តាកែវ៖ កាលពីរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឡាយ វណ្ណៈ អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជា គណៈអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទអង្គសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំឆ្នាំ ២០១៥ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០១៦ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។
ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ វរសេនីយ៍ជាប្រតិភូអមដំណើរ តំណាងសាលាដំបូងខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថ លោក លោកស្រីតំណាងមន្ទីរពាក់ព័ន្ធនានាជុំវិញ ខេត្ត តំណាងអភិបាល នៃគណៈអភិបាលស្រុក-ក្រុង លោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង អនុប្រធានការិយាល័យកណ្តាល លោកនាយការិយាល័យជំនាញទាំង៣០ លោក មេបញ្ជាការវរសេនាតូចលេខ៦០៣ លោកអធិការនគរបាលគ្រប់ស្រុក-ក្រុង លោកនាយប៉ុស្តិ៍ច្រក ទ្វារទ្វេភាគី នាយប៉ុស្តិ៍ការពារព្រំដែន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់សរុបចំនួន ១៨៧ នាក់ ស្រី ០៣នាក់។
ក្នុងឱកាសនោះ ឯកឧត្តម គណៈអធិបតី បានមានមតិសំណេះសំណាល និងផ្តាំផ្ញើ ដល់ សមាជិក សមាជិកានៃអង្គសន្និបាតទាំងអស់ ត្រូវខិតខំអនុវត្តការងារជំនាញឲ្យល្អប្រសើរ ក្នុង កិច្ចការងារបង្ការ បង្ក្រាបបទល្មើសគ្រឿងញៀន បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បញ្ហាលួច ឆក់ ប្លន់ ក្មេងទំនើង ពិសេសត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនាពេលខាងមុខនេះឲ្យបានល្អប្រសើរ។
នៅចុងបញ្ចប់ ឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភស្រាបៀរចំនួន ១០០កេះ ដល់កងកម្លាំង នគរបាលខេត្ត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខ ដោយឡែក ឯកឧត្ត ឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន ក៏បាននាំយកអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ រួមមាន អង្ករ ២តោន មួកសុវត្ថិភាព ២០០មួក ពិល២០០ និងថវិកាចំនួន ៤.០០០.០០០រៀល ផ្តល់ជូនកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវផងដែរ៕