បន្ទាយមានជ័យះ សពគ្រូបង្រៀនដែលស្លាប់ដោយរន្ទះបាញ់កាលពី២ថ្ងៃមុននៅស្រុកមង្គលបូរីត្រូវបានលោក ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបាននាំយកអំណោយនិងថវិកាទៅប្រគល់ជូនដល់គេហដ្ឋានគ្រួសារសពដែលស្ថិតនៅ ក្នុងភូមិតាអ៊ិន១ ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃ១៩ខែឧសភាឆ្នាំ២០១៤។ អំណោយដែលត្រូវប្រគល់ដល់គ្រួសារសពរួមមាន អង្ករ៧០គីឡូក្រាមថវិកា១លាន៥ម៉ឺនរៀលផងដែរ។
លោក ឱ បូរិន្ទ ក្នុងនាមជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងមេបញ្ជាការរងព្រមទាំងមេបញ្ជាការ មេបញ្ជាការរងតាមបណ្តាក្រុងស្រុកដែលបានចូលរួមក្នុងពិធីបុណ្យសពបានសម្តែងនូវការសោកស្តាយនិងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសាច់ញាតិដែលបានបាត់បង់សមាជិកគ្រួសារហើយជាពិសេសគឺការបាត់បង់យ៉ាងធំធេងនូវធនធានមនុស្សដែលជាគ្រូបង្រៀន។
សូមបញ្ជាក់ផងដែរថា សពលោក ប៉ាល់ សារ័ត្ន អាយុ៣២ឆ្នាំ មានទីលំនៅភូមិតាអ៊ិន១ ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យបានស្លាប់កាលពីថ្ងៃទី១៧ខែឧសភាឆ្នាំ២០១៤ដោយសាររន្ទះបាញ់ខណះដែលកំពុងភ្ជួរស្រែ ហើយបានចូលជ្រកភ្លៀងនៅចំណុចបឹង យាយហុកខាងត្បូង ភូមិតាអ៊ិន២ ឃុំស្រះរាំង ស្រុកមង្គលបូរី ។ជនរងគ្រោះមានមុខរបរជាគ្រូបង្រៀននៅអនុវិទ្យាល័យតាឡំ៕ ដោយ:ឃិន គន្ធា