ភ្នំពេញ៖មនុស្ស២នាក់ត្រូវបានស្លាប់យ៉ាងអណោចអធម៌នៅក្រោមរថយន្ដនិងម្នាក់ទៀតរងរបួសបន្ទាប់ពីជនរងគ្រោះបានជិះបើកម៉ូតូសង់ឌ្រីម១គ្រឿងមកទាក់ដៃចង្កូតកៀបអូសចូលក្រោមរថយន្ដកុងតាន័រ១គ្រឿងកិនបែកសាកសពខ្ទិចនៅវេលាម៉ោង៣៖២០នាទីរសៀល ថ្ងៃទី ៣១ ខែ មិនា ឆ្នាំ ២០១៦ នៅត្រង់ចំណុចលើកំណាត់ផ្លូវជាតិលេខ៥ ទល់មុខវត្តជោក្តមង្គ័លហៅវត្តព្រែកព្នៅ ស្ថិតក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។
ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរដ៍រន្ធត់ទាំង២នាក់ទី១ឈ្មោះម៉ុន ស្រីម៉ិច ភេទស្រី អាយុ២១ឆ្នាំ មានមុខរបរលក់ដូរ ត្រូវជាម៊ី និងជាអ្នកបើកបរម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមC១២៥មួយគ្រឿងពណ៍ខ្មៅសេរីឆ្នាំ២០១៦ពាក់ស្លាកលេខភ្នំពេញ១CT-៩៨០៦ទី២ឈ្មោះឈុត សេងហ៊ាន់ ភេទស្រី អាយុ១១ឆ្នាំ ជាសិស្សថ្នាក់ទី៦រៀននៅសាលាបឋមសិក្សាត្រពាំងកង ត្រូវជាក្មួយ ទី៣ឈ្មោះជា សាវឿន ភេទស្រី អាយុ៣១ឆ្នាំ មានមុខរបរលក់ដូរ ត្រូវជាម្ដាយនិងជាបងជីដូនមួយរបស់ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង២នាក់ ជនរងគ្រោះទាំង៣នាក់ ស្នាក់នៅភូមិត្រពាំងកង ឃុំត្រពាំងកង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។រីឯរថយន្ដបង្កម៉ាកហាយយ៉ាន់ដាយជារថយន្ដកុងតាន័រពណ៍ត្រួយចេក ពាក់ស្លាកលេខព្រះសីហនុ៣A-១៣២៨ ចំណែកតៃកុងរថយន្ដមិនត្រូវបានស្គាល់ពីអត្តសញ្ញាណ្ណនោះទេព្រោះបើកទ្វាររថយន្ដរត់គេចខ្លួនបាត់ទៅហើយ។
មន្ត្រីសមត្ថកិច្ចបានបញ្ជាក់ថា បើតាមការរៀបរាប់ឲ្យដឹងពីជនរងគ្រោះត្រូវជាម្ដាយនិងត្រូវជាបងជីដូនមួយដែលរងរបួសស្រាលបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់ទើតែមកពីសួរសុខទុកក្រុមគ្រួសារនៅឯស្រុកមុខកំពូល ខេត្តកណ្ដាលដោយត្រឡប់ទៅផ្ទះវិញនៅឯស្រុកសំរោងទង ខេត្តកំពង់ស្ពឺដោយជិះបើកម៉ូតូមានគ្នា៣នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ពីត្បូងទៅជើងស្របទិសជាមួយនិងរថយន្ដបង្កខណៈមកដល់មុខវត្ត ជោក្តមង្គ័លហៅវត្តព្រែកព្នៅ ដែលជាចំណុចកើតហេតុបានទាក់ដៃចង្កូតម៉ូតូជាមួយរថយន្ដកុងតាន័រកៀបជាប់អូសជនរងគ្រោះ២នាក់និងម៉ូតូចូលក្រោមរថយន្ដកិនបែកក្បាលខ្ទិចទាំងខ្លួនស្លាប់យ៉ាងអណោចអធម៌ដោយឡែកស្ត្រីរងគ្រោះដែលជិះពីក្រោយត្រូវបានប្លោងចេញផុតពីកង់រថយន្ដបណ្ដាលឲ្យរងរបួសស្រាលចំណែកម៉ូតូរបស់ជនរងគ្រោះត្រូវរងការខូចខាតទាំងស្រុង។
មន្ត្រីសមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្រោយកើតហេតុភ្លាមៗនោះ តៃកុងរថយន្ដបានបើកទ្វាររត់គេចខ្លួនបាត់ស្រមោលទៅហើយដោយកម្លាំងការិយាល័យនគរបាលចរាចរផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញបានធ្វើការវាស់វែងនិងសម្រេចយករថយន្ដបង្កនិងម៉ូតូរងគ្រោះទៅរក្សាទុកដើម្បីរងចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ ចំពោះសាកសពជនរងគ្រោះទាំង២នាក់ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ហាស់ កំសាន្ដ