ភ្នំពេញ៖យុវជន២នាក់ជិះម៉ូតូឌុបគ្នាក្នុងល្បឿនយ៉ាងលឿន ហើយមិនគោរពភ្លើងស្ទុបផងនោះ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតដែលកំពុងជិះឆ្លងផ្លូវបណ្ដាលឲ្យខ្ទៀតចូលប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បណ្ដាលឲ្យម៉ូតូទាំងពីរគ្រឿងរងការខូចខាត សំណាងល្អភាគីទាំងសងខាងរងរបួសស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២១និង៤០នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ នៅចំណុចមុខនិងប៉ុស្តិ៍ស្រះចក តាមបណ្ដោយផ្លូវព្រះមន្នីវង្ស កែងនិងផ្លូវ១១០ ស្ថិតក្នុងសង្កាត់សង្កាត់ស្រះចក ខណ្ឌដូនពេញ។
មន្ត្រីសមត្ថកិច្ចនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកម្នាក់បាននិយាយប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគឺឃើញយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងទៀតម៉ាកហង់ដាឌ្រីម សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FQ.0164 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ឋរុស្សុី ទិសដៅពីលិចមកកើតហើយបានបទឆ្វេងឆ្លងផ្លូវព្រះមន្នីវង្សបំណងទៅជើង ខណះមកដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែមានយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសុគីឡែត ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FM.0130 ធ្វើដំណើរតាមបណ្ដោយផ្លូវ១១០ ទិសដៅពីកើតទៅលិច ជិះឌុបគ្នាក្នុងល្បឿនយ៉ាងលឿនដោយមិនគោរពស្ទុបចរារចរណ៍ ក៏ជ្រុលមកបុកចំពីមុខពេញទំហឹង បណ្ដាលឲ្យម៉ូតូគ្រឿងខ្ទៀតចូលប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បណ្ដាលឲ្យម៉ូតូទាំងពីរគ្រឿងរងការខូចខាត តែសំណាងល្អ ដែលមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសធ្ងន់ធ្ងរនោះ។
ក្រោយពេលកើតហេតុ មន្ត្រីសមត្ថកិច្ចប៉ុស្តិ៍ស្រះចក បានឲ្យភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងម៉ូតូបង្កព្រមសងថ្លៃខូចខាតទៅភាគីខាងម៉ូតូរងគ្រោះចំនួន១២០$ដើម្បីបញ្ចប់រឿង៕