សៀមរាប៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៦ប្រព្រឹត្តទៅនិងបានបញ្ចប់ដោយជោគជ័យរយៈ៤ថ្ងៃចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ខែមេសាឆ្នាំ២០១៦ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលប្រារព្ឋធ្វើនៅខេត្តសៀមរាបលើកទី៤ រៀបចំឡើងដោយសហភាពសហពន្ឋ័យុវជនកម្ពុជាសហការ ជាមួយអាជ្ញាធរខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់បានញ៉ាំងឱ្យពិធីបានដំណើរការណ៍ទៅដោយរលូននិងទទួលបានជោគជ័យ ក្រោមការចូលរួមសាទរនិងគាំទ្រពីបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស។ព្រឹត្តិការណ៍អង្គរសង្ក្រាន្តធ្វើឡើងដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដោយបានចូលរួមថែរក្សាអំពីកេរដំណែលអរិយធម៌និងស្នាដៃនានារបស់បុព្វបុរសខ្មែរដែលបានបន្សល់ទុកដូចជា៖ល្បែងប្រជាប្រិយ របាំប្រពៃណី ជីវភាពរស់នៅរបស់ប្រជាជនខ្មែរព្រមទាំងរំលេចនូវសិល្បៈទស្សនីយភាពផ្សេងៗដោយមានការចូលរួមស្ម័គ្រចិត្តសម្តែងពីយុវជន យុវនារីសិល្បៈករ សិល្បៈការិនី ជាច្រើនផងដែរ។ក្នុងការប្រតិបត្តិរបស់សហភាពសហពន្ឋ័យុវជនកម្ពុជាដែលបានផ្សព្វផ្សាយចែកជូនជាសាធារណៈអង្គរសង្ក្រាន្តគឺជាកម្មវិធីរបស់ប្រជាជនកម្ពុជាក៍ដូចជាភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិដើម្បីចូលរួមសប្បាយរីករាយជាលក្ខណៈមហាគ្រួសារ ជួបជុំញាតិមិត្តពីគ្រប់ទិសទីស្ថិតក្នុងបរិយាកាសកក់ក្តៅ ជាពិសេសបង្កើតនូវអនុស្សាវរីយ៍មិនអាចបំភ្លេចបានក្នុងន័យពង្រឹងវិសាលភាពវិស័យទេសចរណ៍ទាំងក្នុងតំបន់និងក្នុងឆាកអន្តរជាតិ។ព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានចក្ខុវិស័យជាច្រើនដូចជា៖ជួបជុំយុវជននិងមហាជនចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរបំផុសគំនិតរួបរួមកម្លាំងសាមគ្គីជាមហាគ្រួសារខ្មែរតែមួយក្នុងមោទនភាពជាតិខ្មែរជាធ្លុងមួយនិងបណ្តុះស្មារតីអភិរក្សអភិវឌ្ឍន៍វប្បធម៌ បាវចនាជាតិ ព្រលឹងនិងអត្តសញ្ញាពជាតិខ្មែរក្នុងបរិបទនៃសមាហរណកម្មសហគមន៍ប្រជាជាតិអាស៊ីអាក្នេយ៍តាមរយៈ រួមគិត រួមធ្វើ រួមទទួលខុសត្រូវ។ ជាការផ្តល់ឱកាសឱ្យពាណិជ្ជករ សហគ្រិន អាជីវករចូលរួមតាំងបង្ហាញផលិតផលពាណិជ្ជកម្ម សេវាកម្មនានា ដែលបង្ហាញពីអត្តសញ្ញាណជាតិខ្មែរ និងជម្រុញបន្ថែមកំណើនវិស័យទេសចរណ៍ដែលជាវិស័យអទិភាពមួយដ៍សំខាន់នៃសេដ្ឋកិច្ចប្រទេសកម្ពុជា។ នូវមហាកិត្តិយសនិងការគាំទ្រលើកទឹកចិត្តដ៍ខ្លាំងក្លាដល់ការអភិវឌ្ឍវប្បធម៌ពិសេសការអភិវឌ្ឍនិងការអភិរក្សវប្បធម៌រូបីនិងអរូបីដែលជាឆ្អឹងខ្នងនៃការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជានិងបង្ហាញនូវភក្តីភាពជាមួយនឹងការគោរពស្រឡាញ់ជឿជាក់ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃនិងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនយករដ្ឋមន្ត្រីនិងការគោរពស្រឡាញ់ចំពោះសម្តេចគតិព្រឹទ្ឋបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន។ឆ្នាំនេះប្រជាពលរដ្ឋទូទាំងប្រទេសបានគាំទ្រយ៉ាងពេញទំហឹងចំពោះព្រឹត្តិការណ៍អង្គរសង្ក្រាន្តដោយប្រជាពលរដ្ឋបានធ្វើដំណើរពីគ្រប់ទិសទីពីមកចូលរួមក្នុងមហាព្រឹត្តិការណ៍នេះ។ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការវាយតម្លៃជាបឋមថា៖អង្គរសង្ក្រាន្តឆ្នាំនេះមានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកចូលរួមទស្សនានៅខេត្តសៀមរាបប្រមាណជាង១លានបីសែននាក់ក្នុងកំណើនប្រមាណជា២៥ទៅ៣០%បើធៀបទៅនឹងឆ្នាំមុន។ដោយឡែកពីនេះបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសបានធ្វើដំណើរកំសាន្តនៅតាមតំបន់គោលដៅទេសចរណ៍ផ្សេងៗប្រកបដោយស្មារតីយល់ដឹងខ្ពស់ក្នុងការបើកបររក្សាបាននូវសុខសុវត្ថិភាព និងថែរក្សាបរិស្ថានអនាម័យបានយ៉ាងល្អ។ដោយ ស៊ាន ផាត