ភ្នំពេញ ៈជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៣នាក់ ត្រូវបានម្ចាស់បើករថយន្តដេញគៀរបណ្តាលឱ្យដួលម៉ូតូ ហើយប្រជាពលរដ្ឋនាំគ្នាព្រួតវាយម្នាក់មួយដៃមួយជើង បណ្តាលឱ្យសន្លប់ស្ដូកស្តិងនៅនិងកន្លែង រួចបានប្រគល់ឱ្យសមត្ថកិច្ច កាលពីវេលាម៉ោង១២នឹង៤០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ នៅចំណុចមុខចំណតរថយន្តរិទ្ឋមុន្នី តាមបណ្តោយផ្លូវព្រះមុន្នីរ៉េត ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។
ប្រភពពត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តមិនចាំម៉ាកមួយគ្រឿង បានជិះដេញម៉ូតូម៉ាក MSX ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FM-3604 ជិះគ្នា៣នាក់តាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីត្បូងទៅជើង និងបានស្រែរតាមកញ្ចក់រថយន្តថាចោរៗ ។ ពេលមកដល់ចំណុចកើតហេតុរថយន្តបានគៀរម៉ូតូឱ្យដួល ដោយជនសង្ស័យម្នាក់ត្រូវប្រជាពលរដ្ឋចាប់បានវាយម្នាក់មួយដៃមួយជើងសន្លប់ស្តូកស្តឹង ចំណែក២នាក់ទៀតរត់គេចខ្លួនបាត់ ហើយទើបទំនាក់ទំនងទៅសមត្ថកិច្ច ។ ហើយនៅក្បែរជនសង្ស័យគេឃើញមានទូរស័ព្ទដៃមួយគ្រឿង ប៉ុន្តែរថយន្ដដែលដេញតាមពីក្រោយនោះ បានបើករថយន្តទៅបាត់ដោយមិនបានដាក់ពាក្យបណ្តឹងទេ ។
ក្រោយមកជនសង្ស័យត្រូវបានសមត្ថកិច្ចនាំយកទៅសួរនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋផ្សារដើមគេ ដើម្បីចាត់ការបន្ត ។ដោយ៖ជីម ភារ៉ា