ភ្នំពេញ៖ជនត្រូវជាប់សង្ស័យម្នាក់ បានទៅធ្វើសកម្មភាពលួច
កាច់កសោរម៉ូតូពីផ្ទះជនរងគ្រោះបានសម្រេច ប៉ុន្តែអូសចេញមិនរួច ត្រូវបានសន្តិសុខយាមផ្ទះឃើញទាន់ស្រែកផ្អើលឆោឡោដល់ប្រជាពលរដ្ឋមកចាប់ព្រួតវាយយ៉ាងចាស់ដៃរួចប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែ ខណ្ឌឫស្សីកែវនៅវេលាម៉ោង១៖៣០នាទីយប់រំលងអាធ្រាតថ្ងៃទី៣០ ឈានចូលថ្ងៃទី៣១ ខែ មិនា ឆ្នាំ២០១៦នៅត្រង់ចំណុចផ្ទះលេខ៩៥ ផ្លូវលេខ១០៧ ក្រុម១២ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា ជនត្រូវឃាត់ខ្លួនពាក់ព័ន្ធករណីលួចម៉ូតូមានឈ្មោះប្រុស ភ័ក្រ ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅភាគច្រើននៅលើសួនច្បារមាត់ទន្លេសាប ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។រីឯជនរងគ្រោះមានឈ្មោះសន ចាន់ដារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរជានិស្សិត ស្នាក់នៅចំណុចកើតហេតុខាងលើព្រមទាំងជាម្ចាស់ម៉ូតូ១គ្រឿងម៉ាកស៊ុយស៊ូគីស្ទេប ពណ៍ក្រហមលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ១AC-៤៥៤៤ ។
មន្ត្រីសមត្ថកិច្ចបានឲ្យដឹងទៀតថា តាមការរៀបរាប់ឲ្យដឹងពីជនរងគ្រោះ នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះបើកម៉ូតូរបស់ខ្លួនចេញពីផ្ទះទាំងយប់ដើម្បីទៅទិញថ្នាំពេទ្យឲ្យម្ដាយនៅម្ដុំពេទ្យលោកសង្ឃ។លុះត្រឡប់មកផ្ទះវិញជនរងគ្រោះបានចាក់សោរកម៉ូតូនិងចាក់សោរបងផ្ទះរួចរាល់ក៍ចូលទៅដេកតែម្ដងទៅលុះមកដល់វេលាម៉ោងកើតហេតុជនរងគ្រោះបានឮសម្លេងស្រែកផ្អើលឆោឡោថាមានចោរលួចម៉ូតូខណៈនោះជនរងគ្រោះជាម្ចាស់ម៉ូតូបានបើកទ្វារចេញមកខាងក្រៅផ្ទះក៍ឃើញជនសង្ស័យដែលលួចកាច់កសោរម៉ូតូរបស់ខ្លួនត្រូវសន្តិសុខយាមផ្ទះនិងអ្នកជិតខាងជាច្រើននាក់បានចាប់ក្របួចជនសង្ស័យជាចោរលួចម៉ូតូរួមទាំងដកហូតនូវវត្ថុតាងជាដែកចុងស្រួចទុកសម្រាប់ឆ្កិះកាច់កសោរម៉ូតូចំនួន១ព្រមទាំងវាយឡើងទ្រមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែ ខណ្ឌឫស្សីកែវមកធ្វើការសាកសួរបន្ថែមផងដែរ។មន្ត្រីសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែបានបញ្ជាក់ថា ក្រោយការសាកសួរជនសង្ស័យពាក់ព័ន្ធករណីលួចម៉ូតូបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថារូបគេពិតជាបានចូលទៅលួចកាច់កសោរម៉ូតូពីផ្ទះជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្នជនត្រូវជាប់សង្ស័យត្រូវបានបញ្ជូនទៅឃុំខ្លួនសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីចាត់ការតាមនិតិវិធីច្បាប់ដោយឡែកម៉ូតូម៉ាកស្ទេប១គ្រឿងត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការប្រគល់ជូនជនរងគ្រោះវិញផងដែរបន្ទាប់ពីស្រាវជ្រាវ៕ហាស់ កំសាន្ដ