នុងការកសាងប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា សំខាន់ខេត្តសៀមរាបដោយបានផ្តល់នូវអ្នក បច្ចេកទេសជំនាញ ក្នុងការស្ថាបនាសាងសង់សំណង់និង ប្រព័ន្ធ ធារាសាស្ត្រដ៏ធំមួយនៅ ក្នុងភូមិសាស្ត្រស្រុកជីក្រែង ក្នុងការចូលរួមលើកស្ទួយវិស័យកសិកម្មកម្ពុជានិង ជួយកាត់ បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា ផងដែរ ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិតអភិបាលខេត្តក៏បានសំណូមពរ ដល់ក្រុមហ៊ុន ជួយធ្វើការពន្លឿននៃការ សាងសង់ឲ្យបានមុនរដូវវស្សាចូលមកដល់ដោយបងប្អូនប្រជាកសិករ ទាំង១០ឃុំ បានពឹងផ្អែកទៅលើទំនប់អាងទឹកម្កាក់នេះក្នុងការបង្កបង្កើនផល ទាំងរដូវវស្សា និង រដូវប្រាំង ព្រម ទាំងសូមយកចិត្តទុកដាក់ ក្នុងការស្ថាបនាសំណង់ទាំងនេះឲ្យធានាបាននូវគុណភាពក្នុងការប្រើប្រាស់បានយូរ អង្វែង សម្រាប់ទៅពេលអនាគតផងដែរ ។ឆ្លៀតឱកាសនោះដែរលោកបណ្ឌិតឃឹមប៊ុនសុងនិងក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកជីក្រែង ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគនិងថវិកាយកទៅចូលរួមក្នុងការចែករំលែកទុក្ខសោក ដល់ក្រុមគ្រួសារដែលមានកូនស្រី អាយុ៨ឆ្នាំបានលុងទឹកអាងម្កាក់ស្លាប់ព្រមទាំងបានមានប្រសាសន៍សម្តែងនូវការសោកស្តាយជា មួយក្រុមគ្រួសារនៃសពនិងបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានជាប់នឹងជើងទំនប់ម្កាក់នេះឲ្យមានការប្រុងប្រយ័ត្ន ចំពោះកូនចៅ តូចៗ កុំឲ្យទៅលេងទឹកនឹង ប្រយ័ត្នភ្លើងផ្សែងនៅក្នុងភូមិតាមលំនៅដ្ឋានដោយរដូវនេះជារដូវក្តៅ ដែលតែងងាយទទួលរងគ្រោះថ្នាក់អគ្គីភ័យជាទីបំផុត ។ ក្នុងនោះឯ.ឧបណ្ឌិតនិង ក្រុមការងារ បានឧបត្ថម្ភនូវថវិកា ចំនួន៣៥ម៉ឺនរៀលនិងគ្រឿងឧបភោគបរិភោគដល់ក្រុមគ្រួសារសពដើមី្បយកទៅប្រើប្រាស់ ក្នុងពិធីបុណ្យសពនេះផងដែរ ៕




































