(ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ អាវុធហត្ថខណ្ឌចំការមន អាវុធហត្ថខណ្ឌដូនពេញ និងកម្លាំងអាវុធហត្ថខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនសង្ស័យ៤នាក់ ដែលជាមុខសញ្ញាឆក់ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋយ៉ាងសកម្ម នៅរាជធានីភ្នំពេញនាពេលកន្លងទៅ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦នេះ។ សម្រាប់ប្រតិបត្តិការបង្ក្រាប និងចាប់ខ្លួនជនសង្ស័យទាំងនេះ បានធ្វើឡើងក្រោយពីអាវុធហត្ថ បានទទួលពាក្យបណ្ដឹងពីស្ត្រីរងគ្រោះ អេង ស្រីលីន អាយុ១៩ឆ្នាំ ដែលត្រូវជនសង្ស័យឆក់ទ្រព្យសម្បត្តិ។មន្ត្រីអាវុធខណ្ឌចំការមន បានបញ្ជាក់ប្រាប់ថា ជនសង្ស័យទី១ ឈ្មោះប៉ែន ហាលីន ភេទប្រុស អាយុ១៩ឆ្នាំ, ទី២ ឈ្មោះ សល់ ពិសិដ្ឋ ភេទប្រុស អាយុ១៩ឆ្នាំ, ទី៣ ឈ្មោះ សោម ដេវិត ភេទប្រុស អាយុ១៧ឆ្នាំ, ទី៤ ឈ្មោះ ព្រំ សង្ហា ភេទប្រុស អាយុ២១ឆ្នាំ ហើយក្រោយការចាប់ខ្លួនកម្លាំង បានដកហូតបានម៉ូតូ១គ្រឿងម៉ាក Honda Zoomer X ពាក់ស្លាកលេខ ភ្នំពេញ 1FT-4167 ។លោក ម៉ាំង សុខ លុច នាយការិយាល័យព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយឃាត់ខ្លួនជនសង្ស័យ៤នាក់ខាងលើរួចមក កម្លាំងរបស់លោកបានឈានទៅដល់ការចាប់ខ្លួនបក្ខពួក ៦នាក់ផ្សេងទៀតរួមមានទី១ ឈ្មោះ ប៊ុណ្ណា ឃឹម ភេទប្រុស អាយុ១៦ឆ្នាំ (ឃាត់ខ្លួននៅខណ្ឌដូពេញ) ដកហូតបានម៉ូតូ Honda Zoomer X ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1FT-6240, ទី២ ឈ្មោះភួង សុផាន់ណាក់ ភេទប្រុស អាយុ១៨ឆ្នាំ, ទី៣ ឈ្មោះស៊ឹម សំណាង ភេទប្រុស អាយុ២១ឆ្នាំ, ទី៤ ឈ្មោះ អោក ឧត្តមប្រឹក្សាបូរីរត្ន័ ភេទប្រុស អាយុ១៩ឆ្នាំ, ទី៥ ឈ្មោះគឹម ធីម៉ូថេ ភេទប្រុស អាយុ១៦ឆ្នាំ និងទី៦ ឈ្មោះឆែម ភា ហៅសាក់ ភេទប្រុស អាយុ១៨ឆ្នាំ ព្រមទាំងដកហូតបានម៉ូតូម៉ាក Suzuki Nex ពណ៌ស ស្លាកលេខ ភ្នំពេញ 1DE-1719 (ឃាត់ខ្លួនបាននៅខណ្ឌឫស្សីកែវ)។ក្រោយពីធ្វើការឃាត់រួចជនសង្ស័យទាំង១០នាក់ខាងលើ ក៏ត្រូវបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន៕