ខេត្តសៀមរាប៖ការជួបប្រជុំគ្នានៃក្រុមអ្នកបច្ចេកទេសទ្វេរភាគី(កម្ពុជា-ថៃ)រយៈពេល២ថ្ងៃនៅក្រុងសៀមរាប ថ្ងៃទី២៤ និង ថ្ងៃទី២៥ ខែមិនានេះ គឺដើម្បីពិភាគ្សាឯកភាពគ្នា លើការងារអនុវត្តឲ្យមានប្រសិទ្ធិភាពអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការវិស័យការងារ និង កិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់កម្លាំងពលកម្ម ដែលបានចុះកិច្ចសន្យារួមគ្នារួចមកហើយនោះ ។
សមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះខាងភាគីកម្ពុជាដឹកនាំដោយលោកហ៊ូវុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខាងភាគីថៃ ដឹកនាំដោយ លោក អារ៉ាក់ ព្រហ្មម៉ានី អគ្គនាយកនៃអគ្គនាយកដ្ឋានមុខរបរ នៃក្រសួងការងារថៃ ។
១០ប្រការដែលមានចែងនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ជាមួយនិង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្តីអំពីកិច្ចសហប្រតិបត្តិការនៃវិស័យការងារ ត្រូវបានលើកយកមកពិភាគ្សាលម្អិតនៅក្នុងកិច្ចប្រជុំនោះ ។ ក្រសួងការងារនៃប្រទេសទាំង២ តំណាងឲ្យរាជរដ្ឋាភិបាលនៃប្រទេសទាំង២ហើយអនុស្សរណៈនេះ បានធ្វើឡើងដោយមានការគោរពតាមគោលការណ៍សមភាព ទទួលបានផលប្រយោជន៍ទោវិញទៅមក និងមានគោលបំណងពង្រឹងទំនាក់ទំនងដ៏ល្អរវាងភាគីទាំង២ពង្រឹងកំណើនសេដ្ឋកិច្ច លើកកម្ពស់និងអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការ។ជាគោលបំណងរួមផងដែរ គឺលើកកម្ពស់គោលនយោបាយការងារ និងទម្លាប់លើកកម្ពស់សមត្ថភាព និងលទ្ធភាពប្រទេសទាំង២ ពង្រឹងជំនាញនាំហត្ថពលកម្ម សន្តិសុខសង្គម ពង្រឹងតម្លាភាព និងប្រសិទ្ធិភាពក្នុងដំណើការ នៃការបញ្ជូន និងទទួលពលកររវាងប្រទេសទាំង២ ដែលបានព្រមព្រៀងគ្នា ។
លើកិច្ចព្រមព្រៀងប្រើប្រាស់កម្លាំងពលកម្ម នៃរាជរដ្ឋាភិបាលរបស់ប្រទេសទាំង២ (កម្ពុជា-ថៃ )រួមមាន១៥ចំណុចហើយគោលបំណងនៃការបង្កើតឡើងនៃកិច្ចព្រមព្រៀងនេះ គឺដើម្បីអភិវឌ្ឍន៍និងពង្រីកកិច្ចសហការបង្កើតក្របខ័ណ្ឌច្បាស់លាស់មួយ សម្រាប់សម្របសម្រួលការងារតាមកិច្ចសន្យារបស់ពលករនៅក្នុងដែនដីនៃភាគីទាំងពីរ ឲ្យមានប្រសិទ្ធភាពតម្លាភាពលើមូលដ្ឋាននៃសិទ្ធនិងប្រសិទ្ធផលខ្ពស់។ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះ ភាគីទាំងពីរ ត្រូវបានរៀបចំវិធានការចាំបាច់ ដែលធានាថា នីតិវិធីលើការប្រើប្រាស់កម្លាំងពលកម្ម ត្រូវបានរៀបចំយ៉ាងត្រឹមត្រូវសម្រាប់អនុវត្ត ជាមួយគ្នានេះ នីតិវិធីស្តីពីកាតធ្វើមាតុភូមិនិវត្តន៍របស់ពលករ ដែលបានបញ្ចប់លក្ខខណ្ឌនៃកិច្ចសន្យាការងារត្រឡប់មកប្រទេសដើមវិញ ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធិភាពហើយពលករក៏ត្រូវទទួលបានការការពារតាមច្បាប់ អនុលោមតាមកិច្ចសន្យាការងារ និងត្រូវគោរពតាមច្បាប់ នៃភាគីម្ខាងទៀត ៕



































