ខេត្តសៀមរាប៖ ប្រភបបានទម្លាយឱ្យដឹងថា រថយន្ដប្រភេទយីឌុបភ្លៅ៥ ខ្នាតយក្សដឹកឈើចំនួនពីរគ្រឿងដែលជារបស់អតីតនាយករដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបចូលនិវត្ដន៍នោះត្រូវបានមហាជនរិះគន់មិនដាច់ពីមាត់ថា ដឹកពេញប្រៀប តទ្រុងវែងឆ្លងកាត់ខេត្តសៀមរាបយ៉ាងរលូន ដោយគ្មានរំខានដល់ភ្នែកសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តសៀមរាបសោះឡើយ។ហេតុការណ៍ដឹកឈើឆ្លងកាត់ខេត្តសៀមរាបនេះកើតឡើងនៅថ្ងៃទី០៥ខែមិនាឆ្នាំ២០១៦ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ នេះមានប្រភេទរថយន្តយីឌុបភ្លៅ៥ចំនួនពីរគ្រឿងដឹកឈើពេញព្រៀបចេញពីតំបន់ខេត្ដព្រះវិហារឆ្លងកាត់ខេត្ដសៀមរាបឆ្ពោះទៅខេត្ដបន្ទាយមានជ័យដោយរលូនតាមបណ្ដោយផ្លូវជាតិលេខ៦ដោយគ្មានមន្ដ្រីរដ្ឋបាលព្រៃឈើឬមន្ដ្រីមន្ទីរសាធារណៈការណាម្នាក់ចេញមុខមកត្រួតពិនិត្យឈើនិងរថយន្ដនោះឡើយ។
បើតាមប្រភពពីអ្នកឃ្លាំមើលបានឱ្យដឹងថា ការដឹកជញ្ជូនឈើនេះ ត្រូវបានគេដឹងថា មានមន្ដ្រីរដ្ឋបាលព្រៃឈើម្នាក់ក្នុងខេត្តឈ្មោះ ម៉ែន វុទ្ធី ហៅ ឡយ ជាអ្នករៀបចំមើលផ្លូវរថយន្ដដឹកឈើនោះ។ប្រភពព័ត៌មានបានឱ្យដឹងទៀតថា រថយន្ដមួយគ្រឿងបានដឹកនៅពេលយប់និងមួយគ្រឿងទៀតនៅពេលថ្ងៃត្រង់ក្រោមរូបភាពជារបៀបជនៀរឈើ ដើម្បីបំភ័ន្ធភ្នែកមជ្ឍដ្ឋាននានាប៉ុន្ដែរថយន្ដទាំងនោះបានបង្កប់ខាងក្នុង សុទ្ធតែឈើល្អៗ។ប្រភពបានបន្ថែមថា ឈើទាំងនោះមានម្ចាស់ឈ្មោះ វណ្ណ សុផាណ្ណា ជាអតីតមន្ដ្រីជាន់ខ្ពស់នៃរដ្ឋបាលព្រៃឈើ និងមានអ្នករត់ការឈ្មោះ យ៉េន ឆៃ និង ឈ្មោះ វិ សាល។ប្រភពបានបន្ថែមទៀតថា៖ការដឹកជញ្ជូនឈើតាមរថយន្ដខ្នាតយក្សនោះអាចមានទម្ងន់លើសពី៥០តោនក្នុងមួយរថយន្ដដែលរងការគំរាមកំហែងដល់ផ្លូវថ្នល់យ៉ាងធ្ងន់ធ្ងរ ហាក់ដូចជាសមត្ថកិច្ចពាក់ព័ន្ធជាច្រើនទៀត ជាពិសេស មន្ទីរសាធារណៈការនិងរដ្ឋបាលព្រៃឈើទទួលលាភសក្ការៈពីបទល្មើសទាំងនោះ។
ជុំវិញការចោទប្រកាន់ខាងលើនោះ លោក ម៉ែន វុទ្ធី ហៅ ឡយ មន្ដ្រីរដ្ឋបាលព្រៃឈើបានប្រាប់កោះសន្តិភាពនៅរសៀលថ្ងៃទី០៧ខែមិនាឆ្នាំ២០១៦នេះថា ការដឹកជញ្ជូនឈើតាមរថយន្តធំៗនេះ គឺជាឈើ ជនៀរ ទេ ដែលគេទុកដុតចោលតែប៉ុណ្ណោះ ព្រោះមិនមែនឈើល្អៗ នោះទេ។លោកបន្តថា ក្រោយពីលោកបានចុះទៅដល់ឃើញដូច្នេះលោកក៏បានទាក់ទងមកសមត្ថកិច្ចនិងអ្នកសារព័ត៌មានថា ឈើទាំងនោះគឺជាឈើប្រភេទ ឈើជនៀរទេមិនមែនឈើល្អៗ ទេណាមួយគាត់សុំយក មកទុក ដើម្បីកែច្នៃតែប៉ុណ្ណោះ ចំពោះគេថា លោកជាអ្នករត់ការនោះ គឺវាមិនមែន ដូចពាក្យគេនិយាយទេ។លោកបានបញ្ជាក់ឱ្យដឹងថា ឈើពីរថយន្ដប្រភេទយក្សនោះគ្មានច្បាប់អនុញ្ញាតិនោះទេ ដោយសារជាជនៀរឈើដែលលោកដង្ខៅវណ្ណសុផាណ្ណាដឹកចេញពីខេត្ដព្រះវិហារដើម្បីយកទៅខេត្ដបន្ទាយមានជ័យ។
ទាក់ទងករណីនេះ លោក ជួត ច័ន្ទតារា អនុប្រធានមន្ទីរសាធារណះការនិងដឹកជញ្ជូនខេត្តសៀមរាបបានឱ្យដឹងថា៖លោកមិនបានដឹងការដឹកជញ្ជូនឈើដោយរថយន្ដខ្នាតយក្សនោះទេព្រោះនៅរវល់ក្នុងខេត្ដ ដោយប្រាប់ឱ្យសួរឈ្មោះស៊ន់ដែលប្រចាំការនៅកន្លែងជញ្ជីងថ្លឹងរថយន្ដនោះទៅដឹងហើយ។
ចំណែកលោក ដង្ខៅ វណ្ណ សុផាណ្ណា អតីតនាយករដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបមិនអាចស្វែងរកសុំការបំភ្លឺបានទេ ដោយទូរស័ព្ទរសប់លោកនៅក្រៅតំបន់សេវា។
មជ្ឈដ្ឋាននានា បានរិះគន់ពីភាពកំសោយរបស់អាជ្ញាធរខេត្តសៀមរាបថា គ្មានការទប់ស្កាត់បទល្មើសព្រៃឈើនោះទេ ចំណែកមន្ទីរពាក់ព័ន្ធក៏មិនបានអើពើពីផលប៉ះពាល់ដែលធ្វើឱ្យខូចខាតផ្លូវ ដែលជា ទ្រព្យសម្បត្តិរបស់ជាតិនោះទេ ដោយមើលឃើញតែ ផលប្រយោជន៍រៀងៗខ្លួននោះទេ៕ដោយ ច័ន្ទ រស្មី