មណ្ឌលគិរី៖ នៅរសៀលថ្ងៃទី១៧ខែមេសាឆ្នាំ២០១៦នេះនៅក្នុងភូមិពូជ្រៃឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី មានហេតុការណ៍មួយបានកើតឡើង បណ្តាលឲ្យកុមារីចំនួន០៣នាក់រងរបួសធ្ងន់ធ្ងរដោយសារខ្យល់កន្ត្រាក់ បានបក់មកបោកបណ្តាលឲ្យដួលរលំផ្ទះចំនួន០១ខ្នង ដែលកុមារីរងគ្រោះខាងលើកំពុងចាំនៅក្នុងផ្ទះ ពេលដែលឪពុកម្តាយបានចេញទៅស៊ីឈ្នួលគេ។កុមារីរងដែលរងគ្រោះក្នុងចំណោមទាំង០៣នាក់មានម្នាក់បាក់ជើងស្តាំ ចំណែក០២នាក់រងរបួសត្រង់ក្បាល ក្រោយមកកុមារីដែលរងគ្រោះត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកក្រុងសែនមនោ រម្យ។
ក្រោយពីទទួលបានដំណឹងថាមានកុមារីរងគ្រោះដោយខ្យល់កន្ត្រាក់មកសម្រាក់ព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកក្រុងសែនមនោរម្យ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី និងលោក ឡុង វិបុល នាយកសាខា ព្រមទាំងសមាជិក សមាជិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បាននាំយកនូវអំណោយ និងថវិកាមនុស្សធម៌មួយចំនួនមកប្រគល់ជូនដល់ជនរងគ្រោះសម្រាប់ដោះស្រាយនៅក្នុងបន្ទុកពេលដែលកំពុងសម្រាក់ព្យាបាល។
បន្ទាប់មកឯកឧត្តមបានមានប្រសាសន៍ចូលរួមនូវការស្តោកស្តាយចំពោះក្រុមគ្រួសារជនរងគ្រោះដែលបានជួបហេតុការណ៍នេះ ហើយឯកឧត្តមក៏បានផ្តាំផ្ញើរដល់ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ធ្វើយ៉ាងណាត្រូវពិនិត្យ និងព្យាបាលដល់ជនរងគ្រោះឲ្យបានទាន់ពេលវេលា៕ ដោយប៊ូស្រា