ភ្នំពេញៈមន្ត្រីយោធាម្នាក់ស្រវឹងស្រា ហើយបានខឹងបុរសអ្នករត់ម៉ូតូឌុបជិះម៉ូតូទៅប៉ះគូទម៉ូតូរបស់ខ្លួនបន្តិចបន្តួចបានវាយបុរសម្នាក់ជាអ្នករត់ម៉ូតូឌុបបណ្ដាលឲ្យរងរបួសបែកច្រមុះហូរឈាម ពេញខ្លួន បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១នឹង១០នាទីយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ នៅចំណុចមុខក្លឹបកំសាន្តកាហ្សា តាមបណ្តោយផ្លូវលេខ៤៧ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ជនរងគ្រោះឈ្មោះ សូ ឃៀង អាយុ៤៤ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុប បច្ចុប្បន្នស្នាក់នៅសង្កាត់មិត្តភាព ខណ្ឌ៧មករា ចំណែកជនបង្កមានឈ្មោះ ហង្ស សុភា អាយុ៣០ឆ្នាំ មានមុខរបរជាមន្ត្រីយោធា (សិក្ខាកាមសាលាការពារជាតិ) បច្ចុប្បន្នស្នាក់នៅខណ្ឌមានជ័យ។
តាមសម្តីជនរងគ្រោះបាននិយាយរៀបរាប់ប្រាប់អោយដឹងថា នៅមុនពេលកើតហេតុរូបគាត់មកពីដឹកភ្ញៀវវិញក៏បានជិះមកកន្លែងកើតហេតុ ហើយក៏បានជិះម៉ូតូមកប៉ះកន្ទុយម៉ូតូយុវជនបង្ករបួសស្នាមខាងលើដែលចតឈប់ទិញកាតនៅទីនោះ រួចគេក៏បានទាក់សំដីគ្នាបន្តិចបន្ទួច ហើយយុវជនបង្កក៏ស្ទុះមកវាយរូបគាត់តែម្តង។ ប៉ុន្តែភាគីខាងយោធាបាននិយាយថា បុរសជាអ្នករត់ម៉ូតូឌុបជិះម៉ូតូមកប៉ះម៉ូខ្លួនហើយថែមទាំងវាយគេទៀត ហើយគេគ្រាន់តែការពារខ្លួនតែប៉ុណ្ណោះ។
ក្រោយមកកម្លាំងសមត្ថកិច្ចបាននាំភាគីទាំងសងខាងទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក និងធ្វើការសម្របសម្រួលគ្នាដោយភាគីបង្កចេញសងថ្លៃព្យាបាល៣០ដុល្លារបញ្ចប់រឿង ដោយមិនចង់មានរឿងវែងឆ្ងាយ ។ជីម ភារ៉ា