កំពង់ធំៈ គណៈបញ្ជាការយោធាខេត្តកាកបាទក្រហមខេត្តបិញភឿក កងទ័ពប្រជាជនវៀតណាមដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យសុខភាពជូនប្រជាពលរដ្ឋ១៥០នាក់ដែលជាអតីតយុទ្ធជនពលីពិការ និងប្រជាពលរដ្ឋ ក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបានទទួលការពិនិត្យសុខភាព និងការព្យាបាលជម្ងឺ ដោយឥតគិតថ្លៃ ព្រមទាំងបានទទួលអំណោយ មានគ្រឿងឧបភោគបរិភោគ ពីកាកបាទក្រហមយោធា ខេត្តបិញភឿក កងទ័ពប្រជាជនវៀតណាម នៅរសៀលថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០១៦ ។
ការពិនិត្យសុខភាព និងការព្យាបាលជម្ងឺ ដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋនេះ ដែលត្រូវបានដឹកនាំដោយ លោកមេបញ្ជាការយោធាខេត្តបិញភឿក ប្រជាជនវៀតណាម និងឯកឧត្តម សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានស្នើរសុំ ឲ្យក្រុមគ្រូពេទ្យចុះមកពិនិត្យ ព្យាបាលជម្ងឺដោយឥតគិតថ្លៃ ក្រោមការឯកភាព ពីឯកឧត្តម អ៊ុត សំអន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់ ពីសុខភាពរបស់ប្រជាពលដ្ឋ ដែលមានជីវភាពខ្វះខាត ក្នុងការរកថវិកាព្យាបាលជម្ងឺ។
ឯកឧត្តម សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា នេះគឺជាសម្បុរធម៌ កាកបាទក្រហមខេត្តបិញភឿក ដើម្បីផ្សារភ្ជាប់ចំណងសាមគ្គី និងធ្វើការទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធិរវាងកងទ័ពខេត្តបិញភឿក និងកងយោធពលខេមរភូមិន្ទ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងវិស័យយោធា ដើម្បីបង្កើតសមត្ថភាពនិងចែករំលែកនូវបទពិសោធន៍នានា មិនតែប៉ុណ្ណោះ ការទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងនេះ បានបំផុសនូវវិស័យមនុស្សធម៌ ដើម្បីស្មើរសុំឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តមាន ការចូលរួមចំណែក ផ្នែក សេវាកម្ម រក្សាព្យាបាល សុខភាព ដោយពិនិត្យនិងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយគិតថ្លៃ ដើម្បីជាការ ជូនពរនូវក្នុងឳកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលកំពុងតែរំកិលខិតមកនាពេលខាងមុខនេះ ។
ប្រជាពលរដ្ឋរស់នៅក្នុងឃុំបន្ទាយស្ទោង ចំនួន១៥ភូមិ ស្មើរនឹង១៥០នាក់ បានមកប្រើប្រាស់សេវាកម្មពិនិត្យ និងព្យាបាលជម្ងឺ រួមទាំងបានទទួលអំណោយមាន ប្រេងឆា១ដប ទឹកត្រី១ដប និងសម្ភារៈជាច្រើនមុខទៀត ។
ដោយ ប៊ុន រដ្ឋា



































