សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប គឺលោកឈួន ហុក និងលោកគុជ លីណា រួមជាមួយលោកស៊ិក ប៊ុនស៊ិន អភិបាលស្រុកស្វាយលើ ត្រូវបានក្រុមទាហានយោធភូមិភាគ៤ ធ្វើការរេរាំងមិនឲ្យពួកលោកនិងក្រុមការងារចូលទៅស្រង់ស្ថិតិ យកចំនួនប្រជាពលរដ្ឋ ដែលមានទំនាស់ដីធ្លីជាមួយទាហានអង្គភាពខាងលើ។
អភិបាលស្រុកស្វាយលើ លោកស៊ិក ប៊ុន ប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អាស៊ីអាគ្នេយ៍ខេត្តសៀមរាបតាមទូរស័ព្ទនាល្ងាចថ្ងៃទី២៩ ខែមីនានេះថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ ក្រុមទាហានពិតជាបានរេរាំងមិនឲ្យក្រុមលោកចូលទៅស្រង់ស្ថិតិយកចំនួនប្រជាពលរដ្ឋដែលមានទំនាស់ជាមួយ អង្គភាពយោធាយោធភូមិភាគ៤ មែន។ ប៉ុន្តែលោកថា លោកមិនបាននៅក្នុងការរេរាំងនោះទេ ដោយលោកទៅដល់ក្រោយគេ។លោកស៊ិក ប៊ុនស៊ិន បានថ្លែងថា លោកគុជ លីណា ជាអ្នកនៅក្នុងការរេរាំងនោះ។
នៅរសៀលថ្ងៃទី២៩ មីនា ដដែលនេះ លោកគុជ លីណា មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទរបស់លោកហៅចូលមិនមានអ្នកទទួល។ ចំណែកលោកឧត្តមសេនីយ៍ ជា ម៉ន មេបញ្ជាការយោធោយោធភូមិភាគ ក៏មិនអាចសុំការបំភ្លឺបានដែរ។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋ១៣៩គ្រួសារនៅភូមិសែនមានជយ័ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប បានកើតមានជម្លោះដណ្តើមដីជាមួយនិងលោកជាម៉នមេបញ្ជាការយោធភូមិភាគនៅលើផ្ទៃដី៩៧១ហិចតា។ ដីទាំងនោះត្រូវបានប្រជាពលរដ្ឋអះអាងថា ពួកគាត់កំពុងអាស្រ័យផលជាក់ស្តែងនិងកាន់កាប់យូរឆ្នាំមកហើយ។
ស្ដ្រីមេម៉ាយឈ្មោះណម ទឹម អាយុ៥៦ឆ្នាំ បានរាបរាប់ថារូបគាត់មានដីចំការ២ហិចតា ដែលបានបង្កបង្កើនផលចញ្ចឹមជីវិតអស់រយៈពេលជាង១០ឆ្នាំមកហើយ ឥឡូវនេះត្រូវបានទាហ៊ានរំលោភយកអស់មិនដឹងរំពឹងអ្វីចឹញ្ចឹមជីវិតចុងក្រោយរបស់គាត់ទៀតឡើយ។
អ្នកភូមិម្នាក់ទៀតរឹម ស៊ីធុន បានអោយដឹងថា រូបគាត់យកម៉ាស៊ីនកាត់ស្មៅទៅកាត់ក្រោមដើមចាន់ទី ត្រូវបានក្រុមទាហ៊ានចាប់គាត់វាយអោយសន្លប់ រួចចាប់ផ្ដិតមេដាយលើកិច្ចសន្យាបញ្ឈប់ដោយរូបគាត់អស្រ័យផលបន្តទៀត។
ចំណែកលោកមេភូមិឈ្មោះ ថាន ផល បានអោយដឹងថាប្រជាពលរដ្ឋដែលជាកូនចៅទាំងអស់ទទួលរងការឈឺចាប់រកអ្វីប្រៀបផ្ទឹមមិនបានទេ។ ដូច្នេះលោកដែលជាតំណាងអ្នកភូមិទាំងអស់ សុំអង្វរឲ្យសម្តេចតេជោជួយរកយុត្តិធម៌ដល់ពួកគាត់ផង៕