សៀមរាប៖ នៅក្នុងស្រុកពួកមានករណីភ្លើងឆេះវាលស្រែ នៅវេលាម៉ោង ១២:៣០នាទី ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
លោកវរសេនីយ៍ត្រី ទេព ពុំសែន អធិការនគរបាលស្រុកពួកបានឲ្យដឹងថា ករណីភ្លើងឆេះវាលស្រែខាងលើនេះបណ្ដាលមកពីអ្នកដុតសំរាម ពីព្រោះថាកាលពីព្រឹកអាជ្ញាធរស្រុកពួក បានដឹកនាំកម្លាំងក្រោមឱវាទ រួមទាំងសិស្សានុសិស្សនិងប្រជាពលរដ្ឋជាច្រើននាក់ ធ្វើការសំអាតបរិស្ថាន ដើម្បីទទួលអបអរសាទរពិធីបុណ្យចូលថ្មីប្រពៃណីជាតិខ្មែររបស់យើងដែលនឹងឈានមកដល់ថ្ងៃខាងមុខ។ ពេលដែលប្រមូលសំរាមបានហើយ ក្រុមអ្នកសំអាតបរិស្ថានបានដុតសំរាមចោល ដោយមិនបានចាប់អារម្មណ៍ថា នឹងអាចមានករណីនេះកើតឡើង ហើយបានទុកចោល ពេលនោះភ្លើងបានរាលដាលបន្តិចម្តងៗ ធ្វើអោយឆេះព្រៃរបោះ និងវាលស្មៅចំនួន០២កន្លែងផ្សេងគ្នា សរុបអស់ប្រហែល ០៥ហិចតា។
ក្នុងករណីនេះមានការជួយអន្តរាគមន៍ពីប្រជាពលរដ្ឋ កម្លាំងកងរាជអាវុធហត្ថខេត្ត ជាពិសេសកម្លាំងអធិការដ្ឋាននគរបាលស្រុកពួក និងកម្លាំងការិយាល័យនគរបាលពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ទើបធ្វើអោយភ្លើងរលត់ទៅវិញទាំងស្រុងវិញ នៅវេលាម៉ោង ១៥:០០នាទី ដោយប្រើប្រាស់ឡានទឹកបាញ់ពន្លត់អស់ចំនួន ០៣គ្រឿង។
លោកអធិការបានបន្តថា ករណីនេះធ្វើអោយខូចខាតដើមឈើមួយចំនួន តែមិនបណ្ដាលអោយខូចខាតដល់លំនៅដ្ឋានប្រជាពលរដ្ឋណាម្នាក់នោះទេ។
លោកបានបញ្ជាក់ថា នេះដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្ត តែងតែធ្វើការដាសតឿនដល់កងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ដោះស្រាយ រាល់បញ្ហាដល់កើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន គ្រប់គ្រងទៅតាមលទ្ធភាពដែលអាចធ្វើបាន ជាក់ស្តែងដូចថ្ងៃនេះផងដែរ។