ខេត្តសៀមរាប លោកកៅ សោភ័ណ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប តំណាងឯ.ឧ បណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាបបានអញ្ជើញជាគណៈអធិបតីក្នុងពិធីបញ្ចុះខ័ព្ឌសីមា វត្តពោធិសមាចារ្យ ហៅវត្តស្រង៉ែចារ្យ ស្ថិតនៅក្នុងភូមិដុបត្នោត ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលស្រុកក្រុមប្រឹក្សាស្រុកលោកគ្រូអ្នកគ្រូសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ក្នុងនោះលោកកុលហ៊ាញអាចារ្យវត្តពោធិសមាចារ្យហៅវត្តស្រង៉ែចារ្យក៏ឲ្យដឹងថា វត្តពោធិសមាចារ្យហៅវត្តស្រង៉ែចារ្យនេះបានកសាងឡើងក្នុងឆ្នាំ១៩៤៩ដែលក្នុងពេលនោះ មានព្រសង្ឃ១ព្រះអង្គព្រះនាម ទុំ សៀន ហៅទុំ យ៉ាន់ គង់នៅវត្តលោមព្រលឹង។ លោកអាចារ្យបន្តថា ចាប់តាំងពីកសាងវត្តមកដល់បច្ចុប្បន្នវត្តពោធិសមាចារ្យហៅវត្តស្រង៉ែចារ្យ មានព្រះគ្រូចៅអធិការវត្តចំនួន១១ព្រះអង្គសម្រាប់គ្រប់គ្រង និងដឹកនាំកសាងវត្តអារាម។ លោកតា បានបញ្ជាក់ថា ព្រះវិហារនេះ បានចាប់ផ្ដើមកសាងពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ មកដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ ដែលចំណាយបច្ច័យកសាងអស់ចំនួន១៧០ ០០០ដុល្លារអាមេរិក។ មានប្រសាសន៍សំណេះសំណាល ក្នុងឱកាសនោះដែរ លោកកៅ សោភ័ណ្ឌ បានមានប្រសាសន៍លើកឡើងថា ដូចដែលព្រះតេជគុណ ព្រះថេរា នុត្ថេរៈគ្រប់ព្រះអង្គ អស់លោក លោកស្រី លោកតា លោកយាយ បានជ្រាបស្រាប់ហើយ នៅក្នុងចន្លោះឆ្នាំ១៩៧៥-១៩៧៩ទីវត្តអារាមត្រូវបានបំផ្លិចបំផ្លាញអស់គ្មានសល់ ដោយសាររបបប្រល័យពូជសាសន៍ប៉ុលពតហើយពួកវាបានបានប្រែក្លាយទីវត្តអារាម ដែលជាកន្លែងគោរពបូជារបស់ប្រជាពលរដ្ឋនិងសាលារៀនដែលជាកន្លែងផ្ដល់ចំណេះដឹង យកទៅធ្វើជាមន្ទីរឃុំឃាំងសួរចម្លើយនិងជាកន្លែងកាប់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ ជាក់ស្ដែងវត្តពោធិសមាចារ្យ ហៅវត្តស្រង៉ែចារ្យយកធ្វើជង្រុកស្រូវរួមផងដែរ ។ លោកគណៈអធិបតី ក៏បានមានប្រសាសន៍បន្តថា ក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ ក្រោមការដឹកនាំរបស់សម្ដេចទាំង៣ លើគ្រប់វិស័យទាំងអស់ត្រូវបានកកើតឡើងវិញនិងរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងនោះវិស័យព្រះពុទ្ធសាសនាក៏មានការរីកចម្រើនលូតលាស់ខ្លាំងណាស់ដែរ ជាក់ស្ដែងវត្តវត្តពោធិសមាចារ្យហៅវត្តស្រង៉ែចារ្យក៏បានកកើតឡើងវិញនៅក្នុងឆ្នាំ១៩៨១ផងដែរ ។ក្នុងនោះដែរកៅសោភ័ណ្ឌ បានកោតសរសើរចំពោះមហាកម្លាំងសាមគ្គីធម៌ជាធ្លុងមួយដោយស្មោះអស់ពីចិត្ត និងថ្លែងអំណរគុណជាអតិបរមាប្រគេនចំពោះព្រះគ្រូចៅអធិការ ព្រះថេរា នុត្ថេរៈគ្រប់ព្រះអង្គ អស់លោក លោកស្រី លោកតា លោកយាយ សប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានចូលរួមឧបត្ថម្ភជាថវិកា សម្ភារៈសម្រាប់កសាងព្រះវិហារនោះឡើង ឲ្យមានជាសមិទ្ធផលយ៉ាងស្កឹមស្កៃនេះ។ ក្នុងនោះដែរ ឯ.ឧ ក៏បាននាំយកថវិការបស់រដ្ឋបាលសាលាខេត្តសៀមរាប ចំនួន១លានរៀលដើម្បីចូលរួមឧបត្ថម្ភក្នុងកម្មវិធីបុណ្យបញ្ចុះខ័ព្ឌសីមាវត្តពោធិសមាចារ្យ ហៅវត្តស្រង៉ែចារ្យផងដែរ។ ដោយគឿនវេត