ខេត្តសៀមរាប អគារសាលាពុទ្ធិកបឋមសិក្សា ធ្វើអំពីថ្មប្រកក្បឿងប្រកបទៅដោយរចនាបទខ្មែរមានកម្ពស់៣ជាន់ ព្រមទាំង សមទ្ធិផលនានាក្នុងទីវត្ត មុនធ្យាន ដែលមានតម្លៃសរុប ៤៤០ពាន់២២៥ដុល្លាស្ថិតនៅឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានធ្វើពិធីកាត់ខ្សែបូរជានិម្មិតរូបដាក់ឲ្យប្រើប្រាស់តាមពុទ្ធានុញ្ញាត កាលពីព្រឹកថ្ងៃទី០៣ ខែ មេសា ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោក ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាបនិងលោកនួន ផារ័ត្នសមាជិកគណៈអចិន្ត្រៃយនៃគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និង ជាសមាជិក ក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រីដោយមានការនិមន្តអញ្ជើញចូលរួមពីព្រះអនុគណស្រុក ព្រះសង្ឃ ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរស្រុកឃុំ បងប្អូនជាសប្បុរសជន សីលវ័ន្ត សីលវតី ប្រជាពុទ្ធបរិស័ទផងដែរ ។
បន្ទាប់ពីកិច្ចស្វាគមន៍របស់លោកម៉ក់ ប្រុសអភិបាលនៃគណៈអភិបាលស្រុកសូទ្រនិគមនិង តាមសេចក្តី រាយការណ៍របស់គណៈកម្មការសាងសង់ បានឲ្យដឹងថា សំណង់អគារសាលាពុទ្ធិកសិក្សានិង សមទ្ធិផលនានាក្នុង វត្តមានចំនួនសរុប ៤៤០ពាន់២២៥ដុល្លា និង នៅជំពាក់ថ្លៃគ្រឿងសំណង់ចំនួន២៥ពាន់៥៧២ដុល្លា ។
មានប្រសាសន៍សំណេះសំណាលនោះលោកនួន ផារ័ត្នក្នុងនាមតំណាងឯ.ឧ ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ក៏បានលើកឡើង អំពីដំណើរនៃកិច្ចអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជាក្រោយថ្ងៃជ័យជំនះ ៧មករា ១៩៧៩ លើគ្រប់វិស័យត្រូវមានការអភិវឌ្ឍន៍រីកចម្រើន ។ ឯកឧត្តមបានគូសបញ្ជាក់ថាក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ ទីវត្តអារាមដែលជាទីកន្លែងគោរពទីសក្ការៈបូជារបស់ប្រជាពុទ្ធបរិស័ទបានក្លាយជាកន្លែងឃុំឃាំ សម្លាប់មនុស្ស ជាជង្រុក ឃ្លាំងសម្ភារៈ ។ក្រោមកិច្ចដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជាស្នូលដឹកនាំដ៏សំខាន់ និង ការចូលរួម ខិតខំរបស់ព្រះសង្ឃ ពុទ្ធបរិស័យ និង សប្បុរសជន បានធ្វើឲ្យវិស័យសាសនាមានការអភិវឌ្ឍន៍រីកចម្រើន ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុនសែនបាន ធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា មានភាពប្រសើរឡើង ។
មានប្រសាសន៍នោះដែរលោកពៅ ពិសិដ្ឋក៏បានគូសបញ្ជាក់ថាការកសាងឲ្យមានសាលាពុទ្ធិកសិក្សានេះ ក្នុងការបង្កើននូវចំណេះដឹងដល់ព្រះថេរានុថេរៈបានចូលសិក្សារៀនសូត្រតាមពុទ្ធានុញ្ញាតនិង ពុទ្ធឱវវាទព្រះសម្មាសាម្ពុទ្ធព្រះបរមគ្រូនៃយើងដែលបានចែងក្នុងព្រះគម្ពីបិដក ដើម្បីជាប្រទីបបំភ្លឺដល់ពុទ្ធបរិស័ទទាំងឡាយដែលជាអ្នកទ្រទ្រង់ព្រះពុទ្ធសាសនា ដែលមានព្រះសង្ឃជាស្រែបុណ្យ ។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា ព្រះពុទ្ធសាសនាបានមកប្រតិស្ថានលើទឹកដីកម្ពុជា