ខេត្តសៀមរាប៖ មន្ទីរសុខាភបាលខេត្តសៀមរាបក្រោមការឧបត្ថម្ភពីរាជរដ្ឋាភិបាលនិងអង្គការដៃគូ បានរៀបចំសន្និបាតសុខាភិបាលខេត្តសៀមរាបនិងពិនិត្យរួមគ្នាសមិទ្ឋផលការងារសុខាភិបាលឆ្នាំ២០១៥និងទិសដៅឆ្នាំ២០១៦ រយៈពេលពីរថ្ងៃ នៅថ្ងៃទី២៤និងទី២៥ខែមិនឆ្នាំ២០១៦ ដោយមានវត្តមានអញ្ជើញចូលរួមរបស់មន្ត្រីសុខាភិបាលគ្រប់ថ្នាក់ ប្រធាន អនុប្រធានមន្ទីរ ពាក់ពន្ឋ័អាជ្ញាធរស្រុកក្រុងនិងអង្គការដៃគូពាក់ពន្ឋ័សរុបចំនួន៣៥០នាក់។សនកនិបាតនេះ ធ្វើឡើងក្នុងបំណងពិនិត្យឡើងវិញនូវសមិទ្ឋផលធៀបទៅនឹងផែនការគោលដៅប្រចាំឆ្នាំ២០១៥ កំណត់សកម្មភាពជាអាទិភាពសម្រាប់ទិសដៅការងារឆ្នាំ២០១៦ និងកំណត់នូវតំរូវការនៃការចូលរួមរបស់អង្គការដៃគូនិងអាជ្ញាធរមូលដ្ឋាន។ក្នុងមតិស្វាគមន៍របស់លោកវេជ្ជបណ្ឌិត ក្រុសសារ៉ាត់ បានបញ្ជាក់ពីស្ថានភាពទូទៅរបស់មន្ទីរសុខាភិបាលខេត្តថា៖មន្ទីរសុខាភិបាលខេត្ត មានស្រុកប្រតិបត្តិចំនួន៤និងគ្របដណ្តប់ការផ្តល់សេវាដោយមន្ទីរពេទ្យបង្អែកខេត្តមួយ មន្ទីរពេទ្យបង្អែកស្រុកចំនួន៤ ព្រមទាំងមណ្ឌលសុខភាពចំនួន៩០ ដែលបាននឹងកំពុងដំណើរការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងមានគ្រែទទួលអ្នកជម្ងឺសម្រាកព្យាបាលចំនួន៥២៦គ្រែនិងគ្រែសម្រាប់អ្នកជម្ងឺរបេង១០៥គ្រែ ដោយមិនរាប់បញ្ចូលមន្ទីរពេទ្យកុមារអង្គរនិងមន្ទីរពេទ្យជ័យវរ្ម័នទី៧។សម្រាប់ឆ្នាំ២០១៥មន្ទីរសុខាភិបាលសម្រេចបានដោយទទួលបានអាគារសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យបង្អែកសូទ្រនិគម១ខ្នង ឡដុតសម្រាមចំនួន១៣កន្លែង ឡដុតកប់សុក ក្រោយសម្រាល១៨កន្លែង ធ្វើសំយ៉ាបការពារទឹកភ្លៀងនៅតាមមណ្ឌលសុខភាពបាន១៥កន្លែង ធ្វើរបងមណ្ឌលសុខភាពនិងជួសជុល២១កន្លែង ជីកអណ្តូងទឹកនិងស្រះទឹកបាន ៩កន្លែង បង្គន់អនាម័យ៥កន្លែង ផ្ទះសម្រាប់បុគ្គលិកចំនួន១និងបំពាក់ផ្ទាំងសូឡាដល់មណ្ឌលសុខភាពចំនួន៤កន្លែង។មន្ទីរសុខាភិបាលមានបុគ្គលិកបំរើការទូទាំងខេត្តចំនួន899នាក់។ស្ទើរតែគ្រប់មណ្ឌលសុខភាពមៅទូទាំងខេត្ត មានចំនួនបុគ្គលិកទាបជាងកម្រិតស្តង់ដារដែលក្រសួងបានកំណត់ តែទោះជាយ៉ាងណា ពួកគាត់នៅតែមានឆន្ទះនិងការខិតខំប្រឹងប្រែងប្តេជ្ញាចិត្តបំរើសេវាជូនប្រជាពលរដ្ឋ២៤ម៉ោង លើ២៤ម៉ោង។ថ្លែងបើកអង្គសន្និបាត នាឱកាសនោះ ឯកឧត្តម សង់ រីហា អភិបាលរងខេត្ត បានថ្លែងកោតសរសើរដល់មន្ត្រី ថ្នាក់ដឹកនាំនិងបុគ្គលិកនៃមន្ទីរសុខាភិបាលទាំងអស់ក្នុងការសកម្មអនុវត្តការងារទទួលបានលទ្ឋផលល្អក្នុងឆ្នាំកន្លងមក និងបានចាត់ទុកអង្គសន្និបាតនេះថាពិតជាមានសារៈសំខាន់សម្រាប់លើកកម្ពស់តាមដាននិងពិនិត្យមើលទ្ឋផលសកម្មភាព ការលំបាកនិងបញ្ហារាំងស្ទះនាពេលកន្លងមកដើម្បីដោះស្រាយនិងកំណត់ទិសដៅផែនការសម្រាប់ឆ្នាំបន្តទៀត។ឯកឧត្តម មានប្រសាសន៍ថា៖គួបផ្សំផែនការសកម្មភាពនេះ បានធ្វើឱ្យវិស័យសុខាភិបាលនៅខេត្តសៀមរាបមានភាពប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ពិសេសការរីកចម្រើនលើហេដ្ឋារចនាសម្ពន្ឋ័វិស័យុខាភិបាលសាធារណៈមានការរីកចម្រើនគួរឱ្យកត់សំគាល់ លើសពីនេះមន្ត្រីទាំងអស់បានខិតខំបំរើនិងផ្តល់សេវានូវសកម្មភាពពេញលេញនិងគ្រប់ផ្នែកទទួលសង្គ្រោះបងប្អូនប្រជាពលរដ្ឋ ចាមួយនឹងសម្ភារៈបរិក្ខាទំនើបដែលទើបបានបំពាក់ជាបន្តបន្ទាប់ តាមគ្រប់មណ្ឌលសុខភាពទាំងអស់មានបន្ទប់រង់ចាំ មុន និងក្រោយពេលសម្រាល តាំងពីទីប្រជុំជនរហូតដល់ជនបទដាច់ស្រយាល។ឆ្លៀតឱកាសនោះ ឯកឧត្តមបានអំពាវនាវដល់ដៃគូអភិវឌ្ឍជាតិ ងន្តរជាតិនានារួមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់បន្តជួយគាំទ្រនិងជ្រោមជ្រែងសហការឱ្យបានល្អ ដើម្បីបង្កើនប្រសិទ្ឋភាពក្នុងការផ្តល់សេវាសុខភាពរបស់សហគមន៍ ជនបទនៅក្នុងខេត្តឱ្យកាន់តែប្រសើរនិងទទួលបានជោគជ័យ សំដៅកាត់បន្ថយអាត្រាមរណៈរបស់ស្ត្រីនិងកុមារនិងទប់ស្កាត់បាននិងភាពងាយរងគ្រោះដោយជម្ងឺឆ្លងផ្សេងៗ។ ដោយគឿនវេត