ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យប្រុសស្រីចំនួន៩នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង សហការណ៍ជាមួយនគរបាលប្ឆាំងគ្រឿងញៀនខេត្ត ព័ទ្ធចាប់ខ្លួនបានខណៈជនសង្ស័យទាំង៩នាក់នោះកំពុងធ្វើសកម្មភាពចែកចាយ និងប្រើប្រាស់ថ្នាំញៀន២កន្លែងផ្សេងគ្នា។ករណីបង្ក្រាបនេះបានធ្វើឡើងនៅវេលាម៉ោង ១២និង៣០នាទី ថ្ងៃត្រង់ ថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៦ នៅក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង និងនៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ដកហូតបានថ្នាំញៀន២កញ្ចប់។
លោក ម៉ា យន្ត នាយផ្នែកនគរបាលព្រហ្មទ័ណ្ឌក្រុងកំពង់ឆ្នាំងបានអោយដឹងថា៖ ក្រោយពីទទួលសេចក្តីរាយការណ៏ ពីប្រជាពលរដ្ឋល្អ និងដោយបានស្រាវជ្រាវកំណត់គោលដៅបានច្បាស់លាស់ លោក បានដឹកនាំសមត្ថកិច្ចនគរបាលក្រុង សហការណ៍ជាមួយនគរបាលប្រឆាំងគ្រឿងញៀនខេត្ត ចុះបង្ក្រាបនិងចាប់បានជនសង្ស័យប្រុសស្រីចំនួន៩នាក់ នៅក្នុងភូមិដំណាក់ពពូល និងចំណុចចំការស្វាយចាន់ទីចុងកន្លែងស៊ីម៉ាក់ក្នុង ភូមិម៉ុងបារាំង នៅពេលពួកគេកំពុងចែកចាយ និងប្រើប្រាស់ថ្នាំញៀន។
ជនសង្ស័យទាំង៩នាក់ដែលចាប់ខ្លួនបានមាន៖ ១.ហៀង កាលី អាយុ៣២ឆ្នាំ , ២ឈ្មោះ រស់ សុភា អាយុ២០ឆ្នាំ, ៣ឈ្មោះ ម៉ុង ចាន់ធឿន អាយុ២៥ឆ្នាំ , ៤ឈ្មោះ កេត វណ្ណារ៉ា អាយុ២០ឆ្នាំ ,៥ឈ្មោះ ណេន សំណាន អាយុ១៩ឆ្នាំ , ៦ឈ្មោះ សាវ៉ាន់ វិទូ អាយុ១៧ឆ្នាំ , ៧ឈ្មោះ កួយ តាំងគុណ អាយុ១៩ឆ្នាំ , ៨ឈ្មោះ គីម ម៉ាលីន ភេទស្រី អាយុ២០ឆ្នាំ និង ៩ឈ្មោះ ដា ដាណេ ភេទស្រី អាយុ១៩ឆ្នាំ ពួកគេមានទីលំនៅក្នុងស្រុករលាប្អៀរ និងមួយចំនួនទៀតនៅក្នុងក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា៖ វត្ថុតាងដែលរឹបអូសបានក្នុងកិច្ចបង្ក្រាបបទល្មើសខាងលើរួមមាន៖មគ្រឿងញៀនម៉ាទឹកកក២កញ្ចប់ , សម្ភារៈប្រើប្រាស់ និងថង់វិចខ្ចប់ថ្នាំញៀនមួយចំនួន ដាវ២ដើម កាំភ្លើងកែឆ្នៃ១ដើម ម៉ូតូ៣គ្រឿង និងទូរស័ព្ទដៃចំនួន៥គ្រឿង ។
ជនសង្ស័យទាំង៩នាក់រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ចាត់ការបន្តនិងផ្តន្ទាទោសតាមផ្លូវច្បាប់៕



































