-ឧត្តរមានជ័យ៖ កាលពីវេលាម៉ោង៩និង២០នាទី ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ ក្រោមការចង្អុលបង្ហាញផ្ទាល់ ពីឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ អធិការនគរបាលស្រុកអន្លង់វែង បានដឹកនាំកម្លាំងប៉ុស្តិ៍រដ្ឋបាលអន្លង់វែង ចុះបង្ក្រាបករណីចែកចាយគ្រឿងញៀន១ករណី នៅក្នុងភូមិប្រលាន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្នុងនោះឃាត់ខ្លួនបាន អ្នកចែកចាយគ្រឿងញៀន១នាក់និងអ្នកប្រើប្រាស់ ចំនួន៣នាក់។សមត្ថកិច្ច បានឲ្យដឹងថា វត្ថុតាងឆែកឆេរដកហូតបានរួមមាន៖គ្រឿងញៀន-មេតាំហ្វេតាមីនចំនួន៩គ្រាប់និងម៉ាទឹកកក១កញ្ចប់-ម៉ូតូម៉ាកសង់សេរី២០០៤.១គ្រឿង។សមត្ថកិច្ចប៉ូលិស បានបន្តទៀតថា ករណីនេះ ដោយការសំណូមពរពីឪពុកម្តាយនិងអាជ្ញាធរឃុំ ភូមិ ចំពោះអ្នកប្រើប្រាស់ចំនួន៣នាក់ បានឲ្យធ្វើអប់រំនិងកិច្ចសន្យាឲ្យត្រឡប់ទៅវិញ ដោយឡែកអ្នកចែកចាយម្នាក់ឈ្មោះ លី វុទ្ធី ភេទប្រុស អាយុ៣៣ឆ្នាំរស់នៅភូមិកណ្តាលលើ ឃុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ព្រមទាំងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