​រថយន្ត​រ៉េវ​២​គ្រឿង​របស់​ក្រុមហ៊ុន​កូ​ម៉ូ​លី​ដឹក​ឈើមូល​៨​ដើម​ ​និង​រណា​យន្ត​ត្រូវ​សហគមន៍​ឃាត់ទុក​អស់​រយះពេល​៤​ថ្ងៃ​

0

​ខេត្តព្រះវិហារ​ ​លោក​អៀ​សុខា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ​បានអោយដឹង​នៅ​ល្ងាច​ថ្ងៃទី​២២​ខែ​មិនា​ឆ្នាំ​២០១៦​ថា​លោក​កំពុងធ្វើការ​ជាមួយ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តព្រះវិហារ​ដើម្បី​មាន​វិធានការ​តាមផ្លូវ​ច្បាប់​ដើម្បី​នាំយក​រថយន្ត​រ៉េវ​ចំនួន​០២​គ្រឿង​ដែល​ដឹកឈើ​មូល​សរុប​ចំនួន​៨​ដើម​នោះមក​រក្សាទុក​វិញ​។​រថយន្ត​រ៉េវ​២​គ្រឿង​ដែល​ដឹកជញ្ជូន​ឈើមូល​០៨​ដើម​នោះ​ត្រូវបាន​ប្រជា​សហគមន៍​ឃាត់ទុក​កាលពី​ថ្ងៃទី​១៨​មិនា​២០១៦ ស្ថិតនៅ​ភូមិ​ពោធិ៍រ​វៀង​ឃុំ​គូលែន​ជើងស្រុក​គូលែន ថ្មីៗ​នេះ​។​
​លោក​អៀ​សុខា​បាន​បន្តថា​ក្រុម​ពលរដ្ឋ​ទាំងនោះ​ធ្វើការ​ឃាត់ទុក​បទល្មើស​ព្រៃឈើ​ដោយ​ខ្លួនឯង​អស់​រយះពេល​៤​ថ្ងៃ​មកហើយ​ដោយ​ពួកគាត់​មិនបាន​រាយការណ៍​អោយ​មន្ត្រី​ជំនាញ​បរិស្ថាន​បានដឹង​នោះទេ​។​ប្រជា​សហគមន៍​នោះ​មិនទាន់​ប្រកាស​ទទួលស្គាល់​តាមផ្លូវ​ច្បាប់​នៅ​ទ្បើ​យ​ទេ​។​
​លោក​អៀ​សុខា​ថ្លែង​ដូច្នេះ​ថា​រថយន្ត​រ៉េវ​២​គ្រឿង​និង​ឈើមូល​ចំនួន​០៨​ដើម​ជា​របស់​ក្រុមហ៊ុន​កូ​ម៉ូ​លី​ដែលមាន​អាជ្ញាប័ណ្ណ​ប្រមូល​កាកសំណល់​ព្រៃឈើ​ក្នុង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ប្ល៊ូ​ហ៊ី​វ​វិ​ន​មាន​មូលដ្ឋាន​ក្នុងស្រុក​គូលែន​គឺ​ខាង​នាយក​ដែន​ជម្រក​ព្រៃឈើ​គូលែន​ព្រហ្ម​ទេព​ទើប​ដឹង​ច្បាស់​អំពី​ទំហំ​ផ្ទៃដី​វិនិយោគ​។​
​អាជ្ញាធរ​ស្រុក​គូលែន​បានអោយដឹង​ផងដែរ​ថា​ពិតជា​មាន​ករណី​ប្រជា​សហគមន៍​ឃាត់ទុក​រថយន្ត​រ៉េវ​ចំនួន​២​គ្រឿង​ដឹកឈើ​មូល​ប្រាកដ​មែន​កាលពី​ថ្ងៃទី​១៨​មិនា​២០១៦​ស្ថិតនៅ​ភូមិ​ពោធិ៍រ​វៀង​ឃុំ​គូលែន​ជើងស្រុក​គូលែន​ប៉ុន្តែ​ពួកគាត់​មិនបាន​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​ទេ​។​ពួកគាត់​មិន​ព្រម​ប្រគល់​រថយន្ត​និង​ឈើមូល​ទាំងនោះ​មកអោយ​សាលាស្រុក​រក្សាទុក​នោះទេ​រហូតមកដល់​ថ្ងៃទី​២២​មិនា​នេះ​។​
​អាជ្ញាធរ​ស្រុក​ថ្លែង​ដូច្នេះ​ថា​ក្រុមហ៊ុន​កូ​ម៉ូ​លី​បានស្នើ​សុំអោយ​លោក​អភិបាលស្រុក​គូលែន​ជួយ​ចុះ​សម្របសម្រួល​ដើម្បី​សុំ​រថយន្ត​រ៉េវ​ទាំង​០២​គ្រឿង​នោះមក​វិញ​ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​ស្រុក​ឆ្លើយថា​វា​ជាការ​ងារ​របស់​ជំនាញ​បរិស្ថាន​ខាង​អាជ្ញាធរ​ស្រុក​បានត្រឹមតែ​បញ្ជូន​កំលាំង​សមត្ថកិច្ច​អោយទៅ​ការពារ​និង​ឃ្លាំមើល​គ្រឿងចក្រ​ប៉ុណ្ណោះ​។​
​រីឯ​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​បានអោយដឹងថា​ប្រជា​សហគមន៍​បាន​ចុះ​ល្បាត​ការពារ​សហគមន៍​ព្រៃឈើ​កាលពី​ថ្ងៃទី​១៨​មិន​២០១៦​ហើយ​បាន​ប្រទះឃើញ​រថយន្ត​រ៉េវ​ចំនួន​០២​គ្រឿង​កំពុង​ដឹកឈើ​មូល​សរុប​ចំនួន​០៨​ដើម​រួមទាំង​មាន​រណា​យន្ត​១​គ្រឿង​ថែមទៀត​ក៍​នាំគ្នា​ឃាត់ទុក​តែម្តង​ស្ថិតនៅ​ភូមិ​ពោធិ៍​រវៀង​ឃុំ​គូលែន​ជើងស្រុក​គូលែន​។​ឈានចូល​ថ្ងៃទី​២០​មិនា​២០១៦​ខាង​ជំនាញ​បរិស្ថាន​ដែន​គូលែន​ព្រហ្ម​ទេព​បាន​ចុះ​ទៅសុំ​យក​វត្ថុតាង​រថយន្ត​និង​ឈើមូល​ទាំងនោះ​យកទៅ​រក្សាទុក​នៅ​ទីស្នាក់ការ​បរិស្ថាន​វិញ​ប៉ុន្តែ​ត្រូវបាន​ប្រជា​សហគមន៍​ព្រៃឈើ​បដិសេធ​មិន​ព្រម​ប្រគល់អោយ​នោះទេ​។​
​ប្រភពព័ត៌មាន​ដដែល​លើកទ្បើង​ថា​ខាង​សហគមន៍​ព្រៃឈើ​មាន​មូលហេតុ​របស់ខ្លួន​វិញ​ថា​ការដែល​មិន​ព្រម​ប្រគល់​វត្ថុតាង​បទល្មើស​ព្រៃឈើ​អោយ​មន្ត្រី​ជំនាញ​បរិស្ថាន​រក្សាទុក​នោះ​ដោយសារ​លើក​មុនៗ​បាន​ឃាត់ទុក​និង​បាន​ដោះស្រាយ​គ្នា​ប្រគល់អោយ​ក្រុមហ៊ុន​កូ​ម៉ូ​លី​វិញ​ប៉ុន្តែ​មិនមាន​ប្រសិទ្ធភាព​ឈប់​ធ្វើ​សកម្មភាព​ទេ​។​ប្រភពព័ត៌មាន​បាន​ដកស្រង់​រឿងរ៉ាវ​នោះ​អោយដឹងថា​ភាគី​សហគមន៍​មិន​ពេញចិត្ត​ទាល់តែសោះ​ចំពោះ​ខាង​ក្រុមហ៊ុន​នៅតែ​រំលោភ​ចូលទៅ​កាប់​ឈើមូល​ដដែលៗ​ក្នុង​ដែន​សហគមន៍​ព្រៃឈើ​សរុប​អស់​ប្រមាណ​៥៣​ដើម​រួចមកហើយ​នាពេល​កន្លងមក​។​លើក​នេះ​តំណាង​សហគមន៍​នឹង​យក​រថយន្ត​និង​ឈើ​ទាំងនោះ​រួមទាំង​រណា​យន្ត​០១​គ្រឿង​ទៅ​ប្រគល់ជូន​តុលាការខេត្ត​ព្រះវិហារ​ផ្ទាល់ដៃ​តែម្តង​។​
​អ្នកសារព័ត៌មាន​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​ប្រធាន​ក្រុមហ៊ុន​កូ​ម៉ូ​លី​បានទេ​នៅថ្ងៃនេះ​ពាក់ព័ន្ធ​ទៅនឹង​រឿងអាស្រូវ​ខាងលើ​ហើយ​ចង់ដឹងថា​តើ​ខាង​ក្រុមហ៊ុន​ពិតជា​បាន​រំលោភ​ចូល​កាប់​ឈើ​របស់​ប្រជា​សហគមន៍​អស់​ចំនួន​៥៣​ដើម​ប្រាកដ​មែន​ឬមួយ​យ៉ាងណា​?​។​អ្នកសារព័ត៌មាន​រង់​ចាំ​ទទួល​នូវ​ការបំភ្លឺ​ពី​តំណាង​ក្រុមហ៊ុន​ប្រមូល​កាកសំណល់​ព្រៃឈើ​ឈ្មោះ​កូ​ម៉ូ​លី​ជានិច្ច​។​
​គួរបញ្ជាក់​ថាស​ន្ទ​សន៍​ហាងឆេង​ទីផ្សារ​ទិញ​លក់​គ្រឿង​ឈើ​លេខ​២​ប្រភេទ​ឈើ​ផ្តៀក​ក្នុងស្រុក​ត្រូវបាន​គេ​ដឹងថា​មាន​តំលៃ​ប្រមាណ​៤០០​ដុល្លារ​អាមេរិក​ក្នុង​១​ម៉ែត្រគូប​និង​ឈើ​លេខ​១​ប្រភេទ​គគីរ​មាន​តំលៃ​ប្រមាណ​៥០០​ដុល្លារ​អាមេរិក​ក្នុង​១​ម៉ែត្រគូប​ឯណោះ​។​កត្តា​នេះ​បានអោយ​កើតមាន​ក្រុមហ៊ុន​ដឹកឈើ​អារ​លេខ​១​និង​លេខ​២​ច្រើន​ផងដែរ​ទៅតាម​មហិច្ឆតា​លោភ​ចង់​កើប​លុយ​របស់​មនុស្ស​ព្រោះ​វា​អាច​ចំណេញ​លុយ​យ៉ាងច្រើន​ឆាប់​ក្លាយទៅជា​អ្នកមាន​ថែមទៀត​៕