ខេត្តសៀមរាប៖នៅព្រឹកថ្ងៃទី២៨ខែមីនាឆ្នាំ២០១៦នេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីទៀបាញ់រដ្ឋមន្ត្រីក្រសួងការងារពារជាតិនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប និងលោកជំទាវព្រមទាំងឯកឧត្តមលោកឧកញ៉ាលោកជំទាវជាសមាជិករដ្ឋសភារដ្ឋលេខាធិការអនុរដ្ឋលេខាធិការគណៈអភិបាលខេត្តមេបញ្ជាការយោធភូមិភាគទី៤និងកងពលធំអន្តរាគមន៍លេខ២ព្រមទាំងអស់លោកលោកស្រីជាភរិយាថ្នាក់ដឹកនាំមន្ទីរស្ថាប័នអង្គភាពបានអញ្ជើញចុះសួរសុខទុក្ខនិងធ្វើការសំណេះសំណាលជាមួយក្មួយៗកុមារនៃសាលាកុមារគថ្លង់និងពិការភ្នែកខេត្តសៀមរាប។ក្នុងកិច្ចស្វាគមន៍របស់លោកស្រីនាយិកាសាលាកុមារគថ្លង់និងពិការភ្នែកខេត្តបានគូសបញ្ជាក់ឲ្យដឹងថាឆ្លងកាត់រយៈពេល១៦ឆ្នាំមកនេះសាលាកុមារគថ្លង់និងពិការភ្នែកខេត្តមានអគារចំនួន១២ខ្នងបុគ្គលិកចំនួន៤០នាក់ស្រី១៦នាក់និងមានសិស្សសរុប១២២នាក់ស្រី៤១នាក់ក្នុងនោះសិស្សគថ្លង់៩៤នាក់នាក់ស្រី៣០នាក់សិស្សពិការភ្នែក២៨នាក់ស្រី១១នាក់និងស្នាក់នៅរៀនសូត្រក្នុងសាលាចំនួន៧២នាក់ស្រី៣៣នាក់។ក្នុងនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីនិងលោកជំទាវព្រមទាំងសប្បុរសជនបានឧបត្ថម្ភគាំទ្រជាសម្ភារៈសិក្សា ស្បៀងអាហារប្រចាំខែ ដល់សាលាកុមារគថ្លង់ និង ពិការភ្នែក ដែលជាសកម្មភាពទាំងនេះជាការផ្តល់នូវភាពកក់ក្តៅចំពោះកុមារនិងជម្រុញឲ្យកុមារទាំងអស់មានការពុះពារតស៊ូទៀតផង។ឯ.ឧទៀបាញ់ក៏បានធ្វើការកោតសរសើរចំពោះលោកគ្រូអ្នកគ្រូដែលបានខិតខំបង្ហាត់បង្រៀនដល់ក្មួយៗទាំងអស់រហូតបានរកនូវការងារជូនដល់សិស្សគថ្លង់និងនិងពិការភ្នែកបានធ្វើនៅតាមបណ្តាក្រុមហ៊ុនឯកជនក្នុងការរកនូវកម្រៃដោះស្រាយជីវភាពប្រចាំថ្ងៃរបស់ខ្លួន។កត្តាទាំងនេះក៏សបញ្ជាក់ផងដែរចំពោះបណ្តាក្រុមហ៊ុនឯកជនដែលមិនមានភាពរើសរអើងចំពោះជនពិការមកពីកំណើតពីព្រោះថាមនុស្សយើងគ្រប់រូបកើតមកគឺមានទេពកោសល្យទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួនមិនថាជាជនពិការឬមិនពិការឡើយ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានលើកនូវដំបូន្មានល្អៗមួយចំនួនសម្រាប់ក្មួយៗកុមារគថ្លង់និងពិការភ្នែកទាំងអស់ត្រូវគោរពត្រង់ត្រាប់នូវដំបូន្មានរបស់លោកគ្រូអ្នកគ្រូនឹងចេះជួយនូវទុក្ខធុរះមិត្តភ័ក្តចេះស្រឡាញ់សាមគ្គីគ្នាឲ្យបានល្អនៅក្នុងមជ្ឈមណ្ឌលព្រមទាំងត្រូវខិតខំសិក្សារៀនសូត្រនិងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀនដែលសង្គមស្អប់ខ្ពើម។ក្នុងនោះដែរឯកឧត្តមនិងលោកជំទាវក៏បាននាំយកនូវអំណោយចែកជូនដល់សិស្សគថ្លង់ដោយម្នាក់ៗសៀវភៅ៥ក្បាលប៊ិច២ដើមសារុង១ក្រម៉ា១ថវិកា៣ម៉ឺនរៀលសិស្សពិការភ្នែកម្នាក់ៗសារុង១ក្រម៉ា១ថវិកា៣ម៉ឺនរៀលលោកគ្រូអ្នកគ្រូម្នាក់ៗសៀវភៅ១៥ក្បាលប៊ិច៥ដើមសារុង១ក្រម៉ា១ថវិកា៥ម៉ឺនរៀលនិងផ្គត់ផ្គង់ស្បៀងអាហារនូវគ្រឿងឧបភោគបរិភោគដល់សាលារយៈពេល៥ខែនូវអង្ករ៥តោនត្រីខ៥កេសម៉ី២០កេស , ទឹកក្រូច៨កេសនំស្រួយ ៣កេស និង ៥ថងធំ និង កំព្យូទ័រ១គ្រឿង ព្រឹនធ័រ ១គ្រឿង តុការិយាល័យ១ និង ថវិកា ចំនួន ៥លានរៀលផងដែរ។ក្នុងឱកាសនោះក៏មានរៀបចំជួបជុំពិសារអាហារថ្ងៃត្រង់ជូនដល់ក្មួយៗពិការដោយឯកឧត្តមលោកជំទាវអស់លោកលោកស្រីបានធ្វើការឌួសអាហារបញ្ចុកអាហារដល់ក្មួយៗកុមារគថ្លង់និងពិការភ្នែកក្នុងភាពទឹកចិត្តជាម្តាយឳពុករបស់ក្មួយៗប្រកបដោយភាពរីករាយក្នុងការអាណិតអាសូរដល់ក្មួយៗកុមារពិការបំផុត៕ដោយ ស៊ាន សុផាត