ខេត្តកំពង់ឆ្នាំង៖ ភ្លើងឆេះព្រៃតំបន់៣មួយកន្លែងបានបង្កអោយមានការភា្ញក់ផ្អើលដល់ព្រះសង្ឃ ប្រជាពលរដ្ឋ និងសិស្សក្នុងសាលាដែលកំពុងរៀន នៅចំណុចជុំវិញវត្តថ្នល់អណ្តែត ហៅវត្តកំពង់អួរ ស្ថិតក្នុង ភូមិកំពង់អួរ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ។ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៣និង២០នាទីរសៀល ថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៦ ហើយត្រូវបានប្រជាពលរដ្ឋនាំគ្នាជួយពន្លត់ ក្នុងនោះក៏មានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលខេត្តមួយគ្រឿងផង ដោយបានសហការគ្នារយៈពេលជាង២ម៉ោងទើបគ្រប់ គ្រងសភាពការណ៍បានមិនឆេះរាលដាល ចូលដល់វត្តសាលារៀន និងផ្ទះប្រជាពលរដ្ឋ ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានអោយដឹងថា៖ មុនពេលកើតហេតុ គេឃើញភ្លើងបានឆេះព្រៃ
ព័ទ្ឋពីក្រោយវត្ត មកខាងជើងវត្ត និងរាលទៅខាងសាលារៀន និងសំដៅទៅរកផ្ទះប្រជាពលរដ្ឋ ដែលនៅជិតនោះ ភា្លមៗនោះប្រជាពលរដ្ឋ និងព្រះសង្ឃបាននាំគ្នា យកដំបងវ៉ៃព្រៃពន្លត់ តែមិនឈ្នះបន្ទាប់មក រថយន្តពន្លត់អគ្គីភ័យ របស់ស្នងការនគរបាលខេត្ត១គ្រឿង បានចេញទៅជួយបាញ់ទឹកពន្លត់ដោយបូមពីទន្លេ ទៅបាញ់ទឹកអស់៣រថយន្ត ទើបគ្រប់គ្រងសភាពការណ៍ នេះបាន ។ក្នុងពេលនោះដែរគេឃើញប្រ ជាពលរដ្ឋមួយចំនួន បានជញ្ជូនឥវ៉ាន់ ចេញពីលំនៅឋាន ទៅមុខសាលារៀន ដែលជាកន្លែងមានសុវត្ថិភាពផងដែរ ។
លោក ហេង អំ ប្រធាន ភូមិកំពង់អួរ បានអោយដឹងថា៖ កន្លងមកមិនដែលមានភ្លើងឆេះព្រៃបែបនេះឡើយ តែឆ្នាំនេះគឺមានអ្នកលួចកាប់រានយកដីព្រៃ និងដុតព្រៃលិចទឹកយកធ្វើកម្មសិទ្ធ ទើបលោកសង្ស័យថាៈ ភ្លើងឆេះព្រៃខាងលើនេះអាចបណ្តាលមកពី ជនខិលខូចលួចកាប់និងដុតព្រៃយកដីធ្វើកម្មសិទ្ធ ទើបឆេះរាលដាលបែបនេះ និងខូចខាតឆេះព្រៃលិចទឹកក្នុងតំបន់៣អស់ប្រមាណ ២០ហិកតា៕




































