ខេត្តសៀមរាបសមិទ្ធផលព្រះវិហារក្នុងទីវត្តប្រាសាទចន្ទរង្សីហៅវត្តគោកចាន់ ស្ថិតនៅភូមិគោកចាន់សង្កាត់អំពិលក្រុង ខេត្តសៀមរាប ត្រូវបានធ្វើពិធីសម្ពោធ និង កាត់ឬសីមា ដាក់ឲ្យប្រើប្រាស់តាមពុទ្ធានុញ្ញាតកាលពីព្រឹកថ្ងៃទី០១ ខែ មេសា ឆ្នាំ២០១៦ក្រោមអធិបតីភាពរបស់លោកពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប លោកអ៊ឹង ហឿន ប្រធានស្តីទីក្រុមប្រឹក្សាខេត្ត ដោយមានការនិមន្ត និង អញ្ជើញចូលរួមពីព្រះមេគណខេត្តស្តីទី ព្រះសង្ឃ អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង មន្ត្រីរាជការ ចៅសង្កាត់ សីលវ័ន្ត សីលវតី និង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ ។
បន្ទាប់ពីកិច្ចស្វាគមន៍របស់លោក សូ ប្លាតុង អភិបាលនៃគណៈអភិបាលក្រុងសៀមរាបនិង សេចក្តីរាយការណ៍ របស់ព្រះមហា ស៊ុំ ពិសិដ្ឋ ព្រះចៅអធិការវត្តប្រាសាទចន្ទរង្សី បានមានសង្ឃដិកាបញ្ជាក់អំពីជីវប្រវត្តិ នៃការបង្កើតវត្តនេះឡើ្ងង ក្រោយថ្ងៃជ័យជំនះ ៧មករា ១៩៧៩ ទីវត្តនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៣ ដោយ លោក ប៉ែន សិន រួមពុទ្ធបរិស័ទក្នុងភូមិ ។ នៅឆ្នាំ២០០៩ ត្រូវបានធ្វើការសាងសង់ព្រះវិហារថ្មីនេះឡើង ដោយ ឆ្លងកាត់រយៈពេល០៥ឆ្នាំ ទើបបានរួចរាល់ ដោយចំណាយអស់ថវិកាសរុប ២១៥ពាន់២៥០ដុល្លា ដែលជាបច្ច័យ បានមកពីអង្គកឋិនទាន បុណ្យផ្កាប្រាក់ និង សប្បុរសជន ពុទ្ធបរិស័ទដែលបានចូលរួម ។ ក្នុងការសាងសង់នោះ ដែរក៏នៅមានការជំពាក់ថ្លៃគ្រឿងសំណង់ ចំនួន ៥ពាន់២៥០ដុល្លាដែលពុំទាន់បានទូទាត់ ។
លោកពៅ ពិសិដ្ឋ បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់មន្ត្រីរាជការ និង សប្បុរសជនជិតឆ្ងាយព្រមទាំងព្រះសង្ឃនៅវត្តប្រាសាទចន្ទរង្សី ដែលមានសន្ធាជ្រះថ្លាសហការកសាងសមិទ្ធផលដែលកំពុងត្រូវបានសម្ពោធនាពេលនេះ។ឯកឧត្តមក៏បាននាំការនឹករលឹកសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជារាជរដ្ឋាភិបាលដែលមានគណបក្សប្រជាជនកម្ពុជាជាស្នូលនៃកិច្ចអភិវឌ្ឍន៍ ចំពោះបងប្អូនប្រជាពលរដ្ឋព្រះសង្ឃនិងសប្បុរសជន ក្នុងពិធីទាំងមូលផងដែរ។ លោកក៏បានគូសបញ្ជាក់ផងដែរថា កត្តាសន្តិភាពជាកត្តាសំខាន់ណាស់នាំមកនូវស្ថិរភាពនយោបាយនិងការអភិវឌ្ឍន៍ពិតៗ ជូនប្រជាពលរដ្ឋនិងប្រទេសជាតិ។ក្នុងពិធីសម្ពោធសមិទ្ធផលក្នុងវត្តប្រាសាទចន្ទរង្សីនេះដែរ លោក ពៅ ពិសិដ្ឋបានមានប្រសាសន៍ថាសមិទ្ធផលទាំងនេះកើតឡើងដោយគុណបុណ្យថ្ងៃជ័យជំនះ៧មករា ១៩៧៩ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំបន្ទាប់ពីផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត ហើយថ្ងៃ៧មករានេះក៏ជាថ្ងៃកំណើតទី២របស់យើងទាំងអស់គ្នាជាថ្ងៃដែលយើងមានជីវិតរស់ឡើងវិញធ្វើឲ្យប្រទេសកម្ពុជាទាំងមូលបានរួចផុតពីសង្គ្រាមរ៉ាំរ៉ៃ ក្រោមគោលនយោបាយ ឈ្នះៗ របស់រដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នបានធ្វើឲ្យប្រែក្លាយពីតំបន់ប្រយុទ្ធ ឲ្យមានការអភិវឌ្ឍន៍ទាំងវិស័យពុទ្ធចក្រ និង អណាចក្រទៀតផង ។លោកពៅ ពិសិដ្ឋ ក៏បានគូសបញ្ជាក់ថា ដោយកត្តាសាមគ្គីជាកម្លាំងនេះហើយធ្វើឲ្យយើងទទួលបានសមទ្ធិផលថ្មី ដើម្បីតំកល់ជាទីគោរពបូជារបស់បងប្អូនប្រជាពុទ្ធបរិស័ទដោយបច្ចុប្បន្ននេះវិស័យសាសនា បានកំពុងទាក់ទាញដល់ភ្ញៀវទេសចរណ៍ចូលមកទស្សនាកម្សាន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចនៅខេត្តសៀមរាប ។ លោកក៏បានធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ត្រូវនាំគ្នាគោរពច្បាប់ចរាចរណ៍ ក្នុងការកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ព្រមទាំងនាំគ្នាទៅធ្វើអត្តសញ្ញាណប័ណ្ណគំរីថ្មីនិងទៅចុះឈ្មោះ ពិនិត្យឈ្មោះបញ្ជីបោះឆ្នោតនៅតាមសាលាឃុំសង្កាត់ព្រម ទាំងត្រូវមានការប្រុងប្រយ័ត្នខ្ពស់នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះនិង បញ្ហាភ្លើងផ្សែង ដោយរដូវ នេះជារដូវក្តៅដែលងាយទទួលរងគ្រោះបំផុត។ លោកបន្តទៀតថា សមទ្ធិផលថ្មីក្នុងទីវត្តនេះគឺជាចំណងដៃនៃឆ្នាំថ្មី ឆ្នាំវកអដ្ឋស័ក ព.ស២៥៦០ ដែលកើតពីការរួមសាមគ្គី ទាំងព្រះសង្ឃសប្បុរសជន និង ពុទ្ធបរិស័ទជិតឆ្ងាយដែលរួមសហការគ្នាកសាងឡើង ក្នុងការបម្រើវិស័យសាសនា ទៅតាមពុទ្ធានិញ្ញាតក្នុងទីវត្តប្រាសាទចន្ទរង្សីនេះ ។
ក្នុងនោះដែរលោកក៏បាននាំយកនូវបច្ច័យរបស់ឯកឧត្តមអភិបាលខេត្តចំនួន៥០០ដុល្លាដើម្បីចូលរួម តំកល់ទុកក្នុងទីវត្ត ក្នុងការប្រើប្រាស់កសាងសមទ្ធិផលនានាក្នុងវត្តនេះផងដែរ ៕