កោះកុង ៖ ប្រជាសហគមន៏ រស់នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ប្រមាណ៣០០គ្រួសារ មានការ ខឹងសម្បា ក្តៅក្រហាយ ជាមួយក្រុមហ៊ុនបូមខ្សាច់រាប់រយសាឡាងដែលកំពុងធ្វើសកម្មភាព កាយយកខ្សាច់ និងបូមខ្សាច់ យ៉ាងអនាធិបតេយ្យក្នុងដែនជំរកដែលជាតំបន់ហាមឃាត់ ធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការ នេសាទលក្ខណះគ្រួសាររបស់ពួកគាត់ ជាពិសេសបានបំផ្លាញជំរកត្រី ព្រៃលិចទឹក (ដើមកោងកាង) ដែលមួយ ថ្ងៃទៅមួយថ្ងៃកើនឡើង គ្មានសមត្ថកិច្ចពាក់ព័ន្ធណាមួយហ៊ានទៅជិតទេ ដោយគេល្បីថាក្រុមហ៊ុនបូមខ្សាច់ទាំង អស់សុទ្ធតែពាក់ព័ន្ធជាមួយឧញ្ញ៉ា លីយ៉ុងផាត់ ។
ប្រជាសហគមន៏ម្នាក់បានបង្ហើបអោយដឹងថា ទូក និង សាឡង់ បូមខ្សាច់ កាយយកខ្សាច់ទាំងនោះបានមកលួចធ្វើសកម្មភាព ចូល ក្នុងដែនជំរកប្រមាណជាង១០០0ម៉ែត្រ នៅ ចំណុចព្រែកតូច និងព្រែកស្លឹកគ្រៃ ភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង (ឬហៅកោះស្មាច់) ។ លោក អ៊ុន រ៉ាន់ នាយកដែនជំរកបានអោយដឹងតាមទូរស័ព្ទថា មានសាឡង់
រាប់រយគ្រឿងមែន ប៉ុន្តែគេមាន អាជ្ញាប័ណ្ណធ្វើអាជីវកម្ម ហើយអាជ្ញាប័ណ្ណទាំងនោះភាគច្រើនទិញ ត ពីក្រុមហ៊ុន L.Y.P Group Co.Ltd លោក អ៊ុន រ៉ាន់ បានបន្តថា មានសាឡង់បូមខ្សាច់ជាច្រើនគ្រឿងបានធ្វើសកម្មភាពនៅតំបន់ហាមឃាត់មែន ប៉ុន្តែ រយះពីថ្ងៃនេះខាងលោកបានចុះទៅពិនិត្យ ហើយអោយក្រុមហ៊ុនយកអាជ្ញាប័ណ្ណមកមន្ទីរដើម្បីពិនិត្យ លោកនាយក
ដែនជំរកក៏មិនបានអត្ថាធិប្បាយពីចំនួនក្រុមហ៊ុនបូមខ្សាច់ទាំងនោះថា តើមានប៉ុន្មានក្រុមហ៊ុននោះទេ ដោយ លោកបានបញ្ជាក់ថា មានការធ្វើអាជីវកម្មបូមខ្សាច់ចូលមកតំបន់ហាមឃាត់ ប្រមាណ២០០ម៉ែត្រប៉ុណ្ណោះ ។
ចំណែកឯអភិបាលស្រុកកោះកុង និងប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង ខាងពត៌មានយើងមិនអាចទំនាក់ ទំនងសុំការបំភ្លឺបានទេ ដោយប៉ុន្មានថ្ងៃនេះជាថ្ងៃឈប់សម្រាក៕