​ការផលិត​ទឹកកក​ដើម និង​អនាម័យ​ក្នុង​ខេត្ត មានកករ​ច្រើន​គ្មាន​អនាម័យ ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ពី​សុខភាព​

0

​ស្នើសុំ​មន្ទីរ​ពាក់​ព​ន្ធ័​ជួយ​ចុះ​ត្រួតពិនិត្យ​និង​ទប់ស្កាត់​អោយបាន​មុន​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​ផង​
​ខេត្តកំពង់ឆ្នាំង​៖ ថ្មីៗ​នេះ​ប្រជាពលរដ្ឋនៅក្នុង​ក្រុង​កំពង់ឆ្នាំង និង​ស្រុក​រលាប្អៀរ​បានអោយដឹង​ថា​៖ ទឹកកក​ដើម និង​ទឹកកក​អនាម័យ​ពេល​ដាក់​ក្នុង​កែវ​រលាយ​ជា​ទឹក គឺ​ទឹក​នោះ​សុទ្ធតែ​កករ​ខ្វល់​ពេញ​កែវ​។ ករណីនេះ​ពួកគាត់​បាន​សំដែង​នូវ​ក្តី​ព្រួយបារម្ភ​ពី​សុខភាព​ខ្លាំងណាស់ ទាក់ទង​នឹង​ការផលិត​ទឹកកក​ដែល​គ្មាន​អនាម័យ​ល្អ​បែបនេះ ហើយ​សំណូមពរ​លោក​អភិបាលខេត្ត និង​មន្ទីរ​ពាក់​ព័​ន្ទ​ទាំងអស់​មេត្តាជួយ​ពិនិត្យ​ការផលិត​ទឹកកក​តាម​រោង​ច្រក​នានា​នៅក្នុង​ខេត្ត និង​ជួយ​ដោះស្រាយ​រឿងនេះ​អោយបាន​មុនពេល​ចូលឆ្នាំ​ខ្មែរ ដើម្បី​កុំអោយ​ប៉ះពាល់​សុខភាព​របស់​ប្រជាពលរដ្ឋ​។​
​ ​ប្រជាពលរដ្ឋ​បាន​អោយដឹងទៀតថា​៖ ចំពោះ​ទឹកកក​អនាម័យ​មួយចំនួន នៅពេល​ពួកគាត់​ទិញ​មក​ផឹក​មាន​សភាព​ល្អក់ ហើយ​នៅពេល​រលាយ​ក្លាយជា​ទឹក​នៅក្នុង​កែវ មានកករ​ខ្វល់ មាន​ទាំង​អំបោះ សក់ និង​កំទេច​ល្អិតៗ​ពេញ​កែវ​។ ចំណែក​ទឹកកក​ដើម​វិញ​នៅ​ស្នូល​កណ្តាល គឺមាន​ម្សៅ​ពណ៌​ស​នៅ​ចំ​កណ្តាល​ដើម​ទឹកកក ដែល​ពួកគាត់​សង្ស័យថា​ជា​ជី​អៀ​រ៉េ​សំរាប់​ដាក់​ក្នុង​ដំណាំ​ស្រូវ គឺ​គេ​យកមក​ដាក់​ដើម្បីអោយ​ទឹកកក​ឆាប់​កក​។ ចំពោះ​ទឹកកក​ដើម​នេះ​ត្រូវបាន​គេ​យកទៅ​កិន​ឬ​វាយ​អោយ​ម៉ត់​ប្រើប្រាស់​តាម​ហាង​កាហ្វេ និង​តាម​ទីតាំង​ផ្សេងៗ​ទៀត ដែល​ធ្វើអោយប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។​DSC09664
​ ​ទាក់ទង​រឿង​ខាងលើនេះ លោក ទិ​ត ណាន ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ខេត្ត បានបញ្ជាក់​អោយដឹង​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៦ នេះ​ថា​៖ នៅក្នុង​ក្រុង​កំពង់ឆ្នាំង​មាន​កន្លែង​ផលិត​ទឹកកក​ដើម និង​ទឹកកក​អនាម័យ​ចំនួន​៤​កន្លែង ហើយ​មុនពេល​បើក​ផលិត​ទឹកកក​ចេញលក់​តាម​ទីផ្សារ គឺ​ខាង​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់​បាន​ត្រួតពិនិត្យ​ទាំង​គុណភាព​ទឹក ម៉ាស៊ីន​ផលិត និង​សម្ភារៈ​ផ្សេងៗ​ទៀត ដើម្បីអោយ​ការផលិត​ទឹកកក​មាន​ស្តង់ដា​ត្រឹមត្រូវ មិន​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។ ចំពោះ​សំណូមពរ​ប្រជាពលរដ្ឋ​ខាងលើនេះ លោក​នឹង​ចុះទៅពិនិត្យ​គ្រប់​ទីតាំង​ផលិត​ទឹកកក​ទាំងអស់ ដើម្បី​អោយដឹងថា គេ​បាន​អនុវត្តតាម​គោលការណ៍​ដែរឬទេ និង​ថា​តើ​ទឹកកក​ដែល​កំពុងមាន​ប​ញ្ហ​នោះ​ចេញ​មកពី​កន្លែង​ណា​។​DSC09663 DSC09662
