ខេត្តរតនគិរី៖ លោកគ្រូប្រធានការិយាល័យអបរំស្រុកម្នាក់បានស្លាប់គៀបក្នុងរថយន្តបង្កឡើងដោយរថយន្តយីឌុបដឹកដំឡូងពេញបុកជាមួយរថយន្តហាយឡិនឌ័រពេញទំហឹងខណៈកំពុងតែធ្វើដំណើរលើផ្លូវជាតិលេខ៧៨។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៩និង០០នាទីយប់ថ្ងៃទី២៥ ខែមិនាឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិឡាប៉ូសង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី។ករណីគ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចមូលដ្ឋាននិងកម្លាំងនគរបាលចរាចរណ៍នៃស្នងការនគរបាលខេត្តរតនគរិរីបានចុះទៅដល់កន្លែងកើតហេតុជួយអន្តរាគមន៍គាស់យកជនរងគ្រោះគៀបជាប់ក្នុងរថយន្តហាយលែនឌ័រប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
បើតាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាពួកគាត់បានឃើញរថយន្តយីឌុបដឹកដំឡូងពេញមានទិសដៅពីកើតទៅលិចស្របពេលដែលរថយន្តហាឡិនឌ័រមានទិសដៅពីលិចទៅកើត(បញ្ចាស់ទិសគ្នា) ដល់ត្រង់ចំណុចកើតហេតុខាងលើក៍បានបុកគ្នាពេញទំហឹងចំរេសាវ័រប្រេងលាន់ដូចរន្ទះបាញ់ខែប្រាំងបែកផ្កាភ្លើងព្រៀតក៍រេចង្កូតធ្លាក់ផ្លូវ។
បើតាមលោកជាងហឿងនគបាលយក្សឡោមប្រាប់ឲ្យដឹងថាជនរងគ្រោះមានឈ្មោះមៀច ឈិន អាយុ៤៨ឆ្នាំស្លាប់បើកបរខ្លួនឯងរថយន្តម៉ាកហាយឡិនឌ័រពាក់ស្លាកលេខភ្នំពេញ២T-៧៥៥៩មុខរបរប្រធានការិយាល័យអប់រំស្រុកបរកែវនិងជាអនុប្រធានសសយកស្រុកបរកែវមានទីលំនៅភូមិ១ឃុំឡាមិញស្រុកបរកែវ ខេត្តរតនគិរី។
ចំណែករថយន្តយីឌុបពាក់ស្លាកលេខភ្នំពេញ៣B.៦៧៦៩អ្នកបើកបរមានឈ្មោះមាស ម៉ម អាយុ៤៣ឆ្នាំ មានទីលំនៅភូមិជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានរត់គេចខ្លួនបាត់ស្រមោល។ បន្ទាប់ពីសមត្ថកិច្ចធ្វើការត្រួតពិនិត្យរួចសាកសពជនរងគ្រោះត្រូវបានសមត្តកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកឯរថយន្តបង្កគ្រោះថ្នាក់ទាំង២គ្រឿងខាងលើត្រូវបានកម្លាំងនគរបាលចរាចរណ៍អូសយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តរតនគិរីដើម្បីដោះស្រាយតាមផ្លូវច្បាប់៕ដោយ យក្សឡោម