មណ្ឌលគិរី៖ ស្នងការ ស្នងការង នាយក នាយករង និងពលនគរបាលខេត្ត នៃស្នងការដ្ឋានខេត្តមណ្ឌលគិរី ព្រមទាំងពុទ្ធបរិស័ទ្ធជិតឆ្ងាយ បានរៀបចំពិធីបុណ្យផ្កាសាមគ្គីកាលពីថ្ងៃទី២២ ខែមីនាឆ្នាំ២០១៦នេះ នៅវត្តមណ្ឌលជលសាមហាសែនជ័យ (វត្តដីមៀត)ដែលស្ថិតក្នុងភូមិដីមៀត ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដើម្បីប្រមូលបច្ច័យកសាងសាលាឆ័ន្ទថ្មីមួយខ្នងដែលមានទំហំបណ្តោយចំនួន៤០ម៉ែត្រទទឹងចំនួន២០ម៉ែត្រ។ ក្នុងនោះទទួលបានបច្ច័យសរុបចំនួន ១៦,៨០០,០០០រៀល និងប្រាក់ដុល្លាចំនួន២,៣៣៥ដុល្លារសហរដ្ឋអាមេរិក ។
ក្នុងឱកាសដ៏វិសេសវិសាលនោះ លោកឧត្តមសេនីយ៍ត្រី តូច យ៉ុន ស្នងការនគរបាលខេត្តមណ្ឌលគិរី ក៏ដូចជាជំនួសមុខឲ្យពុទ្ធបរិស័ទ្ធចំណុះជើងវត្តមណ្ឌលជលសាមហាសែនជ័យ (វត្តដីមៀត)ទាំងមូល បានថ្លែងអំណអរគុណយ៉ាងជ្រាលជ្រៅដល់ចំពោះ លោក លោកស្រី ស្នងការរង នាយ នាយរង ពលនគរបាល ព្រមទាំងពុទ្ធបិស័ទ្ធជិតឆ្ងាយទាំងអស់ ដែលបានចូលរួមជាបច្ច័យ ដើម្បីកសាងសាលាឆ័ន្ទថ្មី ក្នុងវត្តមណ្ឌលជលសាមហាសែនជ័យ (វត្តដីមៀត) និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក បារមីទេវតាឆ្នាំថ្មី គុណបុណ្យព្រះរតនត្រ័យទាំងបី ព្រមទាំងបារមីដែលតាមថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយបីបាច់ថែរក្សាជូបតែសេចក្តីសុខ សុភមង្គលគ្រប់ក្រុមគ្រួសារ និងសូមជួបតែពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍រៀងទៅ ៕ដោយប៊ូស្រា



































