ខេត្តឧត្ដរមានជ័យ៖ ប្រជាពលរដ្ឋជាច្រើនរយគ្រួសារ មកពីសហគមន៍កសិករ មួយចំនួនក្នុងក្រុងសំរោង បានអញ្ជើញចូលរួមក្នុងពិពណ៌កសិកម្ម ដែលរៀបចំឡើង ដោយគម្រោងម្លិះ អង្គការអាស៊ីដូ សហការជាមួយមន្ទីកសិកម្មខេត្តឧត្ដរមានជ័យ។ លោក សំ សេរីវឌ្ឍនា នាយកប្រតិបត្តិអង្គការ អាស៊ីដូ មានប្រសាសន៍ថាៈ គោលបំណង នៃការរៀបចំពិព័ណ៌នេះ គឺដើម្បីផ្ដល់នូវសម្ភារៈកសិកម្ម ដែលមានគុណភាពដល់កសិករ ក្នុងពេលដែលកសិករ កំពុងតែមានតម្រូវការ ហើយអាចធានាបានថា គ្រួសារកសិករ អាចទទួលបានផងដែរ នូវសម្ភារៈផ្ទះបាយ សម្រាប់ចម្អិនអាហារ និងសម្ភារៈបម្រើការហូបចុកប្រចាំថ្ងៃ ។
លោកនាយកអង្គការFAO មានប្រសាសន៍ថាៈ ការរៀបចំពិពណ៌ ដោយប្រើប្រាស់ប្រព័ន្ធសក្ខីប័ត្រនេះ គឺជាការរៀបចំដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា ហើយយន្តការនេះ ត្រូវបានអនុវត្តយ៉ាងទូលំទូលាយ នៅប្រទេសមួយចំនួន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ លោកបន្តថា៖ រៀបចំយកសិករ ដែលការចូលរួមពិព័ណ៌កសិកម្មនេះ នឹងទទួលបានឥណទាន ពីគម្រោងម្លិះ ដើម្បីទិញសម្ភារៈកសិកម្ម និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត ដែលអនុញ្ញាតឲ្យដាក់លក់ក្នុងពិព័ណ៌ ដើម្បីពង្រឹងប្រព័ន្ធកសិកម្ម និងការអនុវត្តការទទួលទានអាហារក្នុងគ្រួសារ ។
កសិករនឹងសងត្រឡប់ចំនួន៦០% នៃតម្លៃឥណទានដែលខ្ចី សម្រាប់ទិញសម្ភារៈកសិកម្ម មកដល់ក្រុមរបស់ខ្លួន ហើយថវិកាទាំងនោះ នឹងបន្សល់ទុកក្នុងក្រុម ដើម្បីឲ្យក្រុមរឹងមាំ មាននិរន្តរភាព និងពង្រឹងសកម្មភាពទីផ្សាររបស់ក្រុម ។ លោក ប៉ែន សាកពិសិត តំណាងមន្ទីរកសិកម្មខេត្ត មានប្រសាសន៍ថាៈ សម្ភារៈដែលអនុញ្ញាតឲ្យដាក់លក់ក្នុងពិព័ណ៌ រួមមានៈ ពូជស្រូវ ពូជបន្លែ ជីកសិកម្ម ឧបករណ៍កសិកម្ម គ្រឿងយន្តកសិកម្ម ម៉ាស៊ីនបូមទឹក ឧបករណ៍ប្រើប្រាស់ប្រមូលផលដំណាំ និងសម្ភារៈផ្ទះបាយផ្សេងៗទៀត។ល។
សម្ភារៈទាំងនេះ គឺសុទ្ធតែមានគុណភាព ដែលទទួលស្គាល់ដោយអង្គភាពជំនាញ។ លោក អ៊ុន សុភ័ក្រ អភិបាលនៃគណៈអភិបាល ក្រុងសំរោង បានសម្ដែងចំណាប់អារម្មណ៍ថាៈ ប្រជាពលរដ្ឋនៅក្នុងក្រុងសំរោងភាគច្រើន គឺជាកសិករ ។ គ្រាប់ពូជ ជី និងសម្ភារៈកសិកម្ម គឺជាតម្រូវការចាំបាច់ដែលគាត់ត្រូវការជារៀងរាល់ឆ្នាំ ។ ដូច្នេះការផ្ដល់ឥណទានដល់ពួកគាត់ សម្រាប់ទិញសម្ភារៈកសិកម្ម ក្នុងពិព័ណ៌នេះ គឺពិតជាជួយសម្រួលដល់ការខ្វះខាត របស់ពួកគាត់បានមួយកម្រិត ។
លោកបានបន្តថាៈ ជួសមុខឲ្យប្រជាកសិករ ក្នុងខេត្តឧត្ដរមានជ័យ លោកសូមថ្លែងអំណរគុណចំពោះអង្គការដៃគូរអភិវឌ្ឍន៍នានា ដែលតែងតែបានសហការល្អ ក្នុងការអភិវឌ្ឍន៍ និងលើកកំពស់ជីវភាពរស់នៅរបស់កសិករយើង ដែលនេះគឺជាការរួមចំណែក កាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ដែលជាគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ។
គួរបញ្ជាក់ថាៈ បើតាមការអះអាង របស់មន្ត្រីរៀបចំពិពណ៌ ឲ្យដឹងថាៈ ប្រជាពលរដ្ឋ ដែលមកពីសហគមន៍កសិករទាំងនេះ នឹងទទួលបានថវិកា ពីគម្រោងម្លិះ ចំនួនចាប់ពី១០០ ដល់២០០ដុល្លាសហរដ្ឋអាមេរិក ដើម្បីទិញសម្ភារៈកសិកម្ម ក្នុងពិព័ណ៌នេះ ហើយនៅពេលប្រមូលផលរួច នឹងត្រូវសងមកសហគមន៍វិញតែ៦០%ប៉ុណ្ណោះ ៕