ភ្នំពេញ ៖ រថយន្តកូរ៉ូឡាមួយគ្រឿងដែលកំពុងធ្វើដំណើរនៅតាមផ្លូវក៏បានឆាបឆេះចេញជាអណ្ដាតភ្លើងធ្វើអោយមានភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរត់នាំគ្នាមកជួយយកបំពង់ពន្លត់អគ្គីភ័យយកមកបាញ់ពន្លត់ភ្លាមៗ កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៨ខែឧសភាឆ្នាំ២០១៤ស្ថិតនៅក្បែរស្ថានីយ៍ប្រេងឥន្ទនៈកាល់តិចក្រោមស្ពានអាកាស៧មករា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
យោងតាមប្រភពព័ត៌មានពីអ្នករត់ម៉ូតូឌុបនិងប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានអោយដឹងថា គាត់ឃើញរថយន្តមួយគ្រឿងម៉ាកតូយ៉ូតា កូរ៉ូឡា ពណ៌ស ស៊េរី២០០២ ដែលបើកបរដោយយុវជនម្នាក់បានធ្វើដំណើរតាមបណ្ដោយសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុក្បែរស្ថានីយ៍ប្រេងឥន្ទនៈកាល់តិចស្រាប់តែរថយន្តខាងលើនេះហុយផ្សែងទ្រឡោម ចេញពីក្បាលរថយន្តផ្នែកខាងស្ដាំហើយខណៈនោះក៏លេចចេញជាអណ្តាតភ្លើងឆេះយ៉ាង
សន្ធោសន្ធៅ ធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋរត់នាំគ្នាមកជួយពន្លត់យកបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់អស់ចំនួន៤ទៅ៥បំពង់ទើបធ្វើអោយភ្លើងដែលឆេះចេញពីរថយន្តនោះរលត់ទៅវិញភ្លាមៗតែម្ដង។ បន្ទាប់ពីកើតហេតុ
បើតាមសម្ដីម្ចាស់រថយន្តនិយាយថារថយន្តរបស់គាត់ប្រហែលជាឆ្លងចរន្តចេញពីផ្នែកអាគុយហើយមើលទៅ ទើបបានមានចរន្តភ្លើងឆាបឆេះចេញភ្លើងនេះតែម្ដង។ក្រោយកើតហេតុម្ចាស់រថយន្តហៅរថយន្តស្ទូចមកស្ទូចយករថយន្តរបស់ខ្លួនទៅធ្វើការជួសជុលនៅការ៉ាសរថយន្តដោយខ្លួនឯង៕