ខេត្តព្រះវិហារ សេចក្តីរាយការណ៍បានអោយដឹងថាអាជ្ញាធរមានសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ករណីជួញដូរនិងសេពគ្រឿងញៀនកាលពីរសៀលថ្ងៃទី២០មិនា២០១៦ស្ថិតនៅភូមិស្រយង់ជើងឃុំស្រយង់ស្រុកគូលែនដោយរឹបអូសបានវត្ថុតាងប្រព្រឹត្តបទល្មើសមួយចំនួនរួមទាំងថ្នាំញៀនប្រភេទម៉ាទឹកកក។
ប្រជាពលរដ្ឋនៅមូលដ្ឋានបាននិយាយថាស្រុកគូលែនមានភូមិសាស្ដ្រស្មុគ្រស្មាញជាងគេនៅទូទាំងខេត្តព្រះវិហារជាពិសេសសំបូរបទល្មើសច្រើនដូចជាឃាតកម្មល្បែងស៊ីសងនិងជួញដូរគ្រឿងញៀនហើយសំបូរកម្មករលើកឈើនិងកម្មករស៊ីឈ្នួលតាមចំការសេពគ្រឿងញៀនថែមទៀត។
ទោះបីយ៉ាងណាសមត្ចកិច្ចនគបាលជំនាញខេត្តព្រះវិហារបានចុះបង្ក្រាបជនល្មើសជួញដូរគ្រឿងញៀននិងបក្ខពួកសរុបចំនួន៥នាក់នៅភូមិស្រយង់ជើងឃុំស្រយង់ស្រុកគូលែនហើយបាននាំខ្លួនទៅស៊ើបសួរនៅស្នងការដ្ឋាននគរបាលដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការខេត្តវិនិច្ឆ័យទោសទៅតាមផ្លូវច្បាប់។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានដែលស្និតស្នាលជាមួយអ្នកសារព័ត៌មានបានអោយដឹងថារឿងបង្ក្រាបគ្រឿងញៀនខាងលើនេះសមត្ថកិច្ចនគរបាលមានចេតនាលាក់បាំងព័ត៌មានយ៉ាងជិតជាមួយអ្នកសារព័ត៌មាន។ទោះបីយ៉ាងណាគាត់ត្រូវតែផ្តល់ព័ត៌មាននេះអោយជួយចុះផ្សាយជាផលប្រយោជន៍សំរាប់ពលរដ្ឋចាស់ក្មេងទាំងអស់ដើម្បីចៀសអោយផុតពីគ្រឿងញៀន។
ប្រភពព័ត៌មានដដែលបានបញ្ជាក់ថាជនសង្ស័យទាំង៥នាក់រួមមានទី១ឈ្មោះកនភេទប្រុសអាយុ២៧ឆ្នាំមុខរបរកសិកររស់នៅខេត្តកំពង់ចាមមកស្នាក់នៅឃុំស្រយង់ទី២ឈ្មោះសុខគឹមហៃភេទប្រុសអាយុ២៣ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅខេត្តកណ្តាលមកស្នាក់នៅឃុំស្រយង់។ទី៣ឈ្មោះឆាយរ៉ាវីភេទប្រុសអាយុ២៦ឆ្នាំរស់នៅខេត្តកំពង់ចាមមកស្នាក់នៅឃុំស្រយង់ទី៤ឈ្មោះម៉េងលាងភេទប្រុសអាយុ២៦ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅខេត្តកំពង់ចាមមកស្នាក់នៅឃុំស្រយង់។និងទី៥ឈ្មោះហ៊ួនហ៊ានភេទប្រុសអាយុ២៣ឆ្នាំមុខរបរមិនពិតប្រាកដមានទីលំនៅភូមិស្រយង់ជើងឃុំស្រយង់ស្រុកគូលែន។
សមត្ថកិច្ចជំនាញដកហូតបានវត្ថុតាងមួយចំនួនដូចជាកាំបិតចំនួន២,កាំភ្លើងខ្យល់០១ដើម,ទូរស័ព្ទដៃចំនួន០៨គ្រឿង,ម៉ូតូជិះធ្វើសកម្មភាព០២គ្រឿងក្នុងនោះមាន១គ្រឿងម៉ាកMSX,ថ្នាំញៀនក្រាមពណ៌សចំនួន៥កញ្ចប់តូច,ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង,លុយចំនួន១៣ម៉ឺនរៀលនិង៣០ដុល្លារអាមេរិក។មកដល់ពេលនេះមិនទាន់មានសេចក្តីរាយការណ៍ពីប្រធានការិយាល័យនគរបាលគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារនៅទ្បើយទេដោយហៅទូរស័ព្ទទៅគាត់មិនចូល៕
មង្គល



































