សៀមរាប៖ ថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តឥន្ទបត្តបុរីអង្គរខាងត្បូង នៅព្រឹកថ្ងៃ១៥ ខែមេសា ឆ្នាំ ២០១៦ នេះ បានចូលរួមកម្មវិធីសាសនានៅក្នុងវត្តនេះ ដែលស្ថិតនៅខាងត្បូងប្រាសាទអង្គរតូច។ នៅក្នុងពិធីនោះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងអ្នកចូលរួមបាននាំយកម្ហូបអាហារទៅប្រគេនព្រះសង្ឃនៅឯវត្ត ក្នុងវេលាមុនថ្ងៃត្រង់ និងស្តាប់ព្រះសង្ឃសូត្រធម៌ និង បក្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យជូនចំពោះមាតាបិតា ជីដូនជីតា បុព្វការីជន ដែលបានចែកឋានទៅអស់កាល ដ៏យូរ និងបួងសួងសុំឲ្យទសបារមីទេវតាឆ្នាំថ្មីតាមថែរក្សាកូនចៅឲ្យមានសេចក្តីសុខចម្រើន។
គួរបញ្ជាក់ថា ពិធីនេះជាពិធីសាសនាដែលតែងតែត្រូវបានធ្វើឡើងនៅក្នុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដើម្បីជាការរំលឹកដល់ឧបការគុណរបស់វីរយុទ្ធជន បុព្វបុរស បុព្វការីជន ទាំងអស់ ដែលបានបាត់បង់ជីវិតនៅគ្រប់សម័យកាលទាំងអស់ផង និងដើម្បីបន្តថែរក្សានូវគ្រប់កេរដំនែលវប្បធម៌ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផង។ ពិធីនោះរួមមាន ពិធីថ្វាយគ្រឿងសក្ការៈនៅព្រះវិហារ ពិធីបំបួស និងពូនភ្នំខ្សាច់ ពិធីថ្វាយគ្រឿងសក្ការៈនៅលើឧបដ្ឋានសាលា ការធ្វើបទនមសការព្រះរតនៈត្រ័យ និងសមាទានសីល ពិធីរាប់បាត ពិធីវេភត្តាហារ និងបង្សុកូលប្រគេនព្រះសង្ឃ ពិធីជូនទ័យវត្ថុដល់ចាស់ព្រឹទ្ធាចារ្យ ពិធីវាលុកចេតិយ ( ពូនភ្នំខ្សាច់ ) និងពិធីពិសាអាហាររួមនៅលើសាលាឆាន់៕ វេហាស៍