ភ្នំពេញ៖រថយន្ដបាឡែន១គ្រឿងប្រឡះគ្នាជាមួយរថយន្ដបែនដឹកដីអូសសណ្ដោងគ្នា២គ្រឿងខណៈបញ្ច្រាស់ទិសបណ្ដាលឲ្យរថយន្ដបាឡែនរងការខូចខាតគូទខាងក្រោយស្ទើរទាំងស្រុងបង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍គីឡូម៉ែត្រលេខ៦មកអន្តរាគមន៍នៅវេលាម៉ោង០៣និង៤០នាទីរសៀលថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០១៦ ត្រង់ចំណុចផ្លូវ បេតុង ខាងជើងវត្តទួល ស្ថិតក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា រថយន្ដបង្កជាប្រភេទរថយន្ដបែនដឹកដីម៉ាកFUSOពណ៍លឿងពុំមានពាក់ស្លាកលេខឡើយនិងជារថយន្ដដែលខូចមិនអាចបើកបរទៅមុខរួចនិងជារថយន្ដរបស់ក្រុមហ៊ុនលោក ពក ប៊ុនថន បើកបរដោយតៃកុងម្នាក់ឈ្មោះវឌ្ឍនា ភេទប្រុស អាយុ២២ឆ្នាំ និងចំពោះរថយន្ដ១គ្រឿងទៀតដែលអូសសណ្ដោងពីមុខរថយន្ដបង្កក៍ជាប្រភេទរថយន្ដបែនដឹកដីដូចគ្នាម៉ាកFUSOពណ៍សពាក់ស្លាកលេខភ្នំពេញ៣C-២៣៣១អ្នកបើកបររថយន្ដឈ្មោះប៉ូយ ខួង ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបរជាអ្នកបើកបររថយន្ដ តៃកុងរថយន្ដទាំង២នាក់ ស្នាក់នៅ ភូមិសង្កាត់កើតហេតុខាងលើ។ ចំណែករថយន្ដរងគ្រោះម៉ាកបាឡែនពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ២T-០៦៨២ រីឯអ្នកបើកបរមាន ឈ្មោះសេរី សុខា អាយុ២១ឆ្នាំ មានមុខរបរជានិស្សិតឆ្នាំទី៤ ស្នាក់នៅភូមិខ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដបែនដឹកដី២គ្រឿងអូសសណ្ដោងគ្នាតាមបណ្ដោយផ្លូវបេតុងពីត្បូងទៅជើងដោយបញ្ច្រាស់ទិសជាមួយរថយន្ដបាឡែនដែលធ្វើដំណើរម្នាក់ឯងពីជើងទៅត្បូងក្នុងល្បឿនមិនសូវលឿនលុះមកដល់ចំណុចកើតហេតុរថយន្ដបែនសណ្ដោងដែលខូចបានរ៉េចង្កូតមកកៀកន្ទុយរថយន្ដបាឡែនបណ្ដាលឲ្យធ្លាក់កាងរថយន្ដរងការខូចខាតគូទខាងក្រោយស្ទើរទាំងស្រុង។បន្ទាប់ពីកើតហេតុរថយន្ដបង្កមិនបានបើករត់គេចឡើយដោយឈប់រថយន្ដធ្វើការសម្រុះសម្រួលគ្នាជាមួយភាគីរងគ្រោះដើម្បីបញ្ចប់រឿងដោយឡែកម្ចាស់រថយន្ដបាឡែនបានសុំឲ្យខាងរថយន្ដដឹកដីជួយចេញសងថ្លៃជួសជុលចំនួន២៥០$ដើម្បីបញ្ចប់រឿងប៉ុន្តែភាគីខាងរថយន្ដដឹកដីសុំសងត្រឹមតែ២០០$ប៉ុណ្ណោះព្រោះខ្លួនគេគ្មានលុយនិងគ្មានចេតុនាចង់ឲ្យប៉ះពារនោះឡើយ។ក្រោយការសម្រុះសម្រួលមិនត្រូវរ៉ូវគ្នា កម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍គីឡូម៉ែត្រលេខ៦បានសម្រេចយករថយន្ដបង្កនិងរយន្ដរងគ្រោះទៅរក្សាទុកនៅប៉ុស្ដិ៍ដើម្បីរងចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ ៕ហាស់ កំសាន្ដ




































