ស្ទឹងត្រែង៖មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានសហការជាមួយBLOប្រចាំច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីពៅ សំអេងបានបើកប្រតិបត្តិការ ចុះឃាត់ខ្លួនជនសង្ស័យជនជាតិឡាវម្នាក់ រឹបអូសរថយន្តវីហ្គោ១គ្រឿង គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE)២គីឡូក្រាម ហេរ៉ូអ៊ិន២គីឡូក្រាម បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត។
កិច្ចប្រតិបត្តិការចុះឃាត់ខ្លួនជនសង្ស័យជនជាតិម្នាក់ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១៧និង៥០នាទីល្ងាចថ្ងៃទី២៥ខែមិនាឆ្នាំ២០១៦ ត្រង់ចំនុចត្រពាំងគ្រៀល ស្ថិតក្នុងភូមិខាំផាន់ សង្កាត់ សាមគ្គី – ក្រុង- ខេត្តស្ទឹងត្រែង។
នាយរងមន្ទីរប្រឆាំងគ្រឿងញៀនលោកឧត្តមសេនីយ៍ត្រីពៅ សំអេងបានអោយដឹងថាជនសង្ស័យជនជាតិឡាវម្នាក់ឃាត់ខ្លួននេះ មាន ឈ្មោះខាំ សៃញ៉ាវង្សា ភេទប្រុស អាយុ៤៦ឆ្នាំ(ជនជាតិឡាវ)មានទីលំនៅភូមិចមភិត ស្រុកខាំខេត ខេត្តខាំមួន ប្រទេសឡាវ និងមានប្រពន្ធឈ្មោះកែវ ថាំម៉ាក់វង្ស អាយុ៣៦ឆ្នាំ។
លោកឧត្តមសេនីយ៍ត្រីនាយរងមន្ទីរប្រឆាំងគ្រឿងញៀនបានបន្តអោយដឹងទៀតថាករណីបង្ក្រាបគ្រឿងញៀនខាងលើគឺស្ថិតក្រោមការចង្អុលបង្ហាញបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រីម៉ក់ ជីតូអគ្គស្នងការងនៃមន្ទីរឆាំងគ្រឿងញៀន ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យជនជាតិឡាវម្នាក់ខាងលើនេះបាន។
លោកបានបន្តថាជនសង្ស័យជនជាតិឡាវជួញដូរគ្រឿងញៀនម្នាក់នេះសមត្ថកិច្ចបានធ្វើការស៊ើបអង្កេតអស់រយៈពេលជាច្រើនខែ នៅតាមភូមិសាស្ត្រខាងលើ ដែលក្រុមឧក្រិដ្ឋជន តែងតែលបលួចធ្វើសកម្មភាពនាំគ្រឿងញៀន ឆ្លងដែនចូលមកទឹកដីកម្ពុជា ខណជនសង្ស័យបើករថយន្ត ឆ្លងកាត់ព្រំដែនត្រង់ចំណុចបង្គោលឡាក់៣២ ដែលមានគ្នា៣នាក់ ឆ្ពោះមកកាន់ចំណុចដោះដូរ ក៏ត្រូវបានកម្លាំងរបស់លោក ធ្វើការឡោមព័ទ្ធស្ទាក់ចាប់បានម្នាក់ ២នាក់បានរត់គេចចូលព្រៃបាត់ និងបានដកហូតរថយន្តវីហ្គោសេរីឆ្នាំ២០១៥មួយគ្រឿង រួមជាមួយគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE)ចំនួន២គីឡូក្រាម និងប្រភេទហេរ៉ូអ៊ិន២គីឡូក្រាម បញ្ជូនមកស្នងការខេត្តធ្វើការសាកសួរ។
គ្រឿងញៀនត្រូវបានធ្វើតេស្តរកសាធាតុញៀនចំពោះមុខជនសង្ស័យ នឹងមានការចូលរួមពី ព្រះរាជអាជ្ញារងលោកស្រីស៊ុន យ៉ឺតសាលាដំបូងខេត្តថាពិជាមានសារធាតុញៀនពិតប្រាកដមែននិងបានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថាវត្ថុតាងថ្នាំញៀន ដែលសមត្ថកិច្ចចាប់បានពិតជារបស់ខ្លួនមែន។
បច្ចុប្បន្នជនសង្ស័យជនជាតិឡាវម្នាក់ រួមនិងវត្ថុតាងមានរថយន្តវីហ្គោ សេរីឆ្នាំ២០១៥មួយគ្រឿង គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE)ចំនួន២គីឡូក្រាម ហេរ៉ូអ៊ិន២គីឡូក្រាម ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿង បញ្ជូនខ្លួនទៅកាន់តុលាការ នារសៀលថ្ងៃ២៦មិនានេះ ដើម្បីចាត់វិធានការទៅតាមនីតិវិធីច្បាប់ ៕