ខេត្តសៀមរាប៖ខេត្តសៀមរាប គឺជាទីផ្សារអចលនទ្រព្យធំទី២របស់ប្រទេសកម្ពុជា ។ ឆ្នាំ២០១៥កន្លងមក មានសន្ទុះខ្លាំង ។ ខែមករា ឆ្នាំ២០១៦ មានការធ្លាក់ចុះបន្តិច ។ មកដល់ខែមិនានេះ តាមរយៈនៃការទិញលក់ដី និងខុនដូនៅខេត្តសៀមរាប បានងើបឡើងវិញ ហើយបើតាមការវិភាគលើស្ថានភាពនៃការទិញលក់ទាំងនោះ គេរំពឹងទុកថា ឆ្នាំ២០១៦នេះ ទីផ្សារអចលនទ្រព្យនៅខេត្តសៀមរាប អាចនឹងមានសន្ទុះល្អប្រសើរ ។
លោក ឡាយ លន់ អគ្គនាយកក្រុមហ៊ុនអង្គរ ដូមេនរៀលធី – សមាជិកសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកជំនាញអចលនទ្រព្យ និង បំណុល បានលើកបង្ហាញយ៉ាងដូច្នេះ នៅសណ្ឋាគារសោមាទេវីអង្គរ(ក្រុងសៀមរាប) ក្នុងបទសម្ភាសន៍មួយ នារសៀលថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៦ ជាមួយនឹងកិច្ចដំណើរការអង្គសិក្ខាសាលា ស្តីការកំណត់គោលដៅ ការលក់-ទិញអចលនទ្រព្យលើទីផ្សារកម្ពុជា និង ទីផ្សារអាស៊ាន ។
លោកបានលើកបង្ហាញថា ការវិនិយោគលើដីកសិកម្មនៅខេត្តសៀមរាប មានប្រមាណជា ២ម៉ឺនហិចតា ។ នៅក្នុងក្រុងសៀមរាប មានក្រុមហ៊ុនពុះដីឡូត៌សម្រាប់លក់ជាច្រើន ។ ស្ថានភាពនៃការទិញដីបច្ចុប្បន្ន គឺពេលគេទិញបានដីហើយ ម្ចាស់ដីនោះត្រូវបានសាងសង់គេហដ្ឋានសម្រាប់ការស់នៅរបស់គេ ឬសាងសង់ ប៊ូទិក សាងសង់ខុនដូ ជាដើម ភ្លាមៗ មិនទុកចោលដីឲ្យនៅទំនេរ ដូចកាលក្នុងឆ្នាំ២០០៨នោះឡើយ ។ នេះគឺកត្តាបង្ហាញអំពីសន្ទុះកើនឡើងនៃទីផ្សារអចលនទ្រព្យនៅខេត្តសៀមរាប ហើយអ្វីដែលគួរកត់សម្គាល់នោះ គឺការពុះដីឡូត៌លក់ មានសភាពលេចធ្លោជាងគេ ហើយបច្ចុប្បន្នក៏ត្រូវបានរំកិលទៅដល់ជាយក្រុងសៀមរាប នោះហើយ ។
លោកបានបន្តឲ្យដឹងថា ៖ ប្រភពព័ត៌មានទាំងនេះ អាចនិយាយបានថា វាគឺជាលទ្ធផលនៃការស្វែងយល់អំពីការកំណត់គោលដៅលក់-ទិញអចលនទ្រព្យ ដែលអង្គសិក្ខាសាលាយល់បានអំពីគុណតម្លៃរបស់វា និងត្រូវបានចែករំលែកជូនដល់និស្សិតដែលកំពុងសិក្សាលើជំនាញលក់ និងជំនាញធ្វើទីផ្សារ នៅតាមបណ្តាសាកលវិទ្យាល័យចំនួន៤នៅក្នុងក្រុងសៀមរាប ។ លោកបានបញ្ជាក់បន្ថែមថា ៖ តាមរយៈនៃការចែករំលែកចំណេះដឹងដោយអង្គសិក្ខាសាលានេះ គឺសិក្ខាកាមអាចចេះប្រើប្រាស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ចាប់ផ្តើមធ្វើអាជីវកម្មដោយខ្លួនឯង ឬក៏អាចក្លាយជាដៃគូនៃក្រុមហ៊ុននានាផងដែរ ។
លោកបានឲ្យដឹងដែរថា៖ សិក្ខាសាលានេះ បានដំណើរការជាច្រើនលើកមកហើយនៅរាជធានីភ្នំពេញ និង ជាលើកទី១ សម្រាប់ខេត្តសៀមរាប ៕ដោយ គឿនវេត


