​ លោក ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​បានអោយដឹងថា​៖ ទាក់ទង​ព័ន្ធ​នឹង​ចំណីអាហារ ទឹកកក​អាចមាន​សារធាតុ​គីមី បើ​ការផលិត​ចេញ​មិន​ស្អាត​នោះ គឺជា​សមត្ថកិច្ច​របស់​កាំកុងត្រូល មន្ទីរ​ពាណិជ្ជកម្ម ឧ​ស្សហកម្ម និង​បរិស្ថាន​ដែល​ត្រូវ​ចុះទៅពិនិត្យ​ដល់​កន្លែង​ផលិត​។ ចំណែក​មន្ទីរ​សុខាភិបាល​វិញ គឺ​ត្រូវ​ពិនិត្យ​នៅពេល​ប្រជាពលរដ្ឋ​ពុល ឬក៏​រាគ​ក្អួត តែ​សំខាន់​នោះ​គឺ​សូមអោយ​ប្រជាពលរដ្ឋ​ទាំងអស់​យកចិត្តទុកដាក់​ការពារ​សុខភាព​របស់​ខ្លួន​នៅ​ខែ​ចូលឆ្នាំ ព្រោះ​រដូវ​នេះ​ជា​រដូវក្តៅ អាច​ប្រឈម​នឹង​ការ​រាគរូស​ចំពោះ​បញ្ហា​ទឹកកក ប្រសិនបើ​អាច​ជៀសវាង​បាន​គឺ​កុំ​ពិសារ​អី គ្រាន់តែ​ដាក់​ក្លាសេ​បាន​ហើយ​។​
​ ​លោក ពៅ ប៊ុនថន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បានអោយដឹង​ដែរ​ថា​៖ ករណីនេះ​លោក​មិនបាន​ដឹង​ឡើយ ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ លោក​នឹង​បញ្ជូន​មន្ត្រី​ជំនាញ​ចុះទៅពិនិត្យ​កន្លែង​ផលិត​ទឹកកក​ទាំង​៤​កន្លែង​នៅក្នុង​ក្រុង​កំពង់ឆ្នាំង តែ​លោក​ដឹងថា កន្លងមក​ទីតាំង​ផលិត​ទឹកកក​ទាំង​៤​កន្លែង​នេះ​គឺ​សុទ្ធតែ​ប្រើប្រាស់​ទឹកស្អាត​របស់​ក្រុមហ៊ុន​អាន​កូ ទើប​មន្ទីរ​ពាក់ព័ន្ធ​អនុញាតិ​អោយធ្វើ​អាជីវកម្ម​។ ប្រសិនបើ​រកឃើញ​ភាពមិនប្រក្រតី​ណាមួយ ធ្វើអោយប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ក្រុមការងារ​នឹង​ស្នើ​អាជ្ញាធរខេត្ត បិតទ្វារ​រោងចក្រ​ផលិត​ទឹកកក​នោះ​ជា​បណ្តោះអាសន្ន​និង​ចាត់ការ​តាមផ្លូវ​ច្បាប់​។​
​ ​ចំណែក​លោក ឈួ​រ ច័ន្ទ​ថន ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត មិនអាច​សុំ​ការបំភ្លឺ​បានទេ​ក្នុង​រឿងនេះ ព្រោះ​ទូរស័ព្ទ​របស់លោក​បាន​តេ​ចូល តែ​លោក​មិន​ទទួល​។​
​ ​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៦​នេះ ម្ចាស់​រោងចក្រ​ទឹកកក​បឹង​ធំ​បាន​អនុញាតិ​អោយ​អ្នកយកព័ត៌មាន​យើង​ចូល​ថតរូប​ភាព ដោយ​គាត់​បានបញ្ជាក់​អោយដឹងថា​៖ សព្វថ្ងៃនេះ​ទឹកកក​អនាម័យ​ដែល​យកមក​លក់​ក្នុង​ខេត្តកំពង់ឆ្នាំង គឺ​គេ​បាន​ដឹក​ចូល​មកពី​គ្រប់​ទីកន្លែង​ទាំង​ក្នុង​ខេត្ត​និង​ក្រៅ​ខេត្ត​ដោយ​គ្មាន​ការ​ត្តួ​ត​ពិនិត្យ​ឬ​ទប់ស្កាត់​ឡើយ​។ ដោយឡែក​ការផលិត​ទឹក​ក​
​ក​អនាម័យ​កន្លែង​លោក គឺ​បាន​ប្រើប្រាស់​ទឹកស្អាត​ក្រុមហ៊ុន​អាន​កូ ដោយ​នៅក្នុង​១​ខែៗ​គាត់​បាន​ចំណាយ​ទិញ​ទឹកស្អាត​អស់ប្រាក់​ជាង​៦​លាន​រៀល​។​ចំពោះ​ការ​ល្បី​ថា​ទឹកកក​ដើម​ដាក់​ជី​អៀ​រ៉េ​នោះ​គឺ​មិនមាន​ទេ​នៅ​កន្លែង​លោក ព្រោះថា​ពពុះ​សៗ​នៅ​កណ្តាល​ដើម​ទឹកកក គឺ​មកពី​អ្នក​ផលិត​មិនបាន​ប្រើ​ខ្យល់​ផ្លុំ​ពពុះ​ចេញ​តែប៉ុណ្ណោះ​។​
​ ​ករណីនេះ​ទោះបីជា​មានការ​បកស្រាយ​ពី​អ្នក​ពាក់​ព​ន្ធ័​យ៉ាងណាក្តី ប្រជាពលរដ្ឋ​នៅតែ​ទទូច​ស្នើសុំ​ដល់​លោក​អភិបាលខេត្ត និង​មន្ទីរ​ពាក់​ព​ន្ធ័ មេត្តា​ចុះ​ត្រួតពិនិត្យ​តាម​រោងចក្រ​ផលិត​អោយបាន​ត្រឹមត្រូវ ព្រោះ​ថាបើ​ទឹកកក​គ្មាន​អនាម័យ​គឺ​ពិតជា​ប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់​ដល់​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់​នៅ​រដូវក្តៅ​នេះ​៕