ខេត្តព្រះវិហារ ៖សេចក្តីរាយការណ៍បានអោយដឹងថាថ្នាក់ដឹកនាំរដ្ឋបាលព្រៃឈើម្លូរព្រៃកំពង់ស្រទ្បៅនិងផ្នែករដ្ឋបាលព្រៃឈើឆែបបានសហការគ្នាចុះបង្ក្រាបបទល្មើសព្រៃឈើនិងសត្វព្រៃដែលជនល្មើសកំពុងដឹកជញ្ជូនតាមដងផ្លូវកាលពីព្រឹកថ្ងៃទី៣០មីនា២០១៦ស្ថិតនៅចំណុចត្រពាំងព្រីងភូមិដងផ្លិតឃុំឆែបស្រុកឆែប។តាមដឹងសត្វព្រៃដែលព្រានព្រៃបាញ់សម្លាប់និងដាក់អន្ទាក់ដើម្បីយកសាច់លក់អោយឈ្មួញគឺវាមានប្រភពចេញពីតំបន់ព្រៃឈើការពារព្រះវិហារឬព្រៃព្រះរការដែលស្ថិតនៅក្នុងភូមិសាស្ដ្រស្រុកឆែប។សមត្ថកិច្ចបានអោយដឹងនៅល្ងាចថ្ងៃទី៣០មិនាថាពេលនោះកំលាំងរដ្ឋបាលព្រៃឈើសហការជាមួយនគរបាលស្រុកឆែបបានឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្ត។វត្ថុតាងបទល្មើសដែលដកហូតបានរួមមានរណាយន្តចំនួន០២គ្រឿងម៉ូតូជិះធ្វើសកម្មភាពចំនួន០៣គ្រឿងគោយន្តកន្ត្រៃចំនួន០១គ្រឿងស្នាតេះ០២ដើមត្រូវបានបញ្ចូនទៅកាន់ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត។សមត្ថកិច្ចបញ្ជាក់ថាក្នុងនោះសមត្ថកិច្ចរឹបអូសបានសាច់ជ្រូកព្រៃស្រស់ៗចំនួន៥៥គីទ្បូក្រាមនិងសាច់ឈ្លូសស្រស់ៗចំនួន៥៦គីទ្បូក្រាមដែលជនសង្ស័យបានលួចលាក់ច្រកការុងដឹកតាមម៉ូតូក៍ត្រូវកំលាំងសមត្ថកិច្ចចុះស្ទាក់ចាប់បង្ក្រាបបានតែម្តង។ជនសង្ស័យ៣នាក់ក្នុងចំណោម៦នាក់ត្រូវគេស្គាល់ទី១ឈ្មោះផូផាន់ណាភេទប្រុសម្ចាស់គោយន្តកន្ត្រៃរណាយន្តមួយគ្រឿងនិងឈើតាប់ប្រណីត០៣សន្លឹក។ទី២ឈ្មោះឌឿនសួនភេទប្រុសម្ចាស់ម៉ូតូម៉ាកវ៉េវពណ៌ខ្មៅដឹកសាច់សត្វព្រៃខុសច្បាប់និងរណាយន្ត០១គ្រឿងពណ៌ស្លាទុំនិងទី៣ឈ្មោះជាឆេនភេទប្រុសម្ចាស់ម៉ូតូដឹករណាយន្ត០១គ្រឿង។ចំណែកជនសង្ស័យ៣នាក់ទៀតជំនាញមេព្រៃមិនទាន់ប្រាប់ឈ្មោះអោយដឹងនៅទ្បើយទេនៅរសៀលថ្ងៃទី៣១មីនានេះ។
នៅរសៀលថ្ងៃទី៣០មីនា២០១៦លោកអ៊ិតភូម្រានាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារនិងកំលាំងសមត្ថកិច្ចចុះបង្ក្រាបបានធ្វើពិធីដុតបំផ្លាញចោលនូវសាច់សត្វព្រៃខុសច្បាប់ទម្ងន់សរុបចំនួន១១១គីទ្បូក្រាមផងដែរ៕