ខេត្តរតនគិរី៖ ពលរដ្ឋនៅខេត្តរតនគិរីប្រឈមនឹងការកង្វះទឹកប្រើប្រាស់ដោយអាកាសធាតុក្តៅធ្វើឲ្យទឹកបឹងអូរ ទន្លេ មានការរីងស្ងួតឆាប់រហ័សជាងពេលឆ្នាំមុនៗទៅទៀត ចំណែកឯអណ្តូងទឹកនៅក្នុងក្រុងបានលុងក៏មានការរីងស្ងួតបណ្តើរៗធ្វើឲ្យក្រុមគ្រួសារខ្លះដើររកអ្នកជិះអណ្តូងទឹក និងស្តារអណ្តូងចាស់ៗ នាពេលកន្លងទៅនេះមានការប្រើប្រាស់គ្រប់គ្រាន់ប្រចាំក្រុមគ្រួសាររបស់គាត់ ឥឡូវនេះបែរទៅជារីងស្ងួតប្រើប្រាស់អត់គ្រប់តាមតម្រូវការក្រុមគ្រួសារនីមួយៗ។បងស្រីម្នាក់ឈ្មោះខាន់ ប្តីរបស់គាត់ធ្វើទាហានខេត្តរតនគិរីដែលមានលំនៅដ្ឋានស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង បានប្រាប់សារព័ត៌មានអោយដឹងថា អណ្តូងទឹករបស់គាត់មានជម្រៅ១៧ម៉ែត្រធ្លាប់តែប្រើគ្រប់គ្រាន់ដល់ពេលឥឡូវនេះបែរជាអត់ទឹកធ្វើឲ្យគាត់ពិបាកក្នុងការប្រើប្រាស់ទឹកអណ្តូងនោះណាស់ ឥឡូវគាត់បានជួលអោយគេស្តារចំនួន២ម៉ែត្រក្នុង១ម៉ែត្រតម្លៃ៣០ម៉ឺនរៀល។
បើតាមសំដីអ្នកជីក និងស្តារអណ្តូង បានអោយដឹងថាក្រុមរបស់គាត់បានដើរជីកអណ្តូងក្នុងខេត្តរតនគិរីជាច្រើនអណ្តូងមកហើយដោយមានកន្លែងខ្លះជម្រៅ២៥ម៉ែត្រទៅ៣១ម៉ែត្រក៏មានដែរ គាត់បានប្រាប់បន្តទៀតថាតម្លៃជីកអណ្តូងមួយមាន៤០០ដុល្លាអាមេរិក ទៅ៥០០ដុល្លា ដោយមានគ្នា៤ទៅ៥នាក់ អណ្តូងមួយជីក១អាទិត្យទើបហើយ។ ចំណែកឯស្ថានីយ៍ទឹកស្អាតរបស់ក្រុមហ៊ុនតាយ សេង ដែលចែកចាយទឹកស្អាតនៅក្រុងបានលុងក៏មានការខ្វះខាតដែរ ចំណែកទឹកក្នុងអូរដែលត្រូវបូមចូលក្នុងអាងស្ថានីយ៍ទឹកស្អាតដែលមានទីតាំងស្ថិតភូមិភ្នំស្វាយ ក៏មានភាពរីងស្ងួតនោះដែរ។លោកឧកញ៉ាតាយ សេង បានបញ្ជាក់តាមទូរស័ព្ទថាគាត់នឹងរកវិធីសាស្ត្រផ្សេងៗទៀតដើម្បីអោយបានទឹកប្រើប្រាស់គ្រប់គ្រាន់ទៅថ្ងៃមុខទាំងរដូវវស្សា និងរដូវប្រាំងសំរាប់ក្រុងបានលុងយើងនេះទាំងមូល។
លោកអៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទហាក់ដូចជាមិនសូវចាប់អារម្មណ៍បញ្ហាប្រជាពលរដ្ឋទូទាំងខេត្តរតនគិរីអត់ទឹកប្រើប្រាស់នោះទេ ព្រោះគាត់មានក្រុមហ៊ុនជីកអណ្តូងមួយផ្ទាល់ខ្លួនរបស់គាត់។ សព្វថ្ងៃគាត់គិតតែពីជិះឡានដើររកសេវាកម្មជីកអណ្តូងគ្រប់ច្រកល្ហកក្នុងក្រុងបានលុង និងតាមបណ្តាលស្រុកមួយចំនួននៅក្នុងខេត្តរតនគិរី ភាគច្រើនគាត់អោយប្រពន្ធចុះផ្ទាល់មើលកម្មករខួងអណ្តូងរបស់គាត់តែម្តង។ តើមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរីនេះបានជីកអណ្តូងទឹក ស្រះទឹកបានប៉ុន្មានហើយសំរាប់ប្រជាពលរដ្ឋប្រើប្រាស់នៅក្នុងខេត្តរតនគិរីទាំងមូលនោះ។ ចំណែកតម្លៃខួងអណ្តូងមួយនៅក្រុងបានលុង១២០០ដុល្លា បើទៅតាមបណ្តាលស្រុកមួយចំនួនតម្លៃ១៥០០ដុល្លាឯណោះ។
ប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរីបានឲ្យអ្នកសារពត៌មានដឹងថាតម្លៃខួងអណ្តូងរបស់លោកអៀម អឿន នោះគឺតម្លៃខ្ពស់កប់ពពក កត្តានេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពក្រខ្សត់ពុំមានលទ្ធិភាពខួងអណ្តូងនោះទេ៕ ដោយ យក្ស ឡោម