ខេត្តរតនគិរី៖ យោធាភូមិភាគទី៥វៀតណាមចុះពិនិត្យនឹងព្យាបាលជំងឺចែកថ្នាំនឹងនាំអំណោយជូនដល់ប្រជាពលរដ្ឋនៅស្រុកអូយ៉ាដាវ ខេត្តរតនគិរី។យោធាភូមិភាគទី៥វៀតណាមចំនួន២០នាក់ដឹកនាំដោយលោកវរសេនីយ៍ឯក ឡេ ស៉ឹងហ័រ ប្រធានយោធាខេត្តយ៉ាឡាយ នឹងលោកម៉ាវិចិត្រ អភិបាលស្រុកអូយ៉ាដាវ ចុះពិនិត្យនឹងព្យាបាលជំងឺចែកថ្នាំនាំអំណោយជូនប្រជាពលរដ្ឋនៅឃុំបខាំស្រុកអូយ៉ាដាវ។
អភិបាលស្រុកអូយ៉ាដាវ លោកម៉ា វិចិត្រ ប្រាប់ឲ្យដឹងថាប្រជាពលរដ្ឋចូលរួមពិនិត្យព្យាបាលជំងឺចែកថ្នាំមានចំនួនប្រមាណ៧០០នាក់។ក្នុងនោះប្រជាពលរដ្ឋ១០៥គ្រួសារបានទទួលអំណោយមានអង្ករ១បាវតូចនឹងឃីត១កញ្ចប់។
ដោយឡែកគ្រួសារទីទល់ក្រចំនួន៥គ្រួសារទទួលបានទឹកប្រាក់ក្នុង១គ្រួសារ១០លានដុងស្មើនឹង២លានរៀលសំរាប់ជួសជុលផ្ទះ។
គួរបញ្ជក់ផងដែរថា នេះជាលើកទី១ហើយដែលយោធាភូមិភាគទី៥វៀតណាមចុះពិនិត្យព្យាបាលជំងឺចែកថ្នាំនឹងនាំអំណោយជូនប្រជាពលរដ្ឋនៅស្រុកអូយ៉ាដាវ។
កម្មវិធីខាងលើនេះប្រព្រឹត្តទៅរយ:ពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី៦-៨ខែមេសាឆ្នាំ២០១៦គ្រោងនឹងទទួលពិនិត្យព្យាបាលជំងឺចែកថ្នាំជូនប្រជាពលរដ្ឋប្រមាណជិត២០០០នាក់ផងដែរ៕ដោយ យក្ស ឡោម