ស្ទឹងត្រែង៖ប្រជាពលរដ្ឋរស់នៅស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង នៅតែមានជំនឿទៅលើរូបសំណាកព្រះគោ ដែលជាមរតកបន្សល់ទុកពីដូនតា ហើយនាំគ្នាប្រារព្វពិធីបុណ្យឲ្យព្រះគោនេះ នៅមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជារៀងរាល់ឆ្នាំចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៣មេសា ដើម្បីសុំឲ្យចៀសផុតពីគ្រោះកាចចង្រៃផ្សេងៗ។
ក្នុងគម្រោងរៀបចំពិធីបុណ្យព្រះគោរយៈពេលបីថ្ងៃលោកថោងស្រាន់អភិបាលស្រុកថាឡាបរិវ៉ាត់មានប្រសាសន៍ថាៈនៅទីតាំងប្រាសាទព្រះគោ ប្រជាពលរដ្ឋមានទំលាប់តាំងពីដើមរៀងមក ហើយនាំគ្នាធ្វើបុណ្យបួងសួង សុំសេចក្តីសុខចំរើនជារៀងរាល់ឆ្នាំ មិនដែលអាក់ខានឡើយ។លោកអះអាងថា៖រូបសំណាក និងតួប្រាសាទព្រះគោនេះ ជារបស់ដូនតាសល់ពីសម័យដើម ហើយអាជ្ញាធរព្រះសង្ឃរួមនិងប្រជាពលរដ្ឋ នាំគ្នាធ្វើបុណ្យនេះឡើងគឺចង់អភិរក្សវត្ថុបុរាណ ដែលមានបារមីសក្តិសិទ្ធឲ្យនៅគង់វង្សយូរអង្វែង ហើយការរៀបចំនេះគឺជាជំនឿមួយដ៏មុតម៉ាំណាស់ ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងទាំងមូល ហើយកាតធ្វើបុណ្យនេះ គឺមានការរំលឹកដល់គុណបុព្វបុរស ដែលបានបន្សល់កេរ្ត៏ស្នាដៃសន្សល់ នៅទីទួលប្រាសាទនេះ ហើយក្នុងពីធីបុណ្រព្រះគោនេះជារៀងរាល់ឆ្នាំហ្នឹង ដើម្បីរំលឹកសល់ការតស៊ូរបស់កុលសម្ពន្ធ័ ដណ្តើមទីតាំងគ្នាពីសត្រូវ អញ្ចឹងក្នុងថ្ងៃ១០ដល់១២នេះគឺយើងមានការប្រកួតកីឡាវាយខែលនេះផងដែរ។
លោកកៅជួនអាយុ៦២ឆ្នាំជាជនជាតិគួយបានបញ្ជាក់ថា៖ទំលាប់ប្រពៃណីនេះ បានបាត់បង់នៅក្នុងសម័យប៉ុលពត ហើយក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ បងប្អូនគ្រប់ជនជាតិ បាននាំគ្នារៀបចំបង្កើតឡើងវិញ មានការធ្វើបុណ្យភ្ជាប់ជាមួយនិងរបាំវាយខែល របស់ជនជាតិដើម សំរាប់កូនចៅជំនាន់ក្រោយៗរួមគ្នារក្សាបន្តពីដូនតា ។
លោកអះអាងថា៖តាំងពីដូនតាយើងមកមានទំលាប់វាយខែល ប៉ុន្តែខ្លះគេហៅថារបាំវាយកួយ ខ្លះគេថាវាយកួយទៅតាមប្រពៃណី ដើម្បីអបអរសាទរបុណ្យចូលឆ្នាំផង ហើយការវាយគ្នានេះយើងមានអ្នកច្រៀងផង អ្នកផ្លុំស្លឹកផង ព្រោះមួយឆ្នាំ ជួបគ្នាម្តងដើប្បីបង្ហាញពីភាពក្លាហានរបស់អ្នកការពារមូលដ្ឋានក្នុងភូមិយើង។
លោកស្រីគង់ ស៊ីផាអភិបាលរងខេត្តស្ទឹងត្រែងបានចាត់ទុកការរៀបចំឲ្យមានឡើងវិញនូវប្រពៃណីនេះថាពិតជាមានតម្លៃសម្រាប់សង្គមជាតិ គឺកូនចៅជំនាន់ក្រាយភ្ញៀវទេសចរជាតិ និងអន្តរជាតិបានឃើញនិងបានស្គាល់ហើយជនជាតិខ្មែរដើមក៏ថែរក្សាបាននូវទំនៀមទំលាប់នេះឲ្យបានគង់វង្ស។
សូមបញ្ជាក់ថា៖ប្រជាពលរដ្ឋទំលាប់ធ្វើបុណ្យព្រះគោ ជារៀងរាល់ឆ្នាំនៅមុនពេលរដូវចូលឆ្នាំក្នុងខែមេសាដើម្បីសុំសេចក្តីសុខនិងពេលធ្វើការងារបង្កបង្កើនឲ្យទទួលបានភោគផលច្រើន៕