ខេត្តព្រះវិហារ៖កសិករម្នាក់រងបួសធ្ងន់កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី០៩មេសា២០១៦នេះដោយសារផ្ទុះគ្រាប់ចាស់មួយគ្រាប់កប់ក្នុងដីខណះគាត់កំពុងកាប់គាស់គុម្ពឬស្សីក្នុងភូមិដើម្បីសម្អាតដីសាងសង់ផ្ទះអកុសលកាប់ចំក្បាលគ្រាប់ក៍ផ្ទុះកក្រើកតែម្តង។
ទីតាំងកើតហេតុការណ៍ស្ថិតនៅខាងកើតសាលាអនុវិទ្យាល័យភូមិស្វាយប៉ាតឃុំរំដោះស្រុករវៀងចំណែកជនរងគ្រោះត្រូវបានកម្លាំងនគរបាលស្រុករវៀងនិងក្រុមគ្រួសារជនរងគ្រោះដឹកយកមកសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបានទាន់ពេលវេលា។
លោកសាយដេតអធិការនគរបាលស្រុករវៀងបានអោយដឹងថាជនរងគ្រោះមុខរបរកសិករបានរងរបួសធ្ងន់ពេលគាត់កំពុងកាប់ដីរបស់គាត់មួយកន្លែងនៅក្នុងភូមិក៍ប៉ះចំក្បាលគ្រាប់ហើយផ្ទុះទៅត្រូវជនរងគ្រោះតែម្តងនៅព្រឹកថ្ងៃទី០៩មេសានេះស្ថិតនៅខាងកើតសាលាអនុវិទ្យាល័យស្វាយប៉ាត។លោកអធិការបញ្ជាក់ថាគ្រាប់ដែលផ្ទុះនោះជាប្រភេទគ្រាប់បេ៤០ចាស់ដែលនៅសេសសល់កប់ក្នុងដី។
សាច់ញាតិជនរងគ្រោះបានអោយដឹងនៅរសៀលថ្ងៃដដែលនេះថាជនរងគ្រោះឈ្មោះថាស៊ីណាតភេទប្រុសអាយុ៣៩ឆ្នាំមុខរបរកសិកររស់នៅភូមិស្វាយប៉ាតឃុំរំដោះស្រុករវៀងមានប្រពន្ធឈ្មោះក្រូចថានអាយុ៣៩ឆ្នាំមុខរបរកសិករមានកូនក្នុងបន្ទុកចំនួន០៤នាក់។មុនកើតហេតុការណ៍ជនរងគ្រោះបានយកចបកាប់ទៅកាប់គាស់គុម្ពឬស្សីក្នុងដីភូមិមួយកន្លែងដើម្បីរៀបចំសង់ផ្ទះក៍ប៉ះចំក្បាលគ្រាប់បេ៤០ក៍ផ្ទុះទៅចំជនរងគ្រោះតែម្តងនៅវេលាម៉ោង១០ព្រឹកថ្ងៃទី០៩មេសានេះ។
ទីតាំងដីកើតហេតុខាងលើមានទំហ៊ំ២០ម៉ែត្របួនជ្រុងជាដីថ្មីដែលបងប្អូនបរិច្ចាគអោយសង់ផ្ទះនៅ។ជនរងគ្រោះមានស្ថានភាពរបួសត្រូវអំបែងគ្រាប់ចំស្មារសងខាងចំចង្កានិងមាត់ហើយបាក់ធ្មេញមុខខ្ទេចអស់បណ្តាលអោយហូរឈាមស្រក់ជោកខោគួរអោយសង្វេក។ជនរងគ្រោះអាចត្រូវក្រុមគ្រូពេទ្យជួយសង្គ្រោះព្យាបាលផុតពីសេចក្តីស្លាប់នៅថ្ងៃនេះ៕
មង្គល