តាំងពីកំឡុងពុទ្ធសតវត្សទី៣ មុខគ្រឹះសករាជហើយត្រូវបានការគោរពបូជាតរៀងមក។ក៏ប៉ន្តែនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ បានបំបាត់ព្រះពុទ្ធសាសនា និង បំផ្លិចបំផ្លាញគ្រប់ហេដ្ឋារចនាសម្ពន្ធ័ របស់ជាតិស្ទើរគ្មានសល់ ។ លោក ពៅ ពិសិដ្ឋ ក៏បានលើកឡើងផងដែរថា ក្រោយថ្ងៃជ័យជំនះ ៧មករា ១៩៧៩ មកដល់បច្ចុប្បន្ន វិស័យសាសនាមានការរីកចម្រើន នូវសាលាពុទ្ធិកសិក្សា និយាយដោយឡែកវិស័យពុទ្ធិកសិក្សាខេត្តសៀមរាប ក៏មានការរីលូតលាស់ ដែលជាមូលដ្ឋានដ៏សំខាន់ សម្រាប់ផ្តល់ចំណេះដឹង អប់រំចរិយាធម៌ សមត្ថភាព ចំពោះបុព្វជិកដែលបានមកបួសរៀន ក្នុងវិស័យព្រះពុទ្ធសាសនា ក្នុងកិច្ចអភិវឌ្ឍន៍ធនធាន មនុស្ស ឲ្យក្លាយជាសសរស្តម្ភដ៏រឹងមាំនៃពុទ្ធសាសនា ហើយក៏ជាប្រភពផ្តល់នូវបញ្ញាញាណ សីលធម៌ គុណធម៌ ការយោគយល់ មេត្តាករុណា និង សុខសន្តិភាពក្នុងសង្គមជាតិ ។ ឯកឧត្តម ក៏បានបន្តទៀតថា ពុទ្ធិកសិក្សា គឺជាមូលដ្ឋានគ្រឹះនៃភាពរឹងមាំ ស្ថិតស្ថេរនៃវប្បធម៌ អរីយធម៌ជាតិ និង ផ្តល់នូវចំណេះវិជ្ជាផ្នែកផ្លូវធម៌ ផ្លូវលោកគ្រប់ មនុស្សជាតិ បានរីកចម្រើនរុងរឿង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។ លោក ពៅ ពិសិដ្ឋក៏បានធ្វើ ការផ្តាំផ្ញើ ដល់ព្រះសង្ឃត្រូវមានមនសិកាគោរពស្រឡាញ់ ជឿជាក់លើព្រះពុទ្ធសាសនា ក្នុងការជួយជ្រោម ជ្រែងឲ្យវិស័យពុទ្ធិកសិក្សាមានការរីកចម្រើនលូតលាស់ ដែលជាសមទ្ធិផលក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល លើការបណ្តុះបណ្តាល អភិវឌ្ឍន៍នូវធនធានមនុស្ស និង ផ្សាភ្ជាប់វិស័យពុទ្ធចក្រ និងអាណាចក្រដែលជាគោលគ្រឹះបំពេញគ្នាទៅវិញទៅមក ក្នុងការអភិវឌ្ឍន៍សង្គមជាតិ ។ ម្យ៉ាងទៀតទាំងព្រះសង្ឃ ប្រជាពុទ្ធបរិស័ទត្រូវចូលរួមក្នុង ការផ្សព្វផ្សាយច្បាប់ចរាចរណ៍ គោរពច្បាប់ចរាចរណ៍ ដោយកម្ពុជាយើងបានទទួលសោទនាកម្មក្នុងរបបប្រល័យពូជសាសន៍រងគ្រោះដោយសង្គ្រាមគ្រាប់ម៉ីន និងយុទ្ធភ័ណមិនទាន់ផ្ទុះជម្ងឺអេសដ៍ហើយសោទនាកម្មដ៏សាហាវនោះ គឺគ្រោះថ្នាក់ចរាចរណ៍ដែលគ្មានថ្នាំពន្យាជីវិតឡើយនិង ត្រូវនាំគ្នាទៅធ្វើអត្តសញ្ញាណប័ណ្ណគំរូថី្មឲ្យបានគ្រប់ៗគ្នានិង សូមឲ្យបងប្អូនបញ្ឈប់នូវការធ្វើចំណាកស្រុកចេញក្រៅប្រទេសដោយខុសច្បាប់ ដែលជាគ្រោះថ្នាក់បំផុត។
ក្នុងនោះដែរឯកឧត្តមក៏បានអំពាវនាដល់សប្បុរសជនជាតិអន្តរជាតិក៏ដូចបណ្តាមន្ទីរអង្គភាព ចូលរួមវិភាគទានលើកស្ទួយនិងទ្រទ្រង់វិស័យពុទ្ធិកសិក្សាទាំងស្មារតីសម្ភារៈបរិក្ខា ដើម្បីធ្វើឲ្យប្រព័ន្ធសិក្សាផ្នែកព្រះពុទ្ធសាសនា មានការរីកចម្រើនទ្វេរឡើងផងដែរ ។
ក្នុងនោះដែរអាជ្ញាធរខេត្តសៀមរាបក៏ដូចសហភាពសហព័ន្ធយុវជនកម្ពុជា និង បងប្អូនសប្បុរសជន បាន ចូលរួមបច្ច័យចំនួន ៩លាន២០សែនរៀលប្រគេនដល់ព្រះសង្ឃ ដើម្បីតំកល់ទុកសម្រាប់ការសាងសង់សមទ្ធិផល នានាក្នុងទីវត្តនេះបន្តព្រមទាំងបានចែកសារុង និង ក្រម៉ា ដល់អ្នកចូលរួមផងដែរ៕