ខេត្តព្រះវិហារ សេចក្តីរាយការណ៍បានអោយដឹងថាប្រជាពលរដ្ឋម្ចាស់ស្រុកនិងអ្នកចំណូលថ្មីប្រមាណ៣០០នាក់ដែលមានមុខរបរមិនពិតប្រាកដបានកេណ្ឌគ្នាទៅជីករុករករ៉ែមាសស្ថិតនៅចំណុចព្រៃទទឹងភូមិរំដេងឃុំរមទមស្រុករវៀងខេត្តព្រះវិហារកាលពីពេលថ្មីៗនេះ។តំបន់ដីដែលសង្ស័យថាមានប្រភពរ៉ែមាសច្រើននោះជាដីសាធារណះរបស់រដ្ឋប៉ុន្តែមិនមានប្រភពព័ត៌មានណាមួយអះអាងច្បាស់ថាពលករទាំងនោះជីកបានរ៉ែមាសប៉ុន្មាននោះទេវាគ្រាន់តែផ្អើលតៗគ្នាតែប៉ុណ្ណោះ។
ទិដ្ឋភាពជីករ៉ែមាសនៅចំណុចព្រៃទទឹងថ្មីៗនេះគឺប្រជាពលរដ្ឋរាប់រយនាក់បាននាំគ្នាជិះគោយន្តកន្ត្រៃយ៍និងខ្លះទៀតជិះម៉ូតូមានទាំងចបជីកនិងដែកស្មែងព្រមទាំងការ៉ុងសំរាប់ដាក់អាចម៍ដីយកទៅរែងរកមាសនៅតាមអូរនិងតាមផ្ទះរៀងៗខ្លួន។ពលរដ្ឋជីករ៉ែមាសម្នាក់បានអោយដឹងថាជាទម្លាប់អោយតែជិតបុណ្យចូលឆ្នាំខ្មែរគឺប្រជាពលរដ្ឋមានជីវភាពខ្វះខាតជាច្រើននាក់បាននាំគ្នាផ្សងសំណាងទៅជីករ៉ែមាសដើម្បីលក់យកលុយបុណ្យចូលឆ្នាំខ្មែរដោយនាំគ្នាបួងសួងនិងបន់ស្រន់អោយទេវតាជួយថែមទៀត។
តាមការស្រាវជ្រាវស៊ើបសួរអ្នកស្រុករវៀងបានអោយដឹងថាជាច្រើនឆ្នាំមកហើយពលករជីករ៉ែមាសទាំងនោះបានត្រឹមល្អមើលតែប៉ុណ្ណោះគ្មានអ្នកណាម្នាក់មានភ័ព្វសំណាងបានធ្វើអ្នកមាននោះទេហើយអ្នកខ្លះឮថាជំពាក់បំណុលគេថែមទៀត។
លោកសាយដេតអធិការនគរបាលស្រុករវៀងបានអោយដឹងនៅថ្ងៃទី២៨ខែមិនានេះថាប្រជាពលរដ្ឋជីករករ៉ែមាសខាងលើបាននាំគ្នាផ្អាកឈប់ជីកអស់ហើយកាលពីកន្លះខែមុន។ពួកគាត់ឈប់ជីករកមាសដោយខ្លួនឯងរីឯសមត្ថកិច្ចមិនបានធ្វើអីពួកគាត់ទេ។
សេចក្តីរាយការណ៍ផ្សេងទៀតបានអោយដឹងថាមានក្រុមហ៊ុនចិនមួយបានដឹកម៉ាស៊ីនទំនើបៗសំរាប់ខួងនិងកិនរ៉ែមាសដើម្បីជីករុករកមាសលើដីទំហ៊ំ២ហិកតារបស់នាយទាហានជាន់ខ្ពស់ម្នាក់ពាក់ផ្កាយ២មកពីរាជធានីភ្នំពេញ។អាជ្ញាធរស្រុករវៀងបានឆ្លើយថាមិនទាន់បានដឹងពីប្រភពព័ត៌មានមួយនេះទេចាំចុះស្រាវជ្រាវសិន៕
ប្រភពព័ត៌មានក្រៅផ្លូវការបានអោយដឹងថាក្រុមហ៊ុនចិនខ្នាតធំរុករករ៉ែមាសមានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាលកម្ពុជាឈ្មោះCWSនៅចំណុចភ្នំលុងក្នុងឃុំរមទមបានចាក់គ្រឹះធ្វើអាជីវកម្មយកមាសយ៉ាងរឹងមាំជាង១០ឆ្នាំជាប់គ្នាមកនេះសង្ស័យបានចំណេញកប់ក្តោង៕
មង្គល