ស្ទឹងត្រែង៖ក្នុងការចុះពិនិត្យសំណង់ផ្ទះថ្មី របស់ប្រជាពលរដ្ឋនៅភូមិស្រែស្រណុក ភូមិក្បាលរមាស ស្រែគរ ស្រុកសេសាន ព្រឹកថ្ងៃទី២៥មិនានេះ មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែនិងថាមពល បានលើកឡើងថាផ្ទះថ្មីមានគុណភាពល្អអាចទទួលយកបាន។ប៉ុន្តែលោករំពឹងថា គុណភាពសំណង់នៅវគ្គក្រោយៗ នឹងកាន់តែល្អប្រសើរជាងនេះ។
លោកអ៊ិត ប្រាង រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពលមានប្រសាសន៍ថា៖ការចុះមកពិនិត្យនេះគឺដើម្បីពង្រឹងគុណភាពសំណង់ហើយក្រុមហ៊ុនក៏ដូចជាក្រុមការងារដោះស្រាយផលប៉ះពាល់ថ្នាក់ខេត្តត្រូវយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ដែលបានយល់ព្រមចាកចេញពីការដ្ឋានវារីអគ្គិសនីមកនៅភូមិថ្មីនេះ ដើម្បីធ្វើជាគំរូសម្រាប់ អ្នកមិនទានបានចូលរួម នាំគ្នាចូលរួមដោយស្មគ្រ័ចិត្ត។
លោករដ្ឋលេខាធិការបញ្ជាក់ថា៖ក្រុមការងារថ្នាក់ខេត្តនិងក្រសួង នឹងបន្តរៀបចំទីលំនៅដ្ឋានថ្មីនេះឲ្យបានប្រសើរ ដើម្បីឲ្យប្រជាពលរដ្ឋ យល់អំពីសារសំខាន់នៃការធ្វើវារីអគ្គិសនី ហើយនាំគ្នាចាកចេញដោយគ្មានការបង្ខិតបង្ខំ យើងបានពិនិត្យជាមធ្យម ក្នុងរយៈពេលសាងសង់នេះ យើងធ្វើតាមចំនួនប្រជាពលរដ្ឋជ្រើសរើងហើយ ឃើញថាគុណភាពសំណង់អាចទទួលយកបាន សង្ឃឹមថាវគ្គក្រោយៗទៀត គុណភាពសំណង់និងបានល្អប្រសើរ ដោយមានបទពិសោធន៏ពីវគ្គមុនៗកន្លងមក។
លោកខុន ធានជាងសំណង់ផ្ទះនេះបានបញ្ជាក់ថា៖ក្រុមការងារសាងសង់ ធ្លាប់មានបទពិសោធន៍ក្នុងការងារសំណង់ជាង៥ឆ្នាំមកហើយ ដូចនេះអ្វីដែលក្រុមការងារ និងក្រុមហ៊ុនប្រគល់ឲ្យនេះ លោកនឹងខិតខំធ្វើឲ្យបានត្រឹមត្រូវទៅតាមការណែនាំ និងមានប្រយោជន៍សំរាប់ប្រជាពលរដ្ឋ រស់នៅផងខិតខំព្យាយាមដែលគម្រោងដាក់ម៉ូយើងត្រូវធ្វើតាមហ្នឹង ដើម្បីឲ្យទៅតាមស្តងដារបស់ប្លង់ ដែលគេឲ្យមកហ្នឹង មានគុណភាពកាន់តែល្អឡើងប្រជាជនរស់នៅបានល្អមានគុណភាពយូរអង្វែង។
មន្ត្រីក្រុមការងារដោះស្រាយសំណងផលប៉ះពាល់ជូនប្រជាពលរដ្ឋបានឲ្យដឹងថារាជរដ្ឋាភិបាលមានគោលនយោបាយដោះស្រាយសំណងជូនប្រជាពលរដ្ឋ រងផលប៉ះពាល់នូវផ្ទះមួយខ្នងដែលមានផ្ទៃក្រឡា៨០ម៉ែត្រការ៉េ ដីលំនៅដ្ឋានទំហំ ២០ម៉ែត្រគុណនឹង៥០ម៉ែត្រ ដីសម្រាប់ធ្វើស្រែចំការទំហំ ៥ហិកតា និងសងចំពោះដើមឈើគ្រប់ប្រភេទដោយគិតជាថវិការ។ក្នុងនោះភូមិស្រែស្រណុកសាងសង់រួចរាល់១០០%ភាគរយហើយកំពុងតភ្លើងចូល ភូមិក្បាលរមាសបាន៩០% និងភូមិស្រែគរកំពុងដំណើរការ ជូសឆាយផ្លូវ ដាក់លូ ពុះឡូ ធ្វើការរៀបចំសាងសង់។
ជាមួយគ្នានេះ រដ្ឋាភិបាលក៏បានសន្យាផ្តល់ឋាមពលអគ្គិសនីជូនប្រជាពលរដ្ឋនៅតំបន់នោះក្នុងតម្លៃថោក ដើម្បីប្រើប្រាស់ក្នុងការងារកសិកម្ម និងលំនៅដ្ឋាន។
សូមបញ្ជាក់ថារហូតមកដល់ពេលនេះទំនប់វារីអគ្គីសនីសេសានក្រោម២ ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង សាងសង់សម្រេចបាន៦០ភាគរយហើយ ដែលគ្រោងដំណើរការម៉ូប៊ីនទី១នៅចុងឆ្នាំ២០១៧ខាងមុខនេះ ខណៈ ការដំឡើងបង្គោលចែកចាយឋាមពលអគ្គិសនីនៅតាមភូមិនានាក្នុងខេត្តស្ទឹងត្រែងបានប្រមាណ៥០ភាគរយហើយដែរ៕