សៀមរាប៖ នៅព្រឹកថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៦ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុន សុង អភិបាលនៃគណ:អភិបាលខេត្តសៀមរាប និងក្រុមការងារថ្នាក់ខេត្តបានចុះត្រួតពិនិត្យមើលនូវការរដ្ឋានធ្វើផ្លូវមួយខ្សែរដែលមានបណ្តោយប្រវែង១៦២០ម៉ែត្រក្រាលកៅស៊ូ គឺចាប់ពីចំណុចផ្លូវ៦០ម៉ែត្រឆ្ពោះទៅទល់និងខាងក្រោយវត្តលើ(ហៅវត្តព្រះកោសី)ស្ថិតនៅក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុន សុង អភិបាលនៃគណ:អភិបាលខេត្តសៀមរាប បានមានប្រសាសន៏ថា ផ្លូវមួយខ្សែរនេះគឺជាចំណងដៃមុនថ្ងៃចូលឆ្នាំថ្មីសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅទីនោះងាយស្រួសក្នុងការធ្វើដំណើរទៅមក ហើយក៏ជាកត្តព្វកិច្ចក្នុងនាមជាថ្នាក់ដឹកនាំខេត្តចាំបាច់ត្រូវតែគិតដល់បងប្អូនប្រជាពលរដ្ឋ ក្នុងពេលបច្ចុប្បន្ននេះប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋនិងរាល់បញ្ហាដែលកើតឡើង បានដាក់ចេញនូវអនុក្រឹត្យលេខ ៥១អនក្រ កាលពីថ្ងៃទី១៧ ខែមេសាឆ្នាំ២០១៥ កន្លងទៅ ដោយសម្រេចកាត់ផ្ទៃដីទំហំជាង ១១៥ហិកតារចេញពីផ្ទៃដីបុរីសណ្ឋាគារទេសចរណ៍ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា ប្រគល់ជូនប្រជាពលរដ្ឋដែលរស់នៅភូមិបឹងដូនប៉ា និងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ធ្វើជាម្ចាស់កម្មសិទ្ធិស្របច្បាប់វិញ។ កាលពីថ្ងៃទី២១ ខែមីនា ឆ្នា២០១៦ ក្រុមការងារ រដ្ឋបាលក្រុងសៀមរាប ដឹកនាំដោយ លោកសូរ ប្លាតុង អភិបាលក្រុងសៀមរាប បានចុះត្រួតពិនិត្យនិងសម្របសម្រួល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ក្នុងគម្រោងសាងសង់ផ្លូវ នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប រួចម្តងមកហើយ ទើបពេលនេះឯកឧត្តម អភិបាលខេត្តបានអញ្ជើញមកពិនិត្យមើលគម្រោងសាងសង់ផ្លូវម្តងទៀត ដើម្បីកុំឲ្យមានផលបះពាល់ដល់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវដែលត្រូវសាងសង់នោះផងដែរ ។ដោយ ស៊ាន សុផាត